ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​ហុងកុង​ប្រហែលមិន​ទាន់​ដួល​រលំ​ទេ

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ យោង​តាម Financial Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ហុងកុង​ត្រូវ​បាន​ចាត់ទុកជា​ទីផ្សារ​លំនៅ​ឋាន​ដែល​មិន​មាន​ផល​ចំណេញ​ខ្ពស់​អស់​៩​ឆ្នាំ​កន្លង​មក​ហើយ ហើយ​វា​អាច​នឹង​បន្ត​ដល់​ឆ្នាំ​ទី​១០​ផង​ដែរ ។ តម្លៃ​ផ្ទះ​ក្នុង​ហុងកុង​បាន​កើនឡើង​ច្រើន​ជាង…

ទីក្រុង​ហុងកុង ៖ យោង​តាម Financial Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ហុងកុង​ត្រូវ​បាន​ចាត់ទុកជា​ទីផ្សារ​លំនៅ​ឋាន​ដែល​មិន​មាន​ផល​ចំណេញ​ខ្ពស់​អស់​៩​ឆ្នាំ​កន្លង​មក​ហើយ ហើយ​វា​អាច​នឹង​បន្ត​ដល់​ឆ្នាំ​ទី​១០​ផង​ដែរ ។

តម្លៃ​ផ្ទះ​ក្នុង​ហុងកុង​បាន​កើនឡើង​ច្រើន​ជាង ២០០%​ទៅ​ទៀត ដែល​បង្ក​ឲ្យ​ប្រជាជន​រស់នៅ​ក្នុងផ្ទះ​មាន​ទំហំ​មិន​លើស​ពី​ទំហំ​រថយន្ត​មួយ​ផង ។ កាលពី​ឆ្នាំ​មុន បន្ទប់​ដែល​មាន​ទំហំ​១១,២៤​ម៉ែត្រការ៉េ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ ២៥,៥​ម៉ឺន​ដុល្លារ​ឯណោះ ។

របាយការណ៍​មួយ​របស់​UBS ព្យាករណ៍​មក​ថា ប្រជាជន​ហុងកុង​ត្រូវ​ធ្វើការ​ដល់​ទៅ​១០​ឆ្នាំ ដើម្បី​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ផ្ទះ​ដែល​មាន​ទំហំ​៦០​ម៉ែត្រការ៉េ មួយ​យូ​នី​ត ។ មូលហេតុ​នេះ​ហើយ​ទើប​ការ​អន់​ថយ​នៃ​តម្លៃ​ដែល​កើត​មាន​ឡើង​តាំងពី​ពាក់កណ្តាល​ឆ្នាំ​មុន​ទទួល​បានការ​ស្វាគមន៍​យ៉ាង​ខ្លាំង​។ ការ​អន់​ថយ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ព្រួយបារម្ភ​ពី​សេដ្ឋកិច្ច​ពិភពលោក ហើយ​ការ​ធ្លាក់​ចុះ​នៃ​ការ​លូតលាស់​សេដ្ឋកិច្ច​ចិន​បាន​បង្ក​ឲ្យ​តម្លៃ​ប្រាប់​យាន់​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់ទី​ផ្សារភាគហ៊ុន​ផង​ដែរ ។

ចំណាប់អារម្មណ៍​លើ​អចលនទ្រព្យ​ហុងកុង​បាន​អន់​ថយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ចាប់ផ្តើម​មានការ​លក់​បញ្ចុះតម្លៃ​ដើម្បី​ទាក់ទាញ​អតិថិជន​ជាដើម ។ យោង​តាម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​របស់ Forbes បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ហុងកុង​ចំនួន ២៣​នាក់​មើលឃើញ​ទ្រព្យសម្បត្តិ​ខ្លួន​ធ្លាក់​ចុះ​ព្រោះតែ​ការ​អន់​ថយ​នៃ​ទីផ្សារ​អចលនទ្រព្យ និង​ការ​លូតលាស់​សេដ្ឋកិច្ច​ចិន ។

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ដុល្លារ​ហុងកុង​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​រូបិយ​វត្ថុ​ហុងកុង (HKMA) ឲ្យ​ចេញ​សកម្មភាព​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​បន្ត​ទៀត​ដែល​បង្ក​ការ​ប៉ះពាល់​ដល់ទី​ផ្សារ​ផ្ទះ​ដោយ​បង្កើន​អត្រា​ការ​ប្រាក់​។ ជា​លទ្ធផល ធនាគារ​ធំ​ៗ​ដូច​ជា Citi និង HSBC បាន​បង្កើន​អត្រា​ការ​ប្រាក់​លើ​កម្ចី​ទិញ​ផ្ទះ​ថ្មី​ៗ​កាលពី​ឆ្នាំ​មុន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​ដែល​អាច​ប៉ះពាល់​ដល់​សំណង​។ ប៉ុន្តែ​អត្រា​ការ​ប្រាក់​បាន​ធ្លាក់​ចុះ​ពី​២,៣%​មក​ស្មើ ១,៧%​វិញ​កាលពី​ខែធ្នូ​។

លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​ទីផ្សារ​ភាគហ៊ុន​ចិន​បន្ត​ងើបឡើង​វិញ នោះ​ការ​វិនិយោគ​នឹង​ចាប់ផ្តើម​ហូរ​ចូល​ទៅ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ដដែល​។

អ្នកស្រី Nicole Wong អ្នកវិភាគ​នៅ CLSA បាន​និយាយ​ថា មាន​វិនិយោគិន​ជា​ច្រើន​ដែល​កំពុង​ស្វែងរក​ផ្ទះ​ដែល​មាន​ប្រាក់​ចំណេញ​ច្រើន​។ ព្រោះតែ​ធនាគារជាតិ​អា​មេ​រិ​ក​ប្រហែលជា​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ក្នុង​ពេល​ខាង​មុខ សម្ពាធ​ដែល​ប្រាក់​ដុល្លារ​ដាក់​លើ​ទីផ្សារ​អចលនទ្រព្យ​ហុងកុង​កំពុង​តែ​បាត់​ទៅ​បន្តិច​ម្តង​ដែរ ដូច្នេះ​ទីផ្សារ​អចលនទ្រព្យ​ហុងកុង​ប្រហែលជា​អាច​បន្ត​ការ​លូតលាស់​ទៅ​មុខ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ