រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តថ្មីរឿង The Mortal Instruments ជាខ្សែភាពយន្តបរទេសដ៏ល្បីមួយ នឹងដាក់បញ្ចាំងនៅរោងភាពយន្តលីជេន ផ្សារស៊ីធីម៉ល នៅថ្ងៃទី០៥ កញ្ញា ២០១៣ ខាងមុខនេះ ។ កាលពីថ្ងៃទី២៣ សីហា ២០១៣ កន្លងទៅនេះ រោងភាពយន្តលីជេន ផ្សារស៊ីធីម៉ល ក៏បានរៀបចំពិធីជប់លៀងមួយ ដើម្បី ផ្សព្វផ្សាយដល់អតិថិជន ដែលតែងតែទស្សនានៅរោងភាពយន្តនេះ ដើម្បីអោយទស្សនិកជនបានដឹងខ្លះៗ ពីសាច់រឿងមួយនេះ ។
នៅក្នុងនោះដែរ ភ្ញៀវដែលបានអញ្ជើញអោយចូលរួមក្នុងកម្មវិធីនេះ គឺតម្រូវអោយស្លៀកសម្លៀកបំពាក់ខ្មៅទាំងអស់ ដើម្បីអោយត្រូវនឹងសាច់រឿងដែលគេបានផលិតនៅក្នុងរឿងនោះ ដែលជាតួអង្គមានភាពអស្ចារ្យ ។ អ្នកចូលរួមក្នុងកម្មវិធីនារាត្រីនោះ មានម្ចាស់ឧបត្ថម្ភកម្មវិធី ដែលមានក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនស្រា Heineken និងទស្សនិកជនរបស់រោងភាពយន្តលីជេន ជាដើម ។
កញ្ញា កែរ សូរេមី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Westec Media Limited បានឱ្យដឹងថា កម្មវិធីនេះ គឺធ្វើឡើងក្នុងបំណងជាការផ្សព្វផ្សាយពីខ្សែរឿងមួយនេះ ដោយតម្រូវអោយអ្នកចូលរួមនៅក្នុងកម្មវិធីនេះ គឺស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់គ្នា និងមានគូរសក្តិនៅលើដៃ និងដងខ្លួនប្លែកៗគ្នា ។ កញ្ញាបានរៀបរាប់ពីខ្សែរឿងនេះថា រឿងនេះ គឺគេសំដៅលើតួអង្គ shadowhunter ដែលជាមនុស្សពាក់កណ្ដាល និងមាន ឈាមទេវតាពាក់កណ្ដាល ហើយគាត់ក៏ជាអ្នកការពារមនុស្សនៅលើពិភពលោក ។
នៅក្នុងសាច់រឿងនោះ ក៏មានជាមនុស្សចចកផងដែរ ដោយមានការប្រយុទ្ធយ៉ាងស្វិតស្វាញរវាងក្រុមមនុស្ស Shadowhunter ជាមួយនិងបីសាច ដែលតែងយាយីមនុស្សនៅក្នុងពិភពលោក ។ហើយការបង្កើតកម្មវិធីនេះឡើង ក៏ដើម្បីអោយមានភាពជិតស្និទ្ធិជាមួយនឹងដៃគូរបស់យើង និងអ្នកគាំទ្ររបស់យើង ដោយសារតែអ្នកគាំទ្ររបស់យើងគាត់បានតាមដានច្រើនពីរឿងនេះ ។
កញ្ញា សុភារដ្ឋ អតិថិជនរបស់រោងភាពយន្តលីជេន ដែលតែងតែទស្សនារឿងថ្មីនៅក្នុងរោងភាពយន្តនេះ បានអោយដឹងថា តាមអ្វីដែលរោងភាពយន្តបានផ្សព្វផ្សាយរឿងនេះ ពិតជារឿងដែលពេញនិយមណាស់សម្រាប់មនុស្សទូទៅ ព្រោះថា រឿងនេះ កំពុងតែពេញនិយម និងបានចាក់នៅតាមរោងភាពយន្តនានា នៅលើពិភពលោក ហើយពេលនេះ រោងភាពយន្តខ្មែរយើងក៏បានយកមកចាក់បញ្ចាំងផងដែរ ។
គួរបញ្ជាក់ថា រឿង The Mortal Instruments ដែលនឹងចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី០៥ កញ្ញា នៅរោងភាពយន្តលីជេន ផ្សារទំនើបស៊ីធីម៉ល ខាងមុខនេះ គឺនិយាយជាភាសាអង់គ្លេស និងមានដាក់អក្សរពីក្រោមជាភាសាខ្មែរ ៕
ចែករំលែកព័តមាននេះ