ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលអស់​មួយ​ភូមិ​! វាយ​បង​បាក់ដៃ រួច​បង្ខាំង​ទាំង​ម្ដាយ​ថែម​ទៀត (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង បុរស​ម្នាក់​បាន​ជេរ​ប្រមាថ​គំរាម​សម្លាប់​ម្ដាយបង្កើត ព្រមទាំង​យក​ដំបង​ជាប់​ដែកគោល​វាយ​ទៅ​លើ​បងប្រុស​បង្កើត​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួស​បាក់ដៃ ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​ចាក់សោ​បង្ខាំង​ម្ដាយ និង​បងប្រុស​នៅ​ក្នុងផ្ទះ មិន​ឲ្យ​បងប្អូន…

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង បុរស​ម្នាក់​បាន​ជេរ​ប្រមាថ​គំរាម​សម្លាប់​ម្ដាយបង្កើត ព្រមទាំង​យក​ដំបង​ជាប់​ដែកគោល​វាយ​ទៅ​លើ​បងប្រុស​បង្កើត​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួស​បាក់ដៃ ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​ចាក់សោ​បង្ខាំង​ម្ដាយ និង​បងប្រុស​នៅ​ក្នុងផ្ទះ មិន​ឲ្យ​បងប្អូន ព្រមទាំង​អ្នក​ភូមិ និង​នគរបាល​ប៉ុស្តិ៍​ចូល​ជួយ​ជន​រង​គ្រោះ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ឡើយ​។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ជា​ជន​ដៃដល់​ត្រូវជា​ប្អូនបង្កើត​ឈ្មោះ​ឈិ​ត ជិន​សីហា ហៅ​យ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ប្រពន្ធ និង​កូន​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ចំណែក​ជន​រង​គ្រោះ​ត្រូវជា​បងប្រុស​បង្កើត​ឈ្មោះ​ឈិ​ត ជិន​វិច្ឆិកា ហៅ​ជី​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​មេធាវី​ម្នាក់ មាន​ប្រពន្ធ​និង​កូន​២​នាក់ ក្នុង​បន្ទុកគ្រួសារ ។ អ្នក​ទាំង​២​នាក់​​រស់នៅ​ផ្ទះ​ក្បែរ​គ្នា​នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ប៉ុន្តែ​ជន​រង​គ្រោះជា​បង​រស់នៅ​ជាមួយ​ម្ដាយ ។ រីឯ​ស្ត្រី​ជា​ម្តាយ​មិន​ស្គាល់ឈ្មោះ ជា​អតីត​គ្រូបង្រៀន​ចូល​និវត្តន៍​ម្នាក់ និង​កំពុង​មាន​ជំងឺ​ផង ។

តាម​ប្រភព​ពី​ស្ត្រី​ជា​ម្ដាយ​បាន​និយាយ​ថា គាត់​មានការ​ហួសចិត្ត​ជាមួយ​កូនប្រុស​ម្នាក់​នេះ​(​ជន​ដៃដល់​) ខ្លាំង​ណាស់ ដែល​មាន​ច​រិ​ក​កោងកាច​បែប​នេះ ។ កន្លង​មក​ឲ្យ​តែ​ត្រឡប់​មក​ពី​ផឹកស៊ី​នៅ​ខាងក្រៅ​ស្រវឹង​ធ្លាក់​ភ្នែក​ចូល​មក​ដល់​ផ្ទះ​ពេល​ណា​តែងតែ​រករឿង​ជេរ​គំរាម​សម្លាប់​ប្រពន្ធ​កូន និង​បងប្អូន​ជា​បន្តបន្ទាប់​។ ជា​ពិសេស​បាន​ជេរ​ប្រមាថ និង​គំរាម​សម្លាប់​គាត់​ជា​ម្ដាយ​ថែម​ទៀត​ផង ដែល​គាត់​មិន​បានដឹង​ថា កូនប្រុស​ម្នាក់​នេះ​ខឹង​រឿង​អ្វី​ឡើយ ទើប​ចេះ​តែ​រករឿង​មិន​ឈប់​បែប​នេះ និង​ប៉ុនប៉ង​វាយ​កម្ទេច​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ចោល​ទៀត​។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ថា ដោយឡែក​នា​ពេល​ចុង​ក្រោយ​នេះ មុន​នឹង​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​បងប្រុស​បង្កើត​រហូត​មាន​របួស​ស្នាម​បែប​នេះ​នេះ គឺ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៨ ខែកុម្ភៈ កូនប្រុស​ម្នាក់​នេះ​បាន​ស្រវឹងស្រា​ហើយ​បាន​រករឿង​ជេរ​ប្រមាថ​គំរាម​សម្លាប់​គាត់ និង​ជន​រង​គ្រោះជា​បងប្រុស ហើយ​បាន​ជេរ​បញ្ចោរ​ស្រែក​ឡូឡា​អត់​ដេក​អត់​ពួន​ស្ទើរ​ពេញ​១​យប់ រហូត​ដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ទើប​ឈប់ ហើយ​ចូល​ដេក ប៉ុន្តែ​មិន​ទាន់​ភ្លឺ​ផង​ក៏​បាន​ក្រោ​រករឿង​បន្ត​ទៀត​។

ស្ត្រី​ជា​ម្ដាយ​បាន​បន្ត​ទៀត​ថា លុះដល់​វេលា​កើតហេតុ ពេល​គាត់​កំពុង​ដេក​នៅ​ក្នុងផ្ទះ ហើយ​កូនប្រុស​ជា​ជន​រង​គ្រោះ​កំពុង​អង្គុយ​ដាក់​ចំណី​ឲ្យ​មាន់ ស្រាប់តែ​ជន​ដៃដល់​កាន់ដំបង​ឈើ ដែល​មាន​ជាប់​ដែកគោល​ធ្វើ​សកម្មភាព​វាយ​មក​លើ​ជន​រង​គ្រោះជា​បង បណ្ដាល​ឲ្យ​រង​របួស​បែប​នេះ​តែ​ម្ដង ។ ពេល​នោះ​ជន​រង​គ្រោះ​បានរ​ត់ទៅ​ឲ្យ​គាត់​ជួយ ហើយ​គាត់​បាន​បិទទ្វារ​ផ្ទះ​ទើប​រួចខ្លួន​ផុត​ពី​សេចក្ដីស្លាប់ បន្ទាប់​មក​ជន​ដៃដល់​បាន​ចាក់សោ​ពី​ក្រៅ​បង្ខាំង​គាត់ និង​កូនប្រុស​ជា​ជន​រង​គ្រោះ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឡើយ​។

មិនតែប៉ុណ្ណោះ​បាន​បិទទ្វារ​របង​ផ្ទះ​មិន​ឲ្យ​កូន​ៗ​របស់​គាត់​ផ្សេង​ទៀត​ចូល​ទៅ​ជួយ​គាត់ និង​ជន​រង​គ្រោះ​នោះ​ទេ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​យ៉ាង​ខ្លាំង ។ ពេល​នេះ​គាត់​សុំ​ឲ្យ​ចាត់ការ​កូនប្រុស​ម្នាក់​នេះ​តាម​ច្បាប់​ទៅ​ចុះ កុំ​លើកលែង​អី ព្រោះ​បើ​លែង​មក​វិញ​គាត់​ប្រាកដជា​គ្រោះថ្នាក់​ដល់​ជីវិត​ជា​មិន​ខាន​ឡើយ​។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​បាន​និយាយ​ថា ក្រោយ​ពេល​ហេតុការណ៍​បែប​នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បានឃើញ​ជនសង្ស័យ​កាន់ដំបង​ឈើ​មាន​ជាប់​ដែកគោល​នៅ​ក្នុង​ដៃ និង​ស្រែក​គំរាម​មិន​ឲ្យ​នរណា​ចូល​ទៅ​ឡើយ ហើយ​បាន​ចាក់សោរ​ទ្វាររបង​ជាប់ ព្រមទាំង​គំរាម​មិន​ឲ្យ​នរណា​ចូល​ទៅ​ជិត​ទីនោះ​ឡើយ បើ​ហ៊ាន​ចូលខ្លួន​និង​វាយបំបាក់​ជើង​ចោល​តែ​ម្ដង ។ ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ធ្វើការ​សម្របសម្រួល​សុំ​ឲ្យ​បើកទ្វារ ដើម្បី​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យ៉ាងណា ក៏​ជន​ដៃដល់​មិន​ព្រម​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ឃើញ​សភាពការណ៍​បែប​នេះ ទើប​កម្លាំង​សមត្ថកិច្ច​រាយការណ៍​ជូន​ទៅ​លោក​អធិការ​ដើម្បី​សុំ​កម្លាំង​បន្ថែម ហើយ​រហូត​មានការ​បញ្ជូន​កម្លាំង​នគរបាល​ខណ្ឌ​១​រថយន្ត​ប្រដាប់​ដោយ​ខែល និង​ដំបង​ទៅ​ដល់ ទើប​ជន​ដៃដល់​ព្រម​បើកទ្វារ ហើយ​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។

បន្ទាប់​មក ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ចាត់ការ​តាម​ច្បាប់​។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​ខ្សឹប​ប្រាប់​ថា សង្ស័យ​ជន​ដៃដល់​ខឹង​ម្ដាយ​របស់​ខ្លួន​លក់​ដី​កន្លង​មក​អត់​ចែក​រូបគេ ហើយ​បាន​យក​លុយ​ទៅ​ទិញ​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង ទើប​ធ្វើ​ឲ្យ​ជន​ដៃដល់​មួរ​ម៉ៅ​ក្ដៅក្រហាយ និង​បាន​រករឿង​ជេរ​ប្រមាថ​ទាំង​ម្ដាយ និង​បងប្អូន​មិន​ឈប់ រហូត​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា បែប​នេះ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ