ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្ដីព្រាងច្បាប់​ថ្មី​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ច្បាប់​ស្តី​ពី​វិនិយោគ​បច្ចុប្បន្ន​មាន​លក្ខណៈ​បើក​ទូលាយ​ជាង​ច្បាប់​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​និង​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ថ្មី ស្ដី​ពី វិនិយោគ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត​។ នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​តំណាង​វិស័យ​ឯកជន…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ច្បាប់​ស្តី​ពី​វិនិយោគ​បច្ចុប្បន្ន​មាន​លក្ខណៈ​បើក​ទូលាយ​ជាង​ច្បាប់​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​និង​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ថ្មី ស្ដី​ពី វិនិយោគ​ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត​។

នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​តំណាង​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​ស្រាវជ្រាវ និង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់ កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ម្សិលមិញ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​គូសបញ្ជាក់​ថា រដ្ឋាភិបាល​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ ក្នុង​នោះ​ច្បាប់​វិនិយោគ​មួយ​ដែល​មាន​ភាព​ទាក់ទាញ គ្រប់​ជ្រុងជ្រោយ និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់ គឺជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ភាព​ចាំបាច់​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ក្របខ័ណ្ឌ​គតិ​យុ​ត្ត និង​រៀបចំ​ច្បាប់​ថ្មី ស្តី​ពី ការ​វិនិយោគ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​បរិការណ៍​តំបន់ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា ។

ក្នុង​ន័យ​នេះ លោក​បន្ត​ថា ៖« ការ​ចូលរួម​របស់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​ស្រាវជ្រាវ និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ គឺ​ពិតជា​មាន​សារសំខាន់​ក្នុង​ការ​ពិភាក្សា ផ្តល់​ធាតុ​ចូល និង​មតិយោបល់​សម្រាប់​ការ​រៀបចំ​តាក់តែង​ច្បាប់​ថ្មី​នេះ »​។

លោក សុខ ចិន្តា​សោភា បញ្ជាក់​ទៀត​ថា កន្លង​មក ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ធ្វើការ​សិក្សា និង​ទទួល​បាន​នូវ​ធាតុ​ចូល​មួយ​ចំនួន​ហើយពី​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA), របាយការណ៍​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​ស្តី​ពី​វិនិយោគ​នៅ​កម្ពុជា របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (OECD) និង​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) អំពី​បទ​ពិសោធន៍ និង​ឧត្ត​មា​នុ​វត្ត​នៃ​ការ​រៀបចំ​ច្បាប់​វិនិយោគ​របស់​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់ ។
តំណាង​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​ស្រាវជ្រាវ​និង​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់ បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​រៀបចំ​សេចក្តីព្រាងច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​នេះ និង​បាន​ផ្តល់​ធាតុ​ចូល​ជាបឋម​មួយ​ចំនួន ព្រមទាំង​បាន​សន្យា​ផ្ញើ​មតិយោបល់ និង​ធា​តូច​ល​បន្ថែម​ទៀត​មក CDC ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ។

លោក សុខ ចិន្តា​សោភា រំពឹង​ថា ជាមួយនឹង​ការ​បន្ត​ចូលរួម​សហការ​យ៉ាង​ស្វិតស្វាញ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ ច្បាប់​ថ្មី​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​លេច​ជា​រូបរាង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​នឹង​ទទួល​បាន​នូវ​ការ​សាទរ​ពី​អ្នក​វិនិយោគ​ក្នុងស្រុក និង​បរទេស ។ ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើងជា​លើក​ដំបូង ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ ដែល​បាន​អនុម័ត និង​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ឆ្នាំ​១៩៩៤ មក ហើយ​បន្ទាប់​មក ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នៅ​ឆ្នាំ​២០០៣ ឲ្យ​ស្រប​ទៅ​តា​មកា​រវិ​វត្ត​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ