ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​នេះ​ទៅ​លេង​សៀមរាប​លែង​លំបាក​ខ្លាច​មិន​ស្គាល់ឈ្មោះ​ប្រាសាទ​ទៀត​ហើយ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ ICC-Angkor អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ធ្វើ​ពី​ថ្មភក់​ប្រមាណ​១១៨​ផ្ទាំង ហើយ​គ្រោង​នឹង​លើកដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេល…

ខេត្តសៀមរាប ៖ ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ ICC-Angkor អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ធ្វើ​ពី​ថ្មភក់​ប្រមាណ​១១៨​ផ្ទាំង ហើយ​គ្រោង​នឹង​លើកដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​បង្ហាញ​ជូន​នូវ​ព័ត៌មាន សំខាន់​ៗ មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ដូច​ជា ឈ្មោះ​ប្រាសាទ អាយុកាល សាងសង់​ប្រាសាទ ទិស​ច្រកចូល ប្រាសាទ និង​អម​ដោយ​ស្លាក​សញ្ញា (Logo) ចំនួន​៤​គឺ ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ និង​ស្លាក​សញ្ញា​៣​ផ្សេង​ទៀត​ដែល​នៅ​ខាងក្រោម​គឺ ស្លាក​សញ្ញា​យូ​ណេ​ស្កូ ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុង​ឡា​អេ​ឆ្នាំ​១៩៥៤ សម្រាប់​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ ។

ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ នេះ​មាន​៣​ទំហំ​ផ្សេង​គ្នា ដោយ​គិត​ទៅ​តាម​ទីតាំង​ជាក់ស្តែង នៃ​ច្រកចូល​ប្រាសាទ​ដែល​ដំឡើង​បាន គឺ​ទំហំ​ធំ​ចំនួន​១៦​ផ្ទាំង កម្ពស់​១.៥០០​មី​ល្លី​ម៉ែត្រ​គុណ​នឹង​៩១៤​មី​ល្លី​ម៉ែត្រ កម្រាស់​៤៦៤​មី​ល្លី​ម៉ែត្រ​។ ទំហំ​មធ្យម​ចំនួន​៥២​ផ្ទាំង កម្ពស់​១,២០០​មី​ល្លី​ម៉ែត្រ​x​បណ្ដោយ​៧៣១​មី​ល្លី​ម៉ែត្រ​x​កម្រាស់​៣៧១​មី​ល្លី​ម៉ែត្រ ។ ទំហំ​តូច​ចំនួន ៥០​ផ្ទាំង​កម្ពស់​១,០០០​មី​ល្លី​ម៉ែត្រ​x​បណ្ដោយ​៦១៣​មី​ល្លី​ម៉ែត្រ​x​កម្រាស់​៣១១​មី​ល្លី​ម៉ែត្រ ។

ក្នុង​ដំណើរ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ Artisans Angkor នា​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​សុខ សង្វារ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ​ដែល​បាន​ធ្វើ​រួចរាល់​ហើយ​មាន​ចំនួន​ប្រហែល​២៥%​នៃ ចំនួន​ផ្ទាំង​សរុប ខណៈ​ដែល​ផ្ទាំង​ខ្លះ​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឆ្លាក់​អក្សរ លាប​ពណ៌​បេតិកភណ្ឌ (​ពណ៌​ឈាម​ជ្រូក​) និង​ខ្លះ​ទៀត​កំពុង​ឆ្លាក់​ក្បាច់លម្អ ។

ចំនួន​ផ្ទាំង​នេះ​គឺ​មិន​បាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដោយហេតុ​ថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន ។ ចំពោះ​ទីតាំង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ ក្រុមការងារ បាន​គិត​ទៅ​ចំណុច​៣ គឺ​នៅ​ក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវ​ទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល ។

អាជ្ញាធរ​ជាតិ​អប្សរា​សង្ឃឹមថា សមិទ្ធផល​នេះ​នឹង​ជួយ​ផ្ដល់​ភាព​ងាយស្រួល និង​បទ​ពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ទស្សនា​តំបន់​អង្គរ ឆ្លើយ​តប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​ទេសចរ លើក​តម្លៃ​ប្រាសាទ​និង​កិត្យានុភាព​ជាតិ និង​ទទួល​បាន​នូវ​ព័ត៌មាន​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត កាន់តែ​មាន​ភាព​ងាយស្រួល និង​ច្បាស់លាស់​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ