ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​បុរស​​៤នាក់​ក្នុង​ចំណោម​​១៤នាក់​​អប់រំបញ្ឈប់​​​សម្លាប់​​សត្វ​ព្រៃ

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ​ ៖ បុរស​៤​នាក់​ក្នុង​ចំណោម​១៤​នាក់ ត្រូវ​បាន​នគរ​បាល​ស្រុក​ភ្នំ​ស្រុក​ ​សហការជាមួយ​មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​​តំបន់​​​កូន​ខ្លែង ចាប់​ឃាត់​ខ្លួន​​នាំមក​​កាន់​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​ភ្នំស្រុក​ ​ពីបទ​នាំគ្នា​ដេញ​វាយ​សម្លាប់​​សត្វ​រមាំងមួយ​ក្បាល​កាល​​ពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០១១ នៅតំបន់​​កូន​ខ្លែង ស្ថិត​ក្នុង​ឃុំ​ប៉ោយ​​ចារ ស្រុក​ភ្នំស្រុក ។​

លោក​វរសេនីយ៍​ត្រី​រឿង​ បូរ អធិការនគរ​បាល​​ស្រុក​ភ្នំ​ស្រុក​​បាន​ឱ្យ​ដឹងថា បុរស​ទាំង​៤​​នាក់​​នោះ​​១-ឈ្មោះ​​​វ៉ន សាយ អាយុ​២៦ឆ្នាំ ២-ឈ្មោះ​យ៉ាន់ ខ្លី អាយុ​១៨ឆ្នាំ ៣-ឈ្មោះ​​សាក់​ វាសនា អាយុ​២៨ឆ្នាំ ​និង​៤-ឈ្មោះ​​ប្រុញ ឈិន អាយុ​២១ឆ្នាំ​ ពួកគេរស់​នៅ​ក្នុង​ភូមិ​​ស្រះ​ស្រង់​​ ឃុំប៉ោយ​ចារ ស្រុក​ភ្នំស្រុក​ ខេត្ត​​បន្ទាយ​មានជ័យ ។ ចំពោះ​​សត្វ​រមាំង​ ដែល​ត្រូវ​​ជន​​ទាំង​៤​​នាក់​ ​រួម​ទាំង​​បក្សពួក​​១០​នាក់​ទៀត​វាយ​សម្លាប់​​នេះ​មាន​​ទម្ងន់​​ប្រហែល​​៦០​គីឡូក្រាម​  ។

លោក​លុក រិទ្ធី ហៅអិត ប្រធាន​​គ្រប់​​គ្រង​​អភិរក្ស​​​សត្វ​ព្រៃ​​ធម្មជាតិ​ បាន​ឱ្យ​ដឹង​ថា ការ​គ្រប់​គ្រង​​​អភិរក្ស​សត្វ​ព្រៃ​​​នៅតំបន់​កូន​​ខ្លែង​ (អាង​ត្រពាំង​ថ្ម)​នេះ​ បាន​ដំណើរ​ការ​​​តាំង​ពីឆ្នាំ​​២០០០​ ដោយ​មាន​​ការគាំទ្រ​​ពីរាជ​រដ្ឋា​ភិបាល​​​​​​​កម្ពុជា ​​និង​មាន​​ការ​ចូលរួម​ការពារ​ដោយ​ក្រសួង​កសិកម្ម​​ ព្រម​ទាំង​អង្គការ​​ការពារ​ធនធាន​ធម្ម​ជាតិ​។​ ម្យ៉ាង​​ទៀត​នៅតំបន់​​នេះ​មាន​អាងទឹក​​​​ត្រពាំង​​ថ្ម​ដែល​ជា​រមណីយដ្ឋាន​​ធម្មជាតិ​​មួយ​យ៉ាង​​សំខាន់​​ ​​មាន​ហ្វូង​​សត្វ​គ្រប់​ប្រភេទ​​ដែល​ជិត​ដាច់ពូជ​ រួមទាំង​សត្វ​រមាំង​​ដែល​​​ជា​សត្វ​​​កម្រ​​បាន​មក​​​រស់​នៅ​តំបន់​​នេះ​ដែរ​។ បច្ចុប្បន្ន​ សត្វ​​រមាំងមានការ​​​កើន​​ឡើង​ដល់​​ទៅ​៧០​ក្បាល​ហើយ ហើយ​​ក៏​មាន​ភ្ញៀវ​​ជាតិ​-​អន្តរជាតិ​​ ចូល​មក​​ទស្សនា​​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​​ក្នុង​សហគមន៍​​តំបន់​​នេះ​មាន​ការ​​អភិវឌ្ឍន៍​​ និង​​ទទួល​បាន​​ផល​ប្រយោជន៍​​ពី​សត្វ​ព្រៃ​នេះ​ផងដែរ​ ។ ជាមួយ​គ្នា​នេះ លោក​លុក​ រិទ្ធី​ ក៏​បាន​សំណូមពរ​​និង​អំពាវ​នាវ​​​ដល់​ប្រជាពល​រដ្ឋ​​ទាំងអស់​ដែលរស់​នៅ​​ជុំ​វិញ​​តំបន់​អភិរក្ស​​សត្វ​ព្រៃនេះ​ សូមចូល​រួម​ការពារ​ធនធាន​ធម្ម​ជាតិ​ដែល​​យើង​មាន​ស្រាប់ ទប់​ស្កាត់​​ការ​បាញ់​​សម្លាប់​​ឬ​ដាក់​អន្ទាក់​ ឬក៏វាយ​សម្លាប់​សត្វ​​ព្រៃទាំងនេះ​ ។ បើ​ចាំតែ​សមត្ថ​កិច្ច​​ឬក៏​មន្ត្រី​អភិរក្ស​​​​ការពារ​នោះ​វា​មិន​គ្រប់​គ្រាន់​ទេ លុះ​ត្រាតែ​មាន​ប្រជាពល​រដ្ឋ​​​ក្នុង​​សហគមន៍​​ចូល​រួម​ការពារ​ទាំងអស់​​គ្នាទើប​វា​នៅ​​គង់​វង្ស​ ។

លោក​វរសេនីយ៍ត្រី​​រឿង​ បូរ បញ្ជាក់​​ថា ជន​ទាំង​​៤​នាក់​ សមត្ថ​កិច្ច​​​គ្រាន់​តែធ្វើ​ការ​អប់រំ​ឱ្យ​ពួកគេ​​យល់​ពីអត្ថ​ប្រយោជន៍​​​នៃសត្វ​ព្រៃ​​ រួចឱ្យ​ធ្វើ​កិច្ច​សន្យា​​បញ្ឈប់​​មិន​ឱ្យ​គេ​ប្រព្រឹត្ត​ជាលើក​​ទី២​ ឡើយ​​ បើ​មិន​រាង​ចាល​​ទេសមត្ថ​កិច្ច​​នឹង​អនុ​វត្ត​តាម​ច្បាប់​ ​ហើយ​ក៏សុំ​ឱ្យ​ពួកគេ​​ជួយ​ផ្សព្វ​ផ្សាយ​​ដល់ប្រជាពល​រដ្ឋ​ក្នុង​សហគមន៍​របស់​​ពួកគេ​ឱ្យ​បាន​​យល់​ជ្រួត​ជ្រាប​ផង  ៕