រាជធានីភ្នំពេញ ៖ បន្ទាប់ពីញុំាអាហារជួបជុំបងប្អូនយ៉ាងសប្បាយរួចហើយ បុរសជាប្រធានសន្តិសុខរោងចក្រម្នាក់បានជិះម៉ូតូមួយគ្រឿងត្រឡប់ទៅកន្លែងធ្វើការវិញ លុះដល់ផ្លូវបត់ចូលទៅក្នុងរោងចក្រ ក៏ត្រូវរថយន្តកូរ៉ូឡាមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនបុកចំពាក់ណ្តាលម៉ូតូពេញទំហឹង បណ្តាលឲ្យខ្ទាតជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្តធ្លាក់បោកនឹងថ្នល់បាក់កស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម៉ូតូរបស់ជនរងគ្រោះខ្ទាតជាង៣០ម៉ែត្រ ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋបណ្តាលអោយរងការខូចខាតបន្ថែមទៀត។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតនឹងផ្លូវបត់ចូលវត្តកៀនស្វាយក្នុង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ អ៊ូ សុផុន ភេទប្រុស អាយុ៤៦ឆ្នាំ ជាប្រធានសន្តិសុខរោងចក្រមួយកន្លែងនៅជិតវត្តកៀនស្វាយក្នុង ស្នាក់នៅជិតកន្លែងកើតហេតុ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BQ-២៤៧៨ បានរងការខូចខាតខ្ទេចមួយកំណាត់មុខ។
ចំណែករថយន្តបង្កមួយគ្រឿងជិះគ្នា៣នាក់ ម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AA-៩៥៧៣ បានរងការខូចខាតមួយកំណាត់មុខខ្ទេចស្ទើរទាំងស្រុង។
តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរតាមដងផ្លូវ និងបានឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា មុនកើតហេតុ គេបានឃើញជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុក៏បានស៊ីញ៉ូសុំផ្លូវបត់ឆ្វេង ចូលទៅផ្លូវវត្តកៀនស្វាយក្នុង ។
ប្រភពដដែលបានបន្តថា ពេលជនរងគ្រោះជិះម៉ូតូឆ្លងមកដល់ពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងខាងធ្វើដំណើបញ្ច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលមកបុកចំពាក់ណ្តាលម៉ូតូពេញទំហឹង បណ្តាលអោយខ្ទាតជនរងគ្រោះទៅបោកផ្ទប់នឹងកញ្ចក់រថយន្តធ្លាក់បោកនឹងថ្នល់ បណ្តាលអោយបាក់ជើងស្តាំ និងបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម៉ូតូខ្ទាតជាង៣០ម៉ែត្រ រងការខូចខាតខ្ទេចចមួយកំណាត់មុខ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនក៏រេចង្កូតមកខាងស្តាំ ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខូចខាតយ៉ាងដំណំ ភា្លមៗនោះអ្នកបើកបររថយន្តបង្កបានទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោលអស់ទៅ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុខាងលើ គេឃើញក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានមកដល់កន្លែងកើតហេតុ បានត្រឹមតែយំស្រែកដង្ហោយហៅអោយជនរងគ្រោះដឹងខ្លួនវិញ តែប៉ុណ្ណោះ មើលទៅគួរអោយអាណោចអាធ័មជាពន់ពេក ហើយក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះយំរៀបរាប់នៅមុខសពជនរងគ្រោះថា «ការបែកគ្នានេះធ្វើឱ្យពួកគាត់ពិបាកនឹងធ្វើចិត្តទទួលយកណាស់ ព្រោះជាការបែកគ្នា ដែលគ្មានថ្ងៃវិលត្រឡប់» ស្តាប់ទៅគួរឲ្យសង្វេគពន់ពេក។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុ គឺពួកគាត់ និងជនរងគ្រោះបានជួបជុំគ្រួសារពិសារអាហារនៅផ្ទះយ៉ាងសប្បាយរីករាយ ហើយមិនបានហូបស្រាច្រើននោះទេ លុះដល់វេលាម៉ោង១១យប់ថ្ងៃដដែល ពេលចប់កម្មវិធី ពួកគាត់បានឃាត់ជនរងគ្រោះខាងលើអោយសម្រាកនៅផ្ទះ តែជនរងគ្រោះមិនស្តាប់ ដោយប្រាប់ថាទៅសម្រាកនៅកន្លែងធ្វើការវិញ ។
ប្រភពដដែលបានបន្តថា ពេលជនរងគ្រោះនិយាយចប់ក៏លាបងប្អូនសាច់ញាតិចេញទៅ មិនគួរណាមកជួបគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតបែបនេះឡើយ ធ្វើឲ្យពួកគាត់ជាក្រុមគ្រួសារសាច់ញាតិពិបាកនឹងទទួលយកការពិតណាស់ ប៉ុន្តែអ្វីៗវាបានកើតឡើងទៅហើយ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារសាច់ញាតិបាននិមន្តព្រះសង្ឃមកធ្វើកិច្ចនៅកន្លែងកើតហេតុ ដើម្បីយកសពជនរងគ្រោះទៅធ្វើបុណ្យនៅផ្ទះដែលជិតកន្លែងកើតហេតុតាមប្រពៃណី ។ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើវាស់វែង និងយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ធាននគបាលចរាចណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ