ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហេតុ​អ្វី​ចិន​ឱប​កម្ពុជា ហើយ​អា​មេ​រិ​ក​ឱប​វៀត​ណាម?

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​និ​ពន្ធ​ ៖ ប្រេ វី​ន អា​មេ​រិ​កបាន​ងាក​មក​ឱប​វៀតណាម​ ដែល​ជា​ប្រទេស​កុ​ម្មុ​យ​និ​ស្តនៅ​ពេល​ដែល​មហា​យក្ស​ចិន ដែល​ជា​ប្រទេស​​កុ​ម្មុ​យ​និ​ស្ត ​បានងាក​មក​ចាប់ដៃជាមួយប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេសប្រជាធិបតេយ្យ​ ចាប់តាំង…

អ្នក​និ​ពន្ធ​ ៖ ប្រេ វី​ន

អា​មេ​រិ​កបាន​ងាក​មក​ឱប​វៀតណាម​ ដែល​ជា​ប្រទេស​កុ​ម្មុ​យ​និ​ស្តនៅ​ពេល​ដែល​មហា​យក្ស​ចិន ដែល​ជា​ប្រទេស​​កុ​ម្មុ​យ​និ​ស្ត ​បានងាក​មក​ចាប់ដៃជាមួយប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេសប្រជាធិបតេយ្យ​ ចាប់តាំង ពី​ការ​បោះ​ឆ្នោតកាលពី​ឆ្នាំ​១៩៩៣​ ដែល​ត្រូវ​រៀបចំ​ដោយ​អ៊ុ​ន​តាក់ ​ឬ​អាជ្ញាធរ​បណ្តោះអាសន្ន​ សហប្រជា ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ។

តើ​ហេតុ​អ្វី​បានជា​មហាអំណាច​ប្រជាធិបតេយ្យ​ចាប់ដៃ​ ជាមួយ​ប្រទេស​ក​ម្មុ​យ​និ​ស្ត​ ហើយ​មហា​យក្ស​កុ​ម្មុ​យ​និ​ស្ត​ ចាប់ដៃ​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ដូច​ជា​កម្ពុជា?

ការ​ចាប់ដៃ​ខុស​ពី​ធម្មតា​ទាំងនោះ​ គឺ​បញ្ជាក់​អំពី​ការ​ពិត​ដ៏​ប្រាកដ​មួយ​ដែល​ថា​ ប្រទេស​នីមួយ​ៗ​តែងតែ​គិតដល់​ផលប្រយោជន៍​របស់​ខ្លួន ​ហើយ​គេ​មិន​ខ្វល់​ឡើយ​អំពី​ល​ទ្ធិ​នយោបាយ​ ។

អា​មេ​រិ​កបាន​ចាប់​យក​ប្រទេស​វៀតណាម​ ដែល​ធ្លាប់​ជាស​ត្រូវ​ដ៏​ជូរ​ចត់​ជា​យូរណាស់​មក​ហើយ​នោះ​ មក​ធ្វើ​ជា​មិត្ត​វិញ បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អូ​បា​ម៉ា​ បាន​បង្វែរ​ការ​យកចិត្ត​ទុកដាក់​របស់ខ្លួន​មក​កាន់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដោយសារ​តែ​ឥទ្ធិ​​ពល​របស់​ចិន​​កាន់តែ​រីក​ខ្លាំង​ឡើង​ក្នុង​តំបន់​ ។

អូ​បា​ម៉ា​ បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ចំណងមិត្តភាព​កាន់តែ​ប្រសើរ​រវាង​អាម​រិ​ក ​និង​វៀតណាម​ ។ ជំនួប​កំពូល​​រវាង​លោក​ប្រធានាធិបតី​ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោកគី​ម ជុង​អ៊ុ​ន នៅចុង ខែកុម្ភ​:​នេះ ​អាច​ជា​​ឧទាហរណ៍​ដ៏​សំខាន់​មួយទៀត ​ដែល​ថា​អា​មេ​រិ​​ក​កាន់តែ​អោយ​តម្លៃ​ប្រទេស​វៀតណាម​ ក្នុង​នាម​ជា​មិត្ត​ដោយ​​ជីក​កប់​ប្រវត្តិសាស្ត្រ​សង្គ្រាម​វៀតណាម ​ដែល​បាន​សម្លាប់​ទាហាន​អា​មេ​រិ​ក​ជា​ច្រើន​នាក់ ​។

អា​មេ​រិ​ក​ចាប់​យក​ប្រទេស​វៀតណាម​ជា​មិត្ត​ ក៏​ព្រោះតែ​អា​មេ​រិ​ក​ចង់​​ទប់ទល់​ជាមួយនឹង​ឥ​ទ្ឋិ​ពល​របស់​ប្រទេស​ចិន ​ដែល​កំពុង​តែ​រីក​ធំ​ឡើង​ ។ ដោយ​មាន​ព្រំដែន​ជាប់​ប្រទេស​ចិន វៀតណាម​មានភូមិសាស្ត្រ​នយោបាយ​ជា​យុ​ទ្ខ​សាស្ត្រ​មួយ​ សម្រាប់​អា​មេ​រិ​ក​ក្នុង​ការ​ទប់ទល់​ជាមួយ​ចិន​ ។ ម្យ៉ាងទៀត​នោះ អា​មេ​រិ​ក​និង​វៀតណាម​​មាន​សត្រូវ​នយោបាយ​រួម​គ្នា ដូច្នេះ​ពួក​គេក៏​ក្លាយជា​មិត្តនឹង​គ្នា​។

សម្រាប់​ប្រទេស​វៀតណាម​វិញ គេ​តែងតែ​មានការ​ប្រុង​ប្រយ័ត្ន​ប្រឆាំង​នឹង​ចិន បើ​ទោះបីជាប្រទេសទាំង​ពីរ​ជា​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​ដូច​គ្នា​ក្តី​ ។ វៀតណាម​កាន់តែ​ស្រៀវ​ឆ្អឹងខ្នង នៅ​ពេលដែល​ចិន​កាន់តែ​ពង្រីក​ឥ​ទ្ធិ​ពល​របស់​ខ្លូ​ួ​ន​​នៅ​ក្នុង​រឿង​ជម្លោះ​សមុទ្រ​ចិន​​ខាងត្បូង​ ។ ខណ​:ដែល​មាន​ប្រទេស​ជា​ច្រើន​​ ដូច​ជា​វៀតណាម ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី និង​ប្រ៊ុ​យ​ណេ ពាក់​ព័​ន្ធនឹងសមុទ្រ​ចិន​ខាងត្បូង​នោះ ប្រទេស​វៀតណាម ត្រូវបាន​គេ មើល​ឃើញ​ថា​ ជា​ប្រទេសដែល​ហ៊ាន​ជាងគេ​​នៅ​ក្នុង​ការ​ប្រឈម​មុខជា​មួយ​ប្រទេស​ចិន ​។

ប៉ុន្តែ​វៀតណាម​ មិន​អាច​ប្រៀបផ្ទឹម​បានជា​មួយ​ប្រទេស​ចិន​ទាំង​លើ​ផ្នែក​សេដ្ឋកិច្ច​និង​យោធា​ ។ ការ​ចាប់ដៃ​ជាមួយអា​មេ​រិ​ក​​អាច​ធ្វើ​អោយ​ប្រទេសវៀតណាម​មាន​ខ្នង​ដ៏​រឹង​មាំ​មួយ ដែល​នឹង​ធ្វើអោយ​ចិន​ញញើត​មិន​ហ៊ាន​​ធ្វើ​អ្វី​ផ្តេសផ្តាស​ប្រឆាំង​នឹង​វៀតណាម​។

នៅ​ពេល​ដែល​អា​មេ​រិ​ក​និង​វៀតណាម​ មាន​សត្រូវ​រួម​គ្នា​គឺ​ប្រទេស​ចិន ដូច្នេះប្រទេស​ទាំង​ពីរ​ក៏បានបិទ​ភ្នែក​អំពី​លទ្ធិ​​នៃ​ប្រទេស​ទាំង​ពីរដោយ​មិន​ខ្វល់​ថា ​ប្រទេស​ណា​ជា​ប្រទេសប្រជាធិបតេយ្យ​ ឬ​ក៏​ប្រទេស​ណា​ជា​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​ឡើយ​ ។ និយាយ​រួម ទំនាក់ទំនង​ល្អ​រវាងប្រទេសទាំង​ពីរ​នៅពេល​នេះ​ គឺជា​ការ​រៀប​ការ​មួយ​ ដើម្បី​សេចក្តីសុខ​ ឬ​ផលប្រយោជន៍រៀង​ៗ​ខ្លួន​ ។

ងាក​មក​មើល​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​វិញ​ ។ ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​ឆ្ងល់​ថា​ ហេតុ​អី្វបានជា​ចិន​ជួយ​កម្ពុជា​ច្រើន​ម្លេះ? តើ​ចិន​សម្លឹង​ឃើញ​ផលប្រយោជន៍​អ្វី​ពី​ក​ម្ពុ​ជា?

ទំនាក់ទំនង​រវាង​ចិន ​និង​កម្ពុជា​ចាប់ផ្តើម​រីក​លូតលាស់​ខ្លាំង​បំផុត​នៅ​ក្នុង​ឆ្នាំ​២០១២ នៅ​ពេលដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ។

នៅ​ក្នុង​ឆ្នាំ​នោះ​ ហេតុការណ៍​សំខាន់​ពីរ​​បាន​ក្លាយជា​ស៊ីម៉ង់​ត៍ ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជាឱ្យ​​រឹង​មាំ​រហូត​មក​ដល់​សព្វថ្ងៃ​ ។

នៅ​ខែមិថុនា​ឆ្នាំ​២០១១ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន ជា​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ​ រយ​:​ពេល​៤៥​ឆ្នាំ​របស់​ខ្លួន ​ដោយសារ​តែ​ការ​ប្រើប្រាស់​ពាក្យពេចន៍​ទាក់ទង​នឹង​ជម្លោះ​​សមុទ្រ​ចិន​ខាងត្បូង​ ។ កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នោះ ត្រូវ​រង​ការ​រិះគន់​ ចំពោះ​ការ​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​នោះ ​។

ខណ​:​ដែល​វៀតណាម​ និង​ហ្វី​លី​ពី​ន​ទាមទារ​ការ​ចេញសេចក្តីថ្លែងការណ៍ ដែល​ប្រើ​ពាក្យពេចន៍ ខ្លាំង​ប្រឆាំង​ចិនកម្ពុជា ​ចង់​ចេញ​សេចក្តីថ្លែងការណ៍​មួយ​​ដែល​មាន​ភាព​ទន់ភ្លន់​ជាង​ ។

ចាប់តាំងពី​ពេល​នោះ​មក ចិន​បាន​មើលឃើញ​ភាព​ស្មោះត្រង់​របស់​កម្ពុជា​ ​ក្នុងទំនាក់ទំនងជាមួយ​ចិន​ហើយ​ចិន​ ក៏​បាន​ជួយ​កម្ពុជា​គ្រប់យ៉ាង​ ដើម្បី​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ។

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ​បាន​ធ្វើ​ឱ្យ​​ចិន​កាន់តែ​មើលឃើញ​តម្លៃ​របស់​កម្ពុជា​ នៅ​ក្នុង​នយោបាយ​ការ​បរ​ទេស​របស់​ខ្លួន ​។

បន្ទាប់​មក​ទៀត អតីត​ព្រះមហាក្សត្រ​ គឺ​សម្តេចព្រះ​បរម​កោដ្ឋ នរោត្តម សីហ​នុ​ បានសោយ​ទីវ​ង្គ​ត់ នៅ​ទី​ក្រុងប៉េ​កាំ​ង ​ប្រទេស​ចិន ​កាលពី​ថ្ងៃ​ទី​១៥ ​តុលា​ ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​សម្រាកព្យាបាល​ព្រះ​រោគ​ជា​ច្រើន​ខែ​នៅ​ទីនោះ​។ មហា​យក្ស​ចិន​បានរៀបចំពិធី​ដង្ហែព្រះ​សពរបស់​សម្តេចឪ ​ក្នុង​លក្ខណ​:​ពិ​េ​សស​បំផុត​ ហើយ​ព្រះ​សព​ត្រូវ​បាន​នាំ​មក​កាន់ប្រទេស​កម្ពុជា តាម​ជើង​យន្តហោះ​​ពិ​េ​សសរ​បស់​ចិន ​។

ពេល​នោះ​ចិន ​បាន​ផ្តល់ឱ្យ​កម្ពុជា​នូវ​ភាព​កក់ក្តៅ​បំផុត ​ក្នុង​នាម​ជា​មិត្ត​និង​ជា​បងប្អូន​ រហូត​ដល់​ធ្វើ​អោយ​កម្ពុជា​ទន់​ចិត្ត​ ហើយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​ចិន​កាន់តែ​ខ្លាំង ​។

សម្រាប់​កម្ពុជា​វិញ ការ​ប្រែប្រួល​ស្ថានភាព​នយោបាយ​ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ក៏​កាន់តែ​ធ្វើ​អោយ​​មេដឹកនាំ​នយោបាយ​កម្ពុជា​ មើលឃើញ​សារសំខាន់​កាន់តែ​ខ្លាំង​ នៅ​ក្នុង​ទំនាក់ទំនង​ការ​ទួត​ជាមួយ​ប្រទេស​ចិន​ ។

មេដឹកនាំ​នយោបាយ​កម្ពុជា ​សម្លឹង​ឃើញ​ថាប​ស្ចឹ​ម​ប្រទេស​ ពិ​េ​សស​អា​មេ​រិ​ក ​កាន់តែ​គាបសង្កត់​ខ្លាំង​ចំពោះ​កម្ពុជា​ ហើយ​រាល់​ការ​ផ្តល់​ជំនួយ​សុ​ទ្ធ​​តែ​មានការ​ភ្ជាប់​លក្ខ​ខ​ណ្ឌ​ប្រជាធិបតេយ្យ​ ដែល​មានការ​ពិបាក​ខ្លាំង​សម្រាប់​កម្ពុជា​ នៅ​ក្នុង​ការ​ទទួល​ជំនួយ​នោះ​ ។

នៅ​ពេល​ដែល​មេដឹកនាំ​​នយោបាយ​កម្ពុជា​ កាន់តែ​ធុញ​នឹង​ការ​លូកដៃ​នយោបាយ​ពី​បរទេស កម្ពុជា​មើល​ឃើញ​​​ចិន ​ជា​ខ្នងបង្អែក​សេដ្ឋកិច្ច​មួយ​ដែល​រឹង​មាំ​។

ចិន​បាន​បង្ហាញ​ដៃ​ទូ​​លាយ​ជាង ​និង​មិន​ភ្ជាប់​លក្ខ​ខណ្ឌ​ សម្រាប់​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​។ ឥឡូវ​ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​ សម្រាប់​កម្ពុជា​ និង​ជា​ប្រទេស​ដែល​មានការ​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា​ ដោយ​ធ្វើ​ឱ្យ​សរសៃឈាម​សេដ្ឋកិច្ច​របស់​កម្ពុជា​ មិន​អាច​អត់​ចិន​បាន​ឡើយ​ ។

ប៉ុន្តែ​ការ​ពឹងផ្អែក​ចិន​ខ្លាំង​ពេក ​ធ្វើឱ្យ​​មានការ​ព្រួយបារម្ភ​ថា​ កម្ពុជា​នឹង​កាន់តែ​ងាយ​រង​ឥ​ទ្ធិពល​ពី​ចិន ​ហើយ​វា​ជា​ហានិភ័យ​មួយ​ សម្រាប់​អនាគត​យូរអង្វែង​របស់​កម្ពុជា ​។

ជា​សរុប​មក ទំនាក់ទំនង​រវាង​អា​មេ​រិ​កជាមួយ​វៀតណាម និងទំនាក់​ទំនាក់ទំនង​រវាងកម្ពុជាជាមួយ​ចិន ឆ្លុះ​បញ្ចាំងឱ្យ​​ឃើញ​យ៉ាង​ច្បាស់​​ថា គ្រប់​ប្រទេស​តែងតែ​គិតដល់​ផលប្រយោជន៍ផ្ទាល់ខ្លួន​ ជា​ជាងការ​គិតដល់ ល​ទ្ធិនយោបាយ​ ៕

អត្ថបទសរសេរ ដោយ