ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​រំពឹង​តម្លៃ​ពោត​នឹង​ប្រសើរ​ឡើង​ថែម​ទៀត

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ កសិករ​ជាង​៥០​គ្រួសារ ដែល​ដាំពោត​នៅ​ភូមិ​ជី​រោទ៍​ក្រោម​ទី​១ ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​លើក​ថា ឆ្នាំ​នេះ​ពោត​មាន​តម្លៃ​ល្អ​គួរសម ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​៨២០​រៀល…

ខេត្ត​ត្បូងឃ្មុំ ៖ កសិករ​ជាង​៥០​គ្រួសារ ដែល​ដាំពោត​នៅ​ភូមិ​ជី​រោទ៍​ក្រោម​ទី​១ ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ បាន​លើក​ថា ឆ្នាំ​នេះ​ពោត​មាន​តម្លៃ​ល្អ​គួរសម ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​៨២០​រៀល ចំពោះ​ទិន្នផល​ដែល​ប្រមូល​ផល និង​ស​ម្ងួ​ត​ដោយ​ខ្លួនឯង និង​តម្លៃ​៧២០​រៀល​ក្នុង​១​គីឡូក្រាម សម្រាប់​ឈ្មួញ​ចុះ​មក​ប្រមូល​ផល​ដល់​ចម្ការ ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង​ថា តម្លៃ​ពោត​នឹង​ប្រសើរ​ឡើង​ថែម​ទៀត​នៅ​ពេល​ខាង​មុខ ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កសិករ​ដាំពោត កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ កន្លង​មក លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​យកពន្ធ​លើ​ការ​នាំ​ចូល​ពោត​ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​នាំ​ចូល រួច​បង្វែរ​ទិស​ដៅ​របស់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ឲ្យ​ងាក​មក​ប្រមូល​ទិញ​ផលិតផល​ពោត​ក្នុងស្រុក​វិញ ដើម្បី​លើកកម្ពស់​ផលិតកម្ម​ក្នុងស្រុក​ដែល​នេះ​ជា​គោ​នយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល ។ ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« តម្លៃ​ពោត​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ថែម​ទៀត »​។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​លើ​វិស័យ​ផលិតកម្ម​ពោត ដោយសារ​បច្ចេកទេស​ក្នុង​ការ​ភ្ជួរ​ដី ដាំ ដាក់​ជី បាញ់ថ្នាំ ការ​ប្រមូល​ផល និង​ប្រលេះ​គ្រាប់ មាន​លក្ខណៈ​កាន់តែ​ទំនើប ដែល​កត្តា​អស់ទាំង​នេះ​បាន​ចូលរួម​ចំណែក​កាត់​បន្ថយ​ថ្លៃដើម ពេលវេលា និង​ពលកម្ម​យ៉ាងច្រើន​ដល់​អ្នក​ផលិត ។លោក​រដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម និង​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម សហការ​ជាមួយ​មន្ទីរ​ចុះ​ទៅ​បណ្តុះបណ្តាល​បច្ចេកទេស និង​អត្ថប្រយោជន៍​នៃ​ការ​ធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ជា​ប្រយោជន៍​ដល់​កសិករ​ក្នុង​ការ​ចរចា​ថ្លៃ ហើយ​គួរ​ធ្វើ​កិច្ចសន្យា​ផ្ទាល់​ជាមួយ​ម្ចាស់​ឡ​ស​ម្ងួ​ត ឬ​ក្រុមហ៊ុន​កែ​ច្នៃ​ផ្ទាល់​តែ​ម្តង ។

លោក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​ក្រុមហ៊ុន​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ចូលរួម​ក្នុង​វេទិកា​កសិកម្ម ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ នៅ​ទីស្តីការក្រសួង ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​រួម​គ្នា​ស្វែងរក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ ។

អ្នកស្រី សែន ស្រី​ណា ម្ចាស់​ឡ​ស​ម្ងួ​ត​ពោត​នៅ​ឃុំ​ទន្លេ​បិត ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ដែរ​ថា អ្នកស្រី​បាន​ប្រមូល​ទិញ​ពោត​ពី​ប្រជា​កសិករ​ក្នុងស្រុក​កំពង់សៀម ស្រុក​ចំការលើ និង​ស្រុក​ត្បូងឃ្មុំ តម្លៃ​៧២០​រៀល​ក្នុង​១​គីឡូក្រាម យក​មក​ស​ម្ងួ​ត រួច​លក់​ឲ្យ​ក្រុ​ុ​ម​ហ៊ុន​ស៊ី​ភី កម្ពុជា ក្រុមហ៊ុន​គ្រី​ន​ហ្វី​ត និង​បេ​តា​ក្រូ ក្នុង​តម្លៃ​១.០៦០​រៀល​ក្នុង​១​គីឡូក្រាម បូក​ទាំង​ថ្លៃ​ដឹក​ជញ្ជូន ។ អ្នកស្រី​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​នេះ មាន​បញ្ហា​មួយ​ចំនួន​ដែល​យើង​ស្នើ​សុំ​លោក​រដ្ឋមន្ត្រី​មេត្តា​ដោះស្រាយ​ដូច​ជា ពិនិត្យ​លើ​តម្លៃ​ភ្លើង​, ជួយ​កាត់​បន្ថយ​បរិមាណ​ពោត​នាំ​ចូល ពិសេស​នៅ​ពេល​រដូវ​ប្រមូល​ផល និង​ជួយ​រក​ពូជ​ពោត​ណា​ដែល​ឆាប់​បាន​ផល​ដល់​កសិករ »​។

ពោត​ជា​ដំណាំ​យុទ្ធសាស្ត្រ​រយៈ​ខ្លី ដែល​ត្រូវ​បាន​ប្រជា​កសិករ​ដាំ​ដុះ​២​ដង​ក្នុង​១​ឆ្នាំ និង​ទទួល​បាន​ទិន្នផល​ពី​៨,៥​ទៅ​៩​តោន​ក្នុង​១​ហិ​កតា ។ ចំណែក​គ្រាប់ពូជ​វិញ បច្ចុប្បន្ន​កសិករ​លែង​ចង​ព្យូ​រ​គ្រាប់ពូជ​ទុក​ក្រោមផ្ទះ ឬ​ក្នុង​ចង្ក្រាន​បាយ​ដូច​មុន​ទៀត​ហើយ គឺ​ដល់​រដូវ​ដាំ​ដុះ ទើប​ទិញ​ពូជ​មក​ដាំ​តែ​ម្តង ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​២៤.០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ