U22 កម្ពុជា​រកបាន​3​ពិន្ទុ​ក្រោយ​យកឈ្នះ U22 ម៉ា​ឡេ​ស៊ី ​1-0​


រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា រកបាន​៣​ពិន្ទុ​នៅ​ថ្ងៃ​បើក​ឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​អាស៊ាន AFF U22 Championship 2019 ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ U22 ម៉ា​ឡេ​ស៊ីក្នុង​លទ្ធផល​បច្ចេកទេស ១-០​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ពហុ​កី​ឡដ្ឋា​ន​ជាតិ​អូ​ឡាំ​ពិ​ក នា​រាត្រី​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ០-០ ក្នុង​តង់​ទី​១ មុន​ពេល​ម៉ា​ឡេ​ស៊ី​បាន​បាត់បង់​សមាជិក​១​រូប​នៅ​នាទី​ទី​៥៩ ពី​ការ​ពិន័យ​កាត​ក្រហម និង​៣​នាទី​បន្ទាប់ កម្ពុជា​បាន​នាំមុខ ១​គ្រាប់​ពី​ការ​ស៊ុត​បាល់​ពិន័យ Free kick របស់​កីឡាករ ស៊ើ​ត រ៉​ស៊ី​ប រហូត​ដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង​៩០​នាទី​។
៣​ពិន្ទុ​ដំបូង​នេះ​ដែរ បាន​ជួយ​ឲ្យ U22 កម្ពុជា​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូ​ល B បណ្តោះអាសន្ន​ផង​ដែរ ខណៈ U22 មី​យ៉ា​ន់​ម៉ា និង U22 ឥណ្ឌូ​នេ​ស៊ី មាន​១​ពិន្ទុ​ដូច​គ្នា ក្រោយ​ប្រកួត​ស្មើគ្នា ១-១ នា​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ​នោះ​ដែរ​។

១​ប្រកួត​បន្ទាប់ U22 កម្ពុជា ត្រូវ​ប៉ះ U22 មី​យ៉ា​ន់​ម៉ា នា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ពេល​ក្រុម​បាត​តារាង U22 ម៉ា​ឡេ​ស៊ី ជួប U22 ឥណ្ឌូ​នេ​ស៊ី នា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​តែ​មួយ​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​បាល់ទាត់ AFF U22 Championship 2019 ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​​ម្ចាស់ផ្ទះ​លើក​នេះ​មាន​៨​ក្រុម​ចូលរួម​និង ចែក​ចេញ​ជា​២​ពូ​ល​ក្នុង​នោះ​ពូ​ល​A​មាន​ថៃ ហ្វ៊ី​លី​ពី​ន វៀតណាម និង​ទី​ម័​រ​ខាងកើត និង​ពូ​ល​B​មាន​កម្ពុជា ឥណ្ឌូ​ណេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ម៉ា​ឡេ​ស៊ី ៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ