ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​ហ៊ាន​…​លែងលះ​មិន​ទាន់​ដាច់​ផង មក​លួច​រៀប​ការ​ប្រពន្ធ​ថ្មី​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​យោធាម្នាក់បាន​លែងលះ​គ្នាជាមួយ​ប្រពន្ធមុនមិន​ទាន់​បានដាច់​ស្រេច​​ផង ក៏​ទៅ​លួច​រៀប​ការជាមួយ​ប្រពន្ធ​ថ្មី​រហូត​ដល់​មាន​ផ្ទៃពោះ ហើយត្រូវ​​ស្ត្រី​ជា​ប្រពន្ធមុននាំ​កូនប្រុស-ស្រី​២​នាក់តាម​​រក​ដល់ផ្ទះ ហើយក៏​​មាន​ទំនាស់​គ្នាបែកផ្សែង​តែម្តង ។ ហេតុការណ៍​នេះ​ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​១៦​ កុម្ភៈ​…

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​យោធាម្នាក់បាន​លែងលះ​គ្នាជាមួយ​ប្រពន្ធមុនមិន​ទាន់​បានដាច់​ស្រេច​​ផង ក៏​ទៅ​លួច​រៀប​ការជាមួយ​ប្រពន្ធ​ថ្មី​រហូត​ដល់​មាន​ផ្ទៃពោះ ហើយត្រូវ​​ស្ត្រី​ជា​ប្រពន្ធមុននាំ​កូនប្រុស-ស្រី​២​នាក់តាម​​រក​ដល់ផ្ទះ ហើយក៏​​មាន​ទំនាស់​គ្នាបែកផ្សែង​តែម្តង ។ ហេតុការណ៍​នេះ​ បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​១៦​ កុម្ភៈ​ នៅ​ក្នុងភូមិខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បុរសដែលទៅ​លួច​រៀប​ការប្រពន្ធ​ថ្មីនោះ​ ត្រូវ​បាន​​ស្គាល់ឈ្មោះស៊ីវ ឥន្ទ​រ៉ា អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា នៅ​អង្គភាព​កង​ដឹក​ជញ្ជូន៩៩ មាន​លំនៅនិងស្នាក់​នៅ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​ភូមិក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ​ ។ ​ចំណែក​ប្រពន្ធ​ក្រោយនោះ ​ឈ្មោះ​ឃ្លោក វាសនា អាយុប្រមាណ​៣៧​ឆ្នាំ ។​រី​ឯស្ត្រីប្រពន្ធ​មុនដែល​នាំ​កូនដើរ​រក​ប្តី​ដែល​លែងលះ​​មិន​ទាន់ដាច់​​ឈ្មោះ សុង បញ្ញា ​អាយុ៣៤​ឆ្នាំ ជាពល​​ការិ​នី​នៅ​ប្រទេសជប៉ុន មាន​លំនៅ​ក្បែរ​ផ្សារ​ក្រោម ក្រុង​សៀមរាប​។

បើតាម​តាម​ស្ត្រី​ឈ្មោះសុង បញ្ហា បាន​ឱ្យដឹង​ថា នាង​ត្រូវ​ប្តី​នេះទៅលួច​​រៀប​ការ​ជាមួយ​ប្រពន្ធ​ថ្មី ចោល​កូន​២​នាក់ ខណៈ​​ដែល​នាងទៅ​ធ្វើការ​​នៅ​​​ប្រទេស​ជប៉ុន​ ។ ​នាង​​ថា នាង​និង​ឈ្មោះ​ស៊ីវ ឥន្ទ​រ៉ា បាន​រៀប​ការ ជាមួយ​គ្នាជា​ប្តី​ប្រពន្ធ នៅ​ថ្ងៃ​ទី​១៩​ ធ្នូ ​ឆ្នាំ២០១០ ​និង​បាន​នាំ​គ្នាទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ត្រឹមត្រូវ និងមាន​កូន​២​នាក់ កូនស្រី​បង​អាយុ​៨​ឆ្នាំ និង​កូនប្រុស​អាយុ​៦​ឆ្នាំ ។​

នាងបន្ត នៅ​ចុងឆ្នាំ២០១៥ នាង​​​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុនបាន​ប្រមាណ​១​ឆ្នាំ ស្រាប់តែ​ប្តីដែល​នៅ​ស្រុក​ខ្មែរ​ទូរស័ព្ទ​ទៅរករឿងសុំ​លែងលះ​គ្នា ហើយសុំ​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី តែ​នាង​មិន​ព្រម​ដោយ​ប្រាប់​ថា ចាំ​ផ្តិត​មេដៃ​លែង​គ្នា​​​សិន ទើបអាច​​រៀប​ការ​បាន​ ហើយត្រូវ​បាន​លោក​ប្តី​គំរាមនិង​បោះពាក្យ​ថា​ «វា​ការ​ធ្វើ​អី​វា»​ព្រមទាំង​ធ្វើ​លិខិតបញ្ជាក់​មួយទៅ​ឱ្យ​​ម្តាយ​របស់​នាង​ផ្តិត​មេដៃ​ឯកភាព​ព្រមព្រៀង​ផ្តាច់ចំណង​អាពាហ៍​ពិពាហ៍ប្តី​ប្រពន្ធ​ ដោយ​ស្ម័គ្រចិត្ត​រៀង​ៗ​ខ្លួន មូលហេតុដោយ​មិន​អាច​រស់នៅ​ជាមួយ​គ្នា និងមិន​ចុះសំរុង ស្គាល់​តែ​ភាព​រកាំរកូស​ មាន​បញ្ហា​លំបាក ស្មុគ​ស្មាញ​គ្រប់យ៉ាង ដោយនាង​ពុំ​បានដឹង​អ្វី​ទាំងអស់ ​ព្រោះ​កំពុង​ធ្វើការ​នៅ​ជប៉ុន ​។

នាង​សុង បញ្ហា បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាន​លិខិត​នោះ​ ដែល​ម្តាយ​ផ្តិត​មេដៃមិន​ទាន់​មានការ​ឯកភាព​ពី​នាង និង​មាន​សាលក្រមពី​តុលាការ​ផង ឈ្មោះ​ស៊ីវ ឥន្ទ​រ៉ា ​បាន​ទៅ​ធ្វើលិខិតពី​ចៅសង្កាត់​ក្រគរ ដោយ​មាន​ការ​ឃុបឃិត​គ្នាចេញ​លិខិតបញ្ជាក់​ថា ឈ្មោះ​ស៊ីវ ឥន្ទ​រ៉ា ជា​បុរស​ពោះម៉ាយ ទៅ​វិញ​ តើ​លោក​ចៅសង្កាត់​មាន​យល់​ពី​ច្បាប់​អត់? ​ហើយ​មាន​អ្វី​ជា​សំអាង ដែលហ៊ាន​ចេញពី​លិខិតបញ្ជាក់​ថា ពោះម៉ាយ ។​ ដោយសារ​តែ​បាន​លិខិត​នោះ ទើប​ប្តី​​នាងបាន​ទៅ​សុំ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ឈ្មោះ​ឃ្លោក វាសនា ដែល​កូនលោក​គ្រូ​អនុ​វិទ្យាល័យ«សេរីភាព» ​ក្រុង​តា​ខ្មៅ​ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៨ ខណៈ​ពេល​ដែល​នាង​នៅ​ប្រទេស​ជប៉ុន​ ព្រមទាំង​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​បាន​ទៀត ។

តាម​ស្ត្រី​ជា​ប្រពន្ធ​មុន​អោយ​ដឹង​ទៀត​ថា នៅ​ខែ​វិ​ច្ឆិកា ឆ្នាំ២០១៨ នៅ​ពេល​ដែល​នាង​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​វិញ ​បាន​ដឹង​រឿង​ដែល​ប្តី​បាន​ទៅ​លួច​រៀប​ការប្រពន្ធ​ថ្មី តែ​ហួសពេល​ទៅ​ហើយ នាង​​បាន​ទាក់​ទង់ ឱ្យ​ប្តី​ចូលខ្លួនមក​ផ្តិត​មេដៃ​លែងលះ​គ្នា​ តែ​ប្តី​គេច​រហូត និង​មិន​ទទួលស្គាល​់ចិញ្ចឹម​កូន២​នាក់ ហើយនាង​ក៏បាន​ស្វែងរក​លោក​ប្តី និង​តាម​ទៅ​រក​ផ្ទះ​ប្រពន្ធ​ក្រោយ​ទៀត ។

តាម​ព័ត៌មាន​ឱ្យ​​ដឹង​ថា នៅ​ព្រឹក​តាម​រក​ប្តី​ឃើញនោះ ពួក​គេឈ្លោះ​ប្រកែក​គ្នាជា​ខ្លាំងនៅផ្ទះ​ប្រពន្ធ​ក្រោយ ហើយ​ក៏​បាន​នាំ​គ្នាទៅ​សាលាសង្កាត់​កំពង់​សំណាញ់ ដើម្បី​ចង់​ដឹង​ថា ហេតុ​អ្វី​បានជា​លោក​ចៅសង្កាត់​ចេញ​ប័ណ្ណប្រកាស​ឱ្យ​​ប្តី​អាច​រៀប​ការ​និង​ផ្តិត​មេដៃ​លែងលះ​គ្នាបាន​ ។

​​លោកចៅសង្កាត់កំពង់​សំណាញ់បានឱ្យដឹង​វិញ​ថា មូលហេតុ​ដែល​លោកចេញ​ប័ណ្ណប្រកាសឱ្យ​ឈ្មោះ​ស៊ីវ ឥន្ទ​រ៉ា និង​ឈ្មោះឃ្លោក វាសនា រៀប​ការ​នេះ គឺ​ដោយ​សំអាងលើ​លិខិតបញ្ជាក់​ពីចៅសង្កាត់​ក្រគរថាឈ្មោះ​ស៊ីវ ឥន្ទ​រ៉ា ជា​ពោះម៉ាយ ។ ​លោក​ចៅសង្កាត់​​បញ្ជាក់​ថា​ ​នេះ​ជា​កំហុសលោកចៅសង្កាត់ក្រគរ ដែល​ខាង​ប្រុស មិន​មាន​សាលក្រម​ក៏​​ហ៊ានបញ្ជាក់​ថា ឈ្មោះ​ស៊ីវ ឥន្ទ​រ៉ា ជា​បុរស​ពោះម៉ាយ ។​

បន្ទាប់​ពី​មានការ​សម្របសម្រួលគ្នា និង​មានការ​ណែនាំពី​ចៅសង្កាត់ ​ពួក​គេ​ទាំង​២​នាក់ ក៏​បាន​ឯកភាព​លែង​លះ​ និង​បាន​នាំ​គ្នាទៅ​សាលាឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ​ដើម្បី​ផ្តិត​មេដៃលែងលះ តែ​ពុំ​ត្រូវ​លោក​មេឃុំ​ធ្វើ​ឱ្យ​ដោយ​ណែនាំឱ្យ​​ពួក​គេ​ប្តឹងប្តល់​​នៅ​​តុលាការ ​ដើម្បីផ្តាច់សង្វាស ។

អត្ថបទសរសេរ ដោយ