ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​កសិកម្ម​ទាំង​៨​ចុះ​កិច្ចសន្យាលក់​ដំឡូង​មី​សរីរាង្គ​គ្មាន​ជាតិ​គីមី​ឱ្យ​ក្រុមហ៊ុន​បាន​ថ្លៃ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ប្រជា​សហគមន៍​កសិកម្ម​ចំនួន​៨​ដែល​បាន​ចុះ​កិច្ចសន្យា​ដាំ​ដំណាំ​ដំឡូង​មី​សរីរាង្គ​លក់​ឲ្យ​ក្រុមហ៊ុន អេ​ម​រុ រា​សយ៍ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពួក​គាត់​បាន​ដាំ​ដំណាំ​ប្រភេទ​នេះ​ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី ឬ​ជីគីមី ដើម្បី​លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​ទទួល​បាន​តម្លៃ​ថ្លៃ ។…

ខេត្តព្រះវិហារ ៖ ប្រជា​សហគមន៍​កសិកម្ម​ចំនួន​៨​ដែល​បាន​ចុះ​កិច្ចសន្យា​ដាំ​ដំណាំ​ដំឡូង​មី​សរីរាង្គ​លក់​ឲ្យ​ក្រុមហ៊ុន អេ​ម​រុ រា​សយ៍ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពួក​គាត់​បាន​ដាំ​ដំណាំ​ប្រភេទ​នេះ​ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី ឬ​ជីគីមី ដើម្បី​លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​ទទួល​បាន​តម្លៃ​ថ្លៃ ។ ជាមួយ​គ្នា​នេះ​មន្ទីរ​ជំនាញ​បាន​អះអាង​ថា នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ មន្ទីរ នឹង​បន្ត​ជម្រុញ​ឲ្យ​សហគមន៍​កសិកម្ម​ដទៃ​ទៀត​នៅ​ខេត្តព្រះវិហារ ចាប់​យក​ការ​ដាំដំឡូង​មី​សរីរាង្គ​មួយ​ប្រភេទ​ទៀត ក្រៅពី​ការ​ផ្គត់ផ្គង់​លក់​ស្រូវ​សរីរាង្គ តាម​រយៈ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យាលក់​ជូន​ក្រុមហ៊ុន​ឲ្យ​បាន​ច្រើន ។

លោក ដៀប ច​ន ប្រធាន​ក្រុមប្រឹក្សាភិបាល សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ បាន​សម្តែង​នូវ​ការ​រីករាយ បន្ទាប់​ពី​ប្រជា​សហគមន៍​ទាំងអស់​ដែល​បាន​ចុះ​កិច្ចសន្យា​ដាំដំឡូង​មី​សរីរាង្គ​លក់​ជូន​ក្រុមហ៊ុន​ទទួល​បាន​ទិន្នផល និង​តម្លៃ​ថ្លៃ ធ្វើ​ឲ្យ​កសិករ​មាន​ទឹកចិត្ត ក្នុង​ការ​ផលិត​ដំណាំ​នេះ​បន្ត​ទៀត ។

លោក​ថា កន្លង​ទៅ កសិករ​ដាំដំឡូង​មី​សរីរាង្គ​នេះ​ក៏​ពិតមែន តែ​ពុំ​ធ្លាប់​បាន​អនុវត្ត​ការ​ទិញ​លក់​តាម​កិច្ចសន្យា​នោះ​ទេ ទើបតែ​ពេល​នេះ ក្រុមហ៊ុន​បាន​ចូល​មក​ប្រមូល​ទិញ​ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ធ្វើ​ឲ្យ​តម្លៃ​កសិផល​ទទួល​បាន ថ្លៃ និង​មាន​តម្លៃ​ស្ថិតស្ថេរ ដោយ​ក្នុង​មួយ​គីឡូក្រាម​ទទួល​បាន​តម្លៃ​៣៦៨​រៀល សម្រាប់​ដំឡូង​មី​សរីរាង្គ​ស្រស់ និង​ទទួល​បាន​គុណភាព​ល្អ​សម្រាប់​ឆ្នាំ​នេះ ។ លោក​បន្ថែម​ថា ក្នុង​ឆ្នាំ​២០១៩​នេះ លោក​នឹង​កៀងគរ​សមាជិក​សហគមន៍​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​សរីរាង្គ​នេះ​ឲ្យ​កាន់តែ​ច្រើន​លក់​ជូន​ក្រុមហ៊ុន​បន្ថែម​ទៀត ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​លើក​ឡើង​ថា គិត​មក​ដល់​បច្ចុប្បន្ន​នេះ សហគមន៍​កសិកម្ម​ចំនួន​៨ នៅ​ខេត្តព្រះវិហារ កំពុង​មមាញឹក​ប្រមូល​ផល​ដំឡូង​មី​សរីរាង្គ​គ្មាន​ជាតិ​គីមី​លក់​ជូន​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ តាម​កិច្ចសន្យា​កាលពី​រដូវវស្សា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ លើ​បរិមាណ​ជាង​១​ម៉ឺន​តោន មាន​ប្រជា​កសិករ​ជាង​៥០០​គ្រួសារ ។ លោក​ថា ការ អនុវត្ត​កសិកម្ម តាម​កិច្ចសន្យា​បែប​នេះ មាន​សារ​ប្រយោជន៍​ណាស់​ចំពោះ​កសិករ ដោយ​ធានា​បាន​នូវ​តម្លៃ​ទីផ្សារ​ខ្ពស់​ជាង ឈ្មួញកណ្តាល​ដើរ​ប្រមូល​ទិញ​បច្ចុប្បន្ន ម្យ៉ាងវិញទៀត កសិករ​មិន​ព្រួយបារម្ភ នឹង​ការ​ធ្លាក់​ថ្លៃ កសិផល​ឡើយ បើ​ទោះបីជា​ទីផ្សារ​ខាងក្រៅ​ធ្លាក់​ក៏​ដោយ​នោះ ។

លោក​បន្ថែម​ទៀត​ថា កសិករ​ដែល​បាន​ចុះ​កិច្ចសន្យាលក់​ជូន​ក្រុមហ៊ុន មាន​ភាព​ចំណេញ​ច្រើន ដោយ​ក្នុង​១​តោន ក្រុមហ៊ុន​គិត​ឲ្យ​១០០០​គីឡូក្រាម ខុស​ពី​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ខាងក្រៅ ក្នុង​១​តោន គិត​ឲ្យ​កសិករ​ត្រឹមតែ​ជាង​៨០០​គីឡូក្រាម ទៅ​៩០០​គីឡូក្រាម​ប៉ុណ្ណោះ ។

តែ​ទោះជា​បែប​នេះ​ក្តី លោក​ថា នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ មន្ទីរ​ជំនាញ​នឹង​បង្កើន​ការ​កៀងគរ​សហគមន៍​កសិកម្ម​ដទៃ​ទៀត​ដែល​មាន​សក្តានុពល​ធ្វើការ​ចុះ​កិច្ចសន្យា​ផលិត​ដំឡូង​មី​សរីរាង្គ​មួយ​ប្រភេទ​ទៀត លក់​ជូន​ក្រុមហ៊ុន ក្រៅពី​ស្រូវ​សរីរាង្គ ដើម្បី​បង្កើន ប្រាក់​ចំណូល​បន្ថែម​ទៀត​សម្រាប់​ប្រជា​សហគមន៍​កសិកម្ម​ទាំងអស់​ឲ្យ​មាន​ភាព​ធូរធារ ។

យោង​តាម​របាយការណ៍​របស់ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ គិត​មក​ត្រឹម​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សហគមន៍​កសិកម្ម​ទាំង​៨​ដែល​បាន​ចុះ​កិច្ចសន្យាលក់​ដំឡូង​មី​សរីរាង្គ​ជូន​ក្រុមហ៊ុន ប្រមូល​ផល​លក់​បាន​ប្រមាណ​១០%​ហើយ ក្នុង​ផ្ទៃដី​ជិត​៨០០​ហិតា លក់​ជូន​ក្រុមហ៊ុន លើ​បរិមាណ​ដំឡូង​មី​ជាង​១​ម៉ឺន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ