ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ស៊ី​រី​កា ក្រោយ​ពេលចង់​បោះបង់​សិល្បៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ស៊ូ ស៊ី​រី​កា ចៅ​របស់​អ្នកស្រី​កែវ ម​ន្ថា អតីត​តារា​សម្តែង និង​ចម្រៀង​បាន​កសាង​ជីវិត​ជា​អ្នកចម្រៀង​ដែរ ហើយ​លូតលាស់​ក្នុង​អាជីព​នេះ​ជា​បន្តបន្ទាប់ ។ ព្រោះតែ​មាន​ទឹកដម​សំឡេង​ពីរោះ​ស៊ូ…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ស៊ូ ស៊ី​រី​កា ចៅ​របស់​អ្នកស្រី​កែវ ម​ន្ថា អតីត​តារា​សម្តែង និង​ចម្រៀង​បាន​កសាង​ជីវិត​ជា​អ្នកចម្រៀង​ដែរ ហើយ​លូតលាស់​ក្នុង​អាជីព​នេះ​ជា​បន្តបន្ទាប់ ។ ព្រោះតែ​មាន​ទឹកដម​សំឡេង​ពីរោះ​ស៊ូ ស៊ី​រី​កា ត្រូវ​ជនរួមជាតិ​នៅ​អា​មេ​រិ​ក​ទាក់ទង​ឲ្យ​ទៅ​ច្រៀង​ធ្វើ​ឲ្យ​នាង​រីករាយ​ចំពោះ​ឱកាស​នេះ ។

ស៊ូ ស៊ី​រី​កា ធ្លាប់​ប្រកាស​ជំហរ​ចង់​រសាត់​ចេញពី​វិ​ថី​សិល្បៈ​កាលពី​ប៉ុន្មាន​ខែ​មុន ព្រោះតែ​មិន​អាច​បន្ត​ឲ្យ​អ្នកសិល្បៈ​មួយ​ចំនួន​តូច​ប៉ែង​ជើង​នាង ។ ក្រោយ​ពេល​មានការ​លើកទឹកចិត្ត​ស៊ូ ស៊ី​រី​កា ដែល​ស្នង​អាជីព​សិល្បៈ​ពី​វង្ស​ត្រកូល​នៅ​តែ​បន្ត​ចូល​សម្តែង​ដោយ​ប្រមូល​អារម្មណ៍​ឲ្យ​បាន​ល្អ​ឡើង​វិញ ជាមួយ​បណ្តា​បទ​ចម្រៀង​មួយ​ចំនួន​ដែល​មាននៅ​ក្នុង​ផលិតកម្ម​ថោ​ន ។

ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​នា​ឱកាស​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រចាំ​ផលិតកម្ម​ថោ​ន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​វត្ត​កៀនស្វាយក្នុង​ខេត្តកណ្តាល​កញ្ញា​ស៊ូ ស៊ី​រី​កា ឲ្យ​ដឹង​ថា​នាង​កំពុង​តែ​មមាញឹក​ខ្លាំង​ជាមួយ​សិល្បៈ​ក្រោយ​ពេល​ដែល​អ្នកគាំទ្រ​លើកទឹកចិត្ត​ឲ្យ​ចូល​ប្រឡូក​សិល្បៈ​កុំ​គិត​ពី​មនុស្ស​មើលងាយ​ខ្លួន ។ ជាក់ស្តែង​ឆ្នាំ​នេះ​អាជីព​នាង​មាន​ភាព​ប្រសើរ​ឡើង ដោយសារ​បទ​ចម្រៀង​បាន​ចេញ​លើ​ទីផ្សារ​ច្រើន ហើយ​បទ​ចម្រៀង​ចង្វាក់រាំ​កម្សាន្ត​ចូល​ឆ្នាំ​ថ្មី​មាន​៥​បទ រួម​ជាមួយ​តារាចម្រៀង​លំដាប់​ជួរ​មុខ​នៅ​ផលិតកម្ម​ថោ​ន គឺ​នាង​ច្រៀង​ជាមួយ​លោក​ខេ​ម និង​លោក​ម៉ៅ ហា​ជី ។

កញ្ញា​ស៊ូ ស៊ីរី​កា និយាយ​ថា​«​នាង​ខ្ញុំ​សប្បាយចិត្ត​ពេល​ប៉ះ​ការ​ច្រៀង​ជាមួយ​តារាចម្រៀង​ខេ​ម​ព្រោះ​មិន​ដែល​ក្លាយជា​ដៃគូ​នោះ​ឡើយ ទើប​គិត​ថា​នោះ​ជា​ពិន្ទុ​ល្អ​មួយ​សម្រាប់​នាង​ខ្ញុំ ។ បើជា​មួយ​លោក​ម៉ៅ ហា​ជី គឺ​ធ្លាប់​សម្តែង​ជាមួយ​គ្នា និង​ច្រៀង​បទ​បញ្ចូល​ជាមួយ​គ្នា​នៅ​ផលិតកម្ម​ថោ​ន​ផង​ដែរ ។

នា​ចុងខែ​កុម្ភៈ​នេះ​ក៏​ជា​ដំណើរ​មួយ​ល្អ​ប្រសើរ​ទៀត​ដោយសារ​តែ​នាង​ខ្ញុំ​បាន​វី​សា ចេញ​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ជាមួយ​រៀមច្បង​តារាចម្រៀង​ម្នាក់​ក្រោម​ការ​រៀបចំ​ពី​អង្គការ​អាយ​ឃែ​លើក​ទី​១»​។

ដំណើរ​ទៅ​អា​មេ​រិ​ក​រយៈពេល​ច្រើន​ស​ប្តា​ហ៍​នេះ ស៊ូ ស៊ី​រី​កា នឹង​ត្រឡប់​មក​មាតុភូមិ​វិញ​នា​ចុង​ខែមេសា ឬ​ដើមខែ​ឧសភា ។ ទៅ​អា​មេ​រិ​ក​នាង​ត្រៀម​បទ​ចម្រៀង​មរតក​ដើម​ចង្វាក់​ប្រពៃណី​ខែ្ម​រ​សម្រាប់​បម្រើ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​នៅ​ទី​នេ​ោះ​កម្សាន្ត​សប្បាយ ។

តារាចម្រៀង​ស៊ូ ស៊ី​រី​កា និយាយ​ថា​«​នាង​ខ្ញុំ​ទៅ​អា​មេ​រិ​ក​គឺ​ដើម្បី​សម្តែង ដោយ​មិន​គិត​លើ​រឿង​ស្នេហា​ជាមួយ​បុរស​នៅ​ទីនោះ​ទេ ជា​សំខាន់​បើ​មាន​គេ​តាម​ស្រឡាញ់​អាច​ចូល​តាម​ច្បាប់ ចេញ​អត្ត​ចរិត​មក​ប្រកបដោយ​សុជីវធម៌​ត្រឹមត្រូវ​នោះ​ទើប​គិត ។ យ៉ាងណា​ក្តី​នាង​ខ្ញុំ​ប្រហែលជា​មិន​ទាន់​ផ្តោត​ឡើយ​ព្រោះ​ទើបតែ​មាន​វ័យ​២០​ស្តើង​ខ្លាច​លំបាក ទាន់​ការងារ​សិល្បៈ​ដើរ យើង​ស្រូត​រក​លុយ​ឲ្យ​ច្រើន​សិន​ចាំ​គូស្រករ​មើល​តាម​ក្រោយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ