ដើម្បីរស់នៅរួមគ្នាឱ្យបានសុខជានឹងគ្នា មនុស្សគ្រប់រូបគប្បីប្រតិបត្តិតាមលំអានធម៌៦ប្រការ ដែលលោកចាត់ថាជាគុណធម៌យ៉ាងពិសេសនាំឱ្យដក់ជាប់ក្នុងអារម្មណ៍មិនអាចបំភ្លេចបាន ជា ធម៌ធ្វើឱ្យនឹករលឹករកគ្នា គិតដល់គ្នាជានិច្ច ។
ជាគុណធម៌ទាំង៦ប្រការនោះ 1-មេត្តាកាយកម្ម ការងារដែលធ្វើដោយកាយប្រកបដោយមេត្តាគឺការសម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នាដូចជា លើកដៃសំពះ សម្តែងទឹកមុខញញឹមរកគ្នាជាដើម។ 2-មេត្តាវចីកម្ម ចង្អុលបង្ហាញនូវអ្វីដែលជាប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តីគោរពរាប់អានគ្នាដោយពាក្យសម្ដីទន់ភ្លន់។ 3-មេត្តាមនោកម្ម ចងចិត្តគិតល្អ គឺគិតអ្វីដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម គិតក្នុងគោលបំណងល្អ ។
4-អប្បដិវត្តភោគី នៅពេលបានវត្ថុណាដោយសុចរិត ទោះតិចឬច្រើនក៏យកមកចែករំលែកគ្នាបរិភោគតាមលទ្ធភាព គឺមិនហួងហែងទុកបរិភោគតែម្នាក់ឯងនោះទេ។ 5-សីលសាមញ្ញតា ប្រព្រឹត្តសុចរិតត្រឹមត្រូវ គោរពច្បាប់ គោរពវិន័យស្មើគ្នា គោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមក មានសីលធម៌ប្រចាំជីវិត និង6-ទិដ្ឋិសាមញ្ញតា យល់ត្រូវដូចគ្នាដែលជាគោលការណ៍ដ៏សំខាន់ មានឆន្ទៈ និងឧត្តមគតិឆ្ពោះទៅរកសេចក្តីសុខ ។
គុណធម៌ទាំង៦ប្រការនេះមានក្នុងសមាគមណា សមាគមនោះនឹងមានការរួបរួមសាមគ្គីគ្នាដ៏រឹងមាំ ។
ចែករំលែកព័តមាននេះ