ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន​កំពុង​ចំណាយ​រាប់​ប៊ី​លាន​ដុល្លារ​​លើ​អចលនទ្រព្យ​ថៃ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ វិនិយោគិន​ជនជាតិ​ចិន​បាន​បន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ថៃ បើ​ទោះជា​មាន​ភាព​មិន​ប្រាកដប្រជា​ដែល​កើត​មាន​ឡើង​មក​ពី​ការ​បោះ​ឆ្នោត​ពិតមែន​ក្តី ។ សារព័ត៌មាន​CNBC​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ កន្លង​មក​ថា ប្រទេស​ថៃ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​សម្រាប់​ជនជាតិ​ចិន ។…

ទីក្រុង​បាងកក ៖ វិនិយោគិន​ជនជាតិ​ចិន​បាន​បន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ថៃ បើ​ទោះជា​មាន​ភាព​មិន​ប្រាកដប្រជា​ដែល​កើត​មាន​ឡើង​មក​ពី​ការ​បោះ​ឆ្នោត​ពិតមែន​ក្តី ។ សារព័ត៌មាន​CNBC​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ កន្លង​មក​ថា ប្រទេស​ថៃ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​សម្រាប់​ជនជាតិ​ចិន ។

យោង​តាម​ទិន្នន័យ​ដែល​បាន​ពី​គេហទំព័រ Juwai.com បាន​ឲ្យ​ដឹង​ថា ថៃ​គឺជា​ប្រទេស​ដែល​ទទួល​បានការ​សាកសួរ​ច្រើន​ជាងគេ​ពី​អតិថិជន​អចលនទ្រព្យ​ដែល​ប្រើ​គេហទំព័រ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០១៨ ។
ប្រទេស​ថៃ នឹង​មានការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ខាង​មុខ​នេះ ប៉ុន្តែ​អ្នកស្រី Carrie Law នាយក​ប្រតិបត្តិ​របស់ Juwai បាន​និយាយ​ថា ក្រុមហ៊ុន​អ្នកស្រី​មិន​គិត​ថា​វា​អាច​ប៉ះពាល់​ដល់​ការ​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​នេះ​ទេ ។

អ្នកស្រី​បាន​ប្រាប់​ដល់​CNBC​ថា ៖«​ទោះជា​ការ​បោះ​ឆ្នោត​ជា​រឿង​សំខាន់​មួយ​ក្នុង​ប្រទេស​ថៃ​ពិតមែន​ក្តី អតិថិជន​ភាគច្រើន​ដែល​ពួក​យើង​ធ្វើការ​ជាមួយ​មិន​ព្រួយបារម្ភ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ឡើយ »​។
គួរ​បញ្ជាក់​ថា សេដ្ឋកិច្ច​ប្រទេស​ថៃ បាន​លូតលាស់​យ៉ាង​លឿន​តាំងពី​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ​២០១៤​មក ដោយ​មាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) លូតលាស់​បាន ៣,៩% ក្នុង​ឆ្នាំ ២០១៧ ប៉ុន្តែ​ធនា​គារពិភពលោក​បាន​ព្យាករណ៍​ថា ការ​លូតលាស់​ក្នុងឆ្នាំនេះ​នឹង​មានការ​អន់​ថយ​ព្រោះតែ​ការ​លូតលាស់​ជុំវិញ​ពិភពលោក​ធ្លាក់​ចុះ ។

ការ​ធ្វើ​រដ្ឋប្រហារ​ថ្មី​ៗ​នេះ​គឺជា​ការ​ធ្វើ​រដ្ឋប្រហារ​លើក​ទី​២​មក​ហើយ​ក្នុង​រយៈពេល​មិន​ដល់​១០​ឆ្នាំ​ផង ប៉ុន្តែ​វា​មិន​បាន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី Nanmanas Jitwattanakul ប្រធាន​ជំនួយការ​អគ្គនាយករង​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​អន្តរជាតិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Sansiri បាន​និយាយ​ថា​អតិថិជន​បរទេស​កាន់តែ​មាន​ចំណាប់អារម្មណ៍​លើ​អចលនទ្រព្យ​ថៃ​ទៀត​ផង ។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា អតិថិជន​ចិន​ស្មើ ៧០%​នៃ​ការ​លក់​ឲ្យ​ជនបរទេស​សរុប​របស់ Sansiri និង​បន្ត​ថា អតិថិជន​បរទេស​មិន​ព្រួយបារម្ភ​ពី​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ​ព្រោះ​សេដ្ឋកិច្ច​ថៃ ដំណើរការ​អាជីវកម្ម និង​គោលនយោបាយ​ក្នុង​ប្រទេស​មិន​ទទួល​រង​ការ​ប៉ះពាល់​ឬ​ផ្លាស់​ប្តូរ​អ្វី​ឡើយ ។

តម្លៃ​អចលនទ្រព្យ​ក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​ក៏​បាន​កើនឡើង​ទ្វេ​ដង​ដែរ ដូច្នេះ​វិនិយោគិន​គិត​ថា​ប្រទេស​ថៃ​ជា​ប្រទេស​ដ៏​ល្អ​សម្រាប់​វិនិយោគ ហើយ​មាន​អតិថិជន​មួយ​ចំនួន​ទៀត​ក៏​ទិញ​អចលន​ទ្រព្យ​សម្រាប់​ទុកជា​ផ្ទះ​វិស្សមកាល ឬ​ទុក​ពេល​ចូល​និវត្តន៍​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ