ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយ​មិន​ចេញ​រវាង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ល្វា​ជាមួយ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជីវករ​១០៨​តូប​លក់ដូរ​នៅ​ផ្សារ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ភាគច្រើន​លក់​បន្លែ​ត្រី​សាច់ ខោអាវ​ជជុះ និង​លក់​បបរ​គុយទាវ​កាហ្វេ​ដែល​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​ឡើង​មក​សាលាខេត្ត​បាត់ដំបង​ចំនួន​២​លើក កាលពី​ចុងខែ​វិច្ឆិកា និង​ក្នុង​ខែធ្នូ​កន្លង​មកនេះ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​សម្រួល​បញ្ឈប់​ក្នុង​ការ​ដេញ​រុះរើ​តូប​កំពុង​លក់​សព្វថ្ងៃ ដើម្បី​ផ្តល់​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​ចាក់​លុប​ដី…

ខេត្តបាត់ដំបង ៖ អាជីវករ​១០៨​តូប​លក់ដូរ​នៅ​ផ្សារ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ភាគច្រើន​លក់​បន្លែ​ត្រី​សាច់ ខោអាវ​ជជុះ និង​លក់​បបរ​គុយទាវ​កាហ្វេ​ដែល​ធ្លាប់​បាន​ធ្វើ​បាតុកម្ម​ឡើង​មក​សាលាខេត្ត​បាត់ដំបង​ចំនួន​២​លើក កាលពី​ចុងខែ​វិច្ឆិកា និង​ក្នុង​ខែធ្នូ​កន្លង​មកនេះ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​សម្រួល​បញ្ឈប់​ក្នុង​ការ​ដេញ​រុះរើ​តូប​កំពុង​លក់​សព្វថ្ងៃ ដើម្បី​ផ្តល់​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​ចាក់​លុប​ដី និង​ពង្រីក​ធ្វើ​តូប​ថ្មី​ចំនួន​២០៨​តូប សម្រាប់​លក់​ឲ្យ​អាជីវករ​សា​ថ្មី ក្រោម​គំរោងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​អភិវឌ្ឍន៍​ផ្សារ​ក្នុង​ឃុំ​ល្វា​ឲ្យ​មាន​សោភ័ណ​ភាព​បន្ថែម​ទៀត​។

លោក​អភិបាលខេត្ត​បាត់ដំបង​បាន​ចេញ​បញ្ជា​បេសកកម្ម​ដល់​ក្រុម​ជំនាញ​ការងារ​មួយ​ក្រុម​ដែល​មាន​លោក តេ​ង គឹ​ម​ស៊ា​ន នាយក​ស្តីទី ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​បាត់ដំបង ដឹកនាំ​ក្រុមការងារ​ជំនាញ​សំណង់ ដែនដី​នគរ​រូប​នី​យ​កម្ម សុរិយោដី សេដ្ឋកិច្ច តំណាង​វិនិយោគ​ខេត្ត អភិវឌ្ឍន៍ សំណង់​សាលាខេត្ត ចុះ​ជួប​ដោះស្រាយ​សម្របសម្រួល​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ល្វារ ដែល​ស្ថិត​នៅ​ឃុំ​ល្វា ស្រុប​វេ​ល ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

កន្លង​មក​ការ​តម្រូវ​ចុះ​ជួប​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រាប់​ទៅ​អាជីវករ​លក់ដូរ​ត្រូវ​តែ​ទិញ​តូប​ថ្មី ដែល​មាន​ទំ​ហ៊ំ​២​ម៉ែត្រ​បួន​ជ្រុង​តម្លៃ​១៨០០​ដុល្លារ និង​ទំ​ហ៊ំ​២​ម៉ែត្រ​កន្លះ​តម្លៃ​២៥០០​ទៅ​២៨០០​ដុល្លារ​ដែល​អ្នក​លក់ដូរ​ខ្លះ​គ្មាន​លទ្ធភាព គ្មាន​លុយ​ទិញ​តូប​សម្រាប់​លក់ដូរ​បាន ហើយ​មិន​ពេញចិត្ត​ចំពោះ​អ្នក​វិនិយោគ​ផ្សារ​មក​អនុវត្តន៍​ផ្សព្វផ្សាយ​ជា​មុន​បាន​ធ្វើការ​តម្លើង​ថ្លៃ​លក់​តូប​លក់ដូរ ដោយ​គ្មាន​ការ​អនុញ្ញាត​ឡើយ ហើយ​ត្រូវ​បញ្ឈប់​ការ​ដេញ​រុះរើ​ជា​បន្ត​ទៅ​ទៀត​ដោយ​ត្រូវ​ធ្វើការ​សម្របសម្រួល​ជាមួយ​គ្នា​ឲ្យ​មានការ​ឯកភាព​គ្នា​ជា​មុន​សិន​ទើប​ចាប់ផ្តើម​កសាង​ជា​បន្តបន្ទាប់​ដោយ​ទទួលយក​បាន​ទាំងអស់​គ្នា ។

លោក តេ​ង គឹ​ម​ស៊ា​ង ប្រធាន​ក្រុមការងារ និង​លោក​លួត សាលី អភិបាលរង​ស្រុក​ប​វេ​ល​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ផ្សារ និង​បាន​ទទួល​ជួប​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ​ល្វា​ចំនួន​៤​រូប​នៅ​សាលាឃុំ​ល្វា ដើម្បី​សិក្សា​ពី​គំរោង​ដែល​បាន​ធ្វើ​កន្លង​មក​ដោយ​គ្មាន​ការ​ឆ្លងកាត់​ជំនាញ​ទទួលស្គាល់​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ គឺ​មានការ​ឯកភាព​គ្នា​ត្រឹម​ថ្នាក់​ឃុំ​តែ​ប៉ុណ្ណោះ ដូច្នោះ​សុំ​រៀបចំ​គំរោង​សា​ជា​ថ្មី ដើម្បី​ឲ្យ​អាជីវករ​ទាំងអស់​អាច​ទទួលយក​បាន​ទាំងអស់​គ្នា ។

បន្ទាប់​ពី​ជួប​តំណាង​ក្រុមហ៊ុន​រួច​ហើយ​ក្រុមការងារ​សម្របសម្រួល​បាន​ជួប​ជាមួយ​អាជីវករ​សុំ​តំណាង​១០​នាក់ មក​ចូលរួម​តែ​អាជីវករ​បាន​មក​ជិត​៤០​នាក់ ដោយ​មាន​ប្រតិកម្ម​ពី​អាជីវករ​មិន​យល់ព្រម ឲ្យ​ក្រុមហ៊ុន​នេះ​សាង់សង់​រួច​លក់​តូប​ឲ្យ​ពួក​គាត់​ទៅ​វិញ​ព្រោះ​ជា​ដី​របស់​រដ្ឋ ហើយ​ពួក​គាត់​បាន​លក់ដូរ​នៅ​ទី​នេះ​រាប់​សិប​ឆ្នាំ​មក​ហើយ នៅ​តំបន់​ជនបទ​នេះ​ដែល​លក់​ពេល​ព្រឹក​មាន​រយៈពេល​ពី​១​ម៉ោង​កន្លះ​ទៅ​៣​ម៉ោង​តែ​ប៉ុណ្ណោះ ហើយ​វា​ហួស​ពី​សមត្ថភាព​លទ្ធភាព​អ្នកផ្សារ​លក់ដូរ​បន្លែ ត្រី​សាច់ គ្រឿង​ហូប​ចុក ដែល​អ្នកខ្លះ​គ្មាន​លុយ​ដល់​១​ពាន់​ដុល្លារ ធ្វើ​ដើមទុន​រកស៊ី​ផង តែ​ត្រូវ​មក​ជួប​បញ្ហា​ទិញ​តូប​តម្លៃ​២​ទៅ​៣​ពាន់​ដុល្លារ​ទៀត ដែល​គាត់​រក​សម្រាប់​តែ​រស់​មួយ​ថ្ងៃ​ៗ​នោះ ហើយ​សុំ​ឲ្យ​មានការ​អភិវឌ្ឍ​ទៅ​កន្លែង​ផ្សេង​ទៀត​ចុះ​ទុក​កន្លែង​នេះ​ឲ្យ​ពួក​គាត់​លក់ដូរ​ធម្មតា​សម្រាប់​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដូច​ពី​មុន គឺ​គាត់​សុខ​សប្បាយចិត្ត​ណាស់​ហើយ ព្រោះ​៤​ខែ​កន្លង​មកនេះ​ដេញ​ពួក​គាត់​ឲ្យ​មក​លក់​បណ្តោះអាសន្ន​នៅ​ខាងក្រៅ​នេះ គឺ​ត្រូវ​ជួល​កន្លែង​លក់​គេ​ក្នុង​១​ខែ​ពី​៦​ទៅ​៨​ម៉ឺន​រៀល រង់ចាំ​ធ្វើ​តូប​ថ្មី រួច​ហើយ​លក់​ឲ្យ​ពួក​គាត់​ទៀត និង​ការ​ដោះស្រាយ​ក៏​មិន​ចេញ​អូស​បន្លាយ​ពេលវេលា ដូច្នោះ​បន្ទុក​លំបាក​កាន់តែ​ធ្ងន់​ទៅ​ៗ ហើយ​មាន​តែ​ពេល​នេះ​សុំ​គណៈកម្មការ​ក្រុម​កា​ងារ មេត្តា​ទ​ទួ​ក​យក​រឿង​នេះ​ទៅ​សម្របសម្រួល​បញ្ឈប់​ការ​សាងសង់​ផ្សារ​នេះ​ចុះ ។

ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា នៅ​កណ្តាល​ក្រុង​បាត់ដំបង​មាន​តែ​ប្រកាស​តាម​ទូរទស្សន៍ និង​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ទៅ​លក់ដូរ​ដោយ​មិន​គិត​តម្លៃ​តូប​លក់ដូរ​ឡើយ​ចុះ​ហេតុ​អ្វី​នៅ​តំបន់​ជនបទ​បែរជា​មានការ​ឃុបឃិត​គ្នា ដើម្បី​ឆ្លៀត​ប្រមូល​យក​ថវិកា​ពី​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ទៅ​វិញ ? ហើយ​បើ​ទ័ល​តម្រិះ​ថ្នាក់​ខេត្ត​ដោះស្រាយ​មិន​ចេញ​នៅ​តែ​បំពាន គឺ​ពួក​គាត់​ត្រៀម​នាំ​គ្នា​ឡើង​ទៅ​ក្រុងភ្នំពេញ​សុំ​ជួប​សម្តេច​តេ​ជោ​ហ៊ុន សែន ដោយ​ផ្ទាល់​ជួយ​អន្តរាគមន៍​ដោះស្រាយ ព្រោះតែ​គាត់​បាត់បង់​ជំនឿ​លើ​ការ​ឃុបឃិត​រក​ផលប្រយោជន៍​មក​លើ​ពួក​គាត់ ដែល​ប្រជាពលរដ្ឋ​ទើប​មាន​ជីវភាព​គ្រាន់បើ បន្តិចបន្តួច​មកនេះ ព្រោះ​ពួក​យើង​សុទ្ធតែ​ងើប​ពី​នរក ប្រែ​ត​សម័យ​ប៉ុ​ល ពត​មក​ដូច​តែ​គ្នា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ