ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ភា និង​សុខ សា​វិ​ន នៅ​តែ​បន្ត​បាត់បង់​3​ពិន្ទុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លី ភា មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង និង​សុខ សា​វិ​ន មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ នៅ​តែ​បន្ត​បាត់បង់​៣​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាករ​ថៃ​ជា​លើក​ទី​២​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​រសៀល​ថ្ងៃអាទិត្យ…

រាជធានី​ភ្នំពេញ ៖ លី ភា មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង និង​សុខ សា​វិ​ន មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ នៅ​តែ​បន្ត​បាត់បង់​៣​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​ចាញ់​កីឡាករ​ថៃ​ជា​លើក​ទី​២​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១៧ កុម្ភៈ កន្លង​មកនេះ​។

ការ​ប្រកួត​លើក​នេះ លី ភា ចាញ់​ពិន្ទុ​កីឡាករ​ថៃ​Phit Thakyayuth ចំណែកឯ​សុខ សា​វិ​ន ត្រូវ​​កីឡាករ​ថៃ​Toun Pe វាយ​ឱ្យ​បោះបង់ ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៣ ។ កីឡាករ​កម្ពុជា ទាំង​២​រូប​នេះ​នៅ​សល់​២​ប្រកួត​ម្នាក់​ទៀត ដូច្នេះ​បើសិនជា​ការ​ប្រកួត​លើក​ក្រោយ​ចាញ់​ទៀត​នោះ ប្រហែលជា​អស់​ផ្លូវ​អ៊ុត​ហើយ ។

ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប មាន​តែ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ម្នាក់​ប៉ុណ្ណោះ ដែល​គេ​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​ស្វែងរក​កៅអី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន ទោះបីជា​គេ​ទើបតែ​ប្រកួត​បាន​១​លើក និង​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​ក៏​ដោយ ។ រីឯ​សួន ចាន់​នី​មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ក៏​មិនសូវ​មាន​សង្ឃឹម​ប៉ុន្មាន​ដែរ ទោះបី​គេ​ទើបតែ​ប្រកួត​បាន​១​លើក និង​រកបាន​៣​ពិន្ទុ​ដូច​គ្នា​ក្តី ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ថា កីឡាករ​ថៃ​ទាំង​៤​រូប​ដែល​មក​ប្រកួត​ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​វគ្គ​៤​នេះ សុទ្ធតែ​ខ្លាំង​ៗ​ទាំងអស់​ធ្វើ​ឱ្យ​មានការ​បារម្ភ មិនដឹង​ថា​កីឡាករ​កម្ពុជា​ប៉ុន្មាន​នាក់​ទេ ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​នោះ​។

ចំណែក​គូប្រកួត​មិត្តភាព​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ កីឡាករ ឈុត សេរី​វ៉ា​ន់​ថង ម្ចាស់​ជើងឯក​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​វគ្គ​៣ បាន​យកឈ្នះ​កីឡាករ​ថៃ​Khum Phayak​ដោយ​ពិន្ទុ ។ កីឡាករ កំពែង ខ្មៅ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​បាន​យកឈ្នះ​កីឡាករ ខាំ វណ្ណៈ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ និង​កីឡាករ រឿង សា​រិ​ទ្ធ មក​ពី​ក្លិប​មកុដ​រាជសីហ៍ យកឈ្នះ កីឡាករ ផា​ន់ សុ​ផាត មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​ដោយ​​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ