ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថៃ​បន្ត​រករឿង​ចម្ការ​ដំឡូង​កសិករ​ខ្មែរ ថៃ​ទាមទារ​ឱ្យ​ដក​ចេញ​ក្នុង​ជម្រៅ​150​ម៉ែត្រ​ពី​ព្រំដែន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​វិល​មក​ទីតាំង​កសិករ​ខ្មែរ​ដាំដំឡូង​មី​នៅ​បន្ទាត់​ព្រំដែន ក្នុងភូមិ​ល្បើកស្វាយ ឃុំ​និង​ស្រុក​ស្វាយចេក​ជា​ថ្មី​ទៀត ដើម្បី​ជួប​ជាមួយ​សមត្ថកិច្ច​ចម្រុះ​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​ពិបាក​យល់​គឺ​ភាគី​ថៃ​ទាមទារ​តាម​ទំនើងចិត្ត​ដែល​ថ្ងៃមុន​យក​ត្រាក់ទ័រ មក​រករឿង​ចង់​ឈូស​ឆាយ​ដំឡូង​មី​កសិករ​ខ្មែរ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កុម្ភៈ សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​វិល​មក​ទីតាំង​កសិករ​ខ្មែរ​ដាំដំឡូង​មី​នៅ​បន្ទាត់​ព្រំដែន ក្នុងភូមិ​ល្បើកស្វាយ ឃុំ​និង​ស្រុក​ស្វាយចេក​ជា​ថ្មី​ទៀត ដើម្បី​ជួប​ជាមួយ​សមត្ថកិច្ច​ចម្រុះ​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​ពិបាក​យល់​គឺ​ភាគី​ថៃ​ទាមទារ​តាម​ទំនើងចិត្ត​ដែល​ថ្ងៃមុន​យក​ត្រាក់ទ័រ មក​រករឿង​ចង់​ឈូស​ឆាយ​ដំឡូង​មី​កសិករ​ខ្មែរ បន្ទាប់​មក​បាន​សុំ​ឲ្យ​ដក​ត្រឹម​ជម្រៅ​៥០​ម៉ែត្រ​គុណ​នឹង​៥៥០​ម៉ែត្រ តែ​លើក​នេះ​សុំ​ឲ្យ​ដក​ជម្រៅ​១៥០​ម៉ែត្រ​គុណ​នឹង​៥៥០​ម៉ែត្រ ។

សមត្ថកិច្ច​ចម្រុះ​ទាំង​២​ភាគី​ដែល​ខាង​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​ភូមិភាគ​៥ ទទួល​ទិស​ទី​១​តំបន់​បន្ទាយ​មាន​ជ័យ លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​កម្លាំងយោធា​ការពារ​ព្រំដែន​៥០៣ ព្រមទាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ អភិបាលស្រុក​ស្វាយចេក និង​លោកស្រី​មេឃុំ​ស្វាយចេក ។

ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ​មេបញ្ជាការ​ទាហាន​ឈុត​ខ្មៅ​វរៈ​សេនា​ធំ​លេខ​១២ និង​មេកង​រយ​ព្រមទាំង​កងកម្លាំង​មួយ​ចំនួន​ទៀត ។ យ៉ាងណា​ក៏​ដោយ ក្នុង​ជំនួប​នោះ​ម្ចាស់​ចម្ការ​និង​អ្នក​យក​ព័ត៌មាន​គេ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដល់​ចំណុច​ចម្ការ​ដែល​មាន​ភាព​ចម្រូងចម្រាស​គ្នា​នោះ​ទេ ដោយ​មាន​យោធា​ម្នាក់​ឈរ​ចាំ​ចំណុច​របង​ផ្លូវ​ចូល​ទៅ​ទីនោះ​ហើយ​ប្រាប់​ថា សុំ​ទុក​ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើការ​សិន ។ មួយសន្ទុះ​ក្រោយមក​ភាគី​ទាំង​២ បាន​វិល​ត្រឡប់​មក​កម្ពុជា ហើយ​មាន​ជំនួប​ប្រជុំ​រក​ដំណោះស្រាយ​មួយ​នៅ​ប៉ុស្តិ៍​ថ្នល់បំបែក​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដែល​នៅ​ជិត​នោះ ។

ជួប​តាម​ទូរស័ព្ទ​លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​ប្រជុំ នេះ បាន​ប្រាប់ «​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​ថា ជា​ដំណោះស្រាយ​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន ព្រោះ​ភាគី​យើង​បាន​ស្នើ​សុំ​ថា បើ​មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវ​រួម​គ្នា​ដោះស្រាយ និង​ណាត់ជួប​គ្នា​ដើម្បី​បញ្ចៀស​បញ្ហា​កុំ​ឲ្យ​កើត​មានការ​ប្រឈម​មុខ​ដាក់​គ្នា ។

លោក​ឧត្តមសេនីយ៍​បន្ត​ថា ការ​ជួប​គ្នា​នេះ​ភាគី​ថៃ​បាន​ទាមទារ​ឲ្យ​ម្ចាស់​ចំការ​២​គ្រួសារ ដក​ដំឡូង​មី​ដែល​ដាំ​នោះ​ជម្រៅ​ពី​ផ្លូវ​ក្រួស​ក្រហម​១៥០​ម៉ែត្រ​គុណ​នឹង​៥៥០​ម៉ែត្រ ។ ចំណែក​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ភាគី​ទាំង​២​ឯកភាព​គ្នា​សុំ​ឲ្យ​ម្ចាស់​ចម្ការ​ដក​ដំឡូង​ចេញ​ត្រឹមតែ​ជម្រៅ​៥០​ម៉ែត្រ​គុណ​នឹង​៥៥០​ម៉ែត្រ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ករណី​នេះ​លោក​ឧត្តមសេនីយ៍ត្រី នេ​ត សំអាត ប្រាប់​ថា ស្ថានការណ៍​នឹង​ប្រសើរ​ជាង​មុន ព្រោះ​ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ ទុក​ឱកាស​ឲ្យ​ដំឡូង​មី​របស់​កសិករ​ខ្មែរ ធំធាត់​សិន ពោល​គឺ​មិន​អាច​ដក​ទាំង​មើម​នៅ​តូច​នោះ​បាន​ទេ ។ លោក​ថា ភាគី​ថៃ​គេ​ឆ្លើយ​តប​ថា គេ​និង​យក​សំណើ​របស់​ភាគី​កម្ពុជា​ទៅ​ឆ្លង មេបញ្ជាការ​យោធា​បូព៌​៌ា​សិន ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ សមត្ថកិច្ច​ចម្រុះ​ថៃ បាន​ចូល​មក​កម្ពុជា​នាំ​យក​ត្រាក់ទ័រ​១​គ្រឿង ចូល​មក​ក្បាលដី​ចម្ការ​ដំឡូង​មី​របស់​កសិករ​ខ្មែរ នៅ​ចំណុច​ខាងលើ​ដោយ​តម្រូវ​ឲ្យ​ដក​ដំឡូង​មី​ទាំង​នៅ​មើម​តូច​ៗ ដែល​ទើប​ដាំ​បាន​រយៈពេល​៤​ខែ​នោះ តែ​ត្រូវ​ម្ចាស់​ចម្ការ​សុំ​៣​ខែ​ទៀត​ឲ្យ​ដំឡូង​ធំ​សិន តែ​ភាគី​ថៃ​មិន​ព្រម ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ