ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​កំពុង​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយ​ដ្ឋាន​​អង្គរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ មានការ​ប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ​ដែល​កំពុង​ត​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ពិសេស​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​នានា​យ៉ាង​គឃ្លើន។ អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ថា ការ​ប្រកាស​លក់ដូរ​ដីធ្លី​នេះ គឺ​បាន​ផ្ទុយ​នឹង​ច្បាប់​ដូច​មាន​ចែង​ក្នុង​ព្រះរាជ​ក្រឹត្យ​លេខ​០០១…

ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ មានការ​ប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ​ដែល​កំពុង​ត​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ពិសេស​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​នានា​យ៉ាង​គឃ្លើន។

អាជ្ញាធរ​ជាតិ​អប្សរា​ព្រមាន​ថា ការ​ប្រកាស​លក់ដូរ​ដីធ្លី​នេះ គឺ​បាន​ផ្ទុយ​នឹង​ច្បាប់​ដូច​មាន​ចែង​ក្នុង​ព្រះរាជ​ក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តី​ពី​ការ​កំណត់ និង​ការ​ចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និង​សេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជ​រដ្ឋា​ភិបាល ស្តី​ពី​ការ​កំណត់​បទដ្ឋាន​នៃ​ការ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ។ ដូច្នេះ​សូម​បងប្អូន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដកខ្លួន​ចេញ​ជា​បន្ទាន់ ដើម្បី​ជៀសវាង​ការ​ខាតបង់​ដោយ​ប្រការ​ផ្សេង​ៗ ។ ឆ្លៀត​ក្នុង​ឱកាស​នេះ អាជ្ញាធរ​ជាតិ​អប្សរា​សូម​អំពាវនាវ​ដល់​បងប្អូន​កូន​ខ្មែរ​គ្រប់​រូប​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ទីតាំង​ដែល​ជា​កេ​តំណែល​របស់​បុព្វបុរស​ខ្មែរ​យើង និង​ជា​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​ល្បីល្បាញ​ពេញ​សកលលោក។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ថា ៖« ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព ព្រមទាំង​បញ្ចៀស​ការ​ខូចខាត​ផល​ប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការ​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ​-​សង្កាត់​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​ក្រុង​សៀមរាប​ដែល​មាន​ដូច​ជា​នៅ​ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ចំនួន​៣​ផ្ទាំង ភូមិ​ខ្វៀន សង្កាត់​គោក​ចក ចំនួន​១​ផ្ទាំង ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ចំនួន​១​ផ្ទាំង ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ចំនួន​១​ផ្ទាំង »​។

ក្រៅពី​ទីតាំង​ដូច​រៀបរាប់​ខាងលើ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដំឡើង​ផ្ទាំង​ព័ត៌មាន​នេះ​នៅ​តាម​ទីតាំង​ភូមិ​សាស្ត្រ​មួយ​ចំនួន​ទៀត​ដែល​សកម្មភាព​ទិញ​-​លក់​ដីធ្លី​កំពុង​តែ​កើតឡើង ។ ដូច្នេះ​សូម​បងប្អូន​ចាប់​អារម្មណ៍ និង​យកចិត្តទុកដាក់ ក្រែង​ទិញ​ដី​ចំ​តំបន់ហាមឃាត់ ដែល​ក្រុម​ឈ្មួញ​ខិលខូច​លួច​លក់​ដោយ​ខុសច្បាប់ ។

អាជ្ញាធរ​ជាតិ​អប្សរា​ស​ង្គ​ត់​ធ្ងន់​ថា ៖« ក្នុង​នាម​យើង​ទាំងអស់​គ្នា​ជា​ម្ចាស់​អង្គរ ជា​ម្ចាស់​បេតិកភណ្ឌ​ពិភព​លោក និង​អង្គរ​ជា​ដួង​ព្រលឹង​ជាតិខ្មែរ យើង​សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុង​តែ​ប្រព្រឹត្ត​សកម្ម​ភាព​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​អវិជ្ជមាន​របស់​ខ្លួន និង​សូម​ឲ្យ​យើង​ម្នាក់​ៗ​ចូលរួម​បំពេញ​តួនាទី​ជា​អ្នក​ទប់ស្កាត់ ថែរក្សា ការពារ និង​អនុវត្ត​ច្បាប់​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ »​។

នៅ​ក្នុង​ជំពូក​១ មាត្រា​៣ និង​មាត្រា​៤​នៃ​ព្រះរាជក្រឹត្យ​ខាងលើ​បាន​បញ្ជាក់​ថា តំបន់​១​ជា​តំបន់​ដែល​មាន​ស្ថានីយ​បុរាណវត្ថុ​សំខាន់​ៗ​ហើយ​ត្រូវ​ទទួល​កិច្ច​ការពារ​ខ្ពស់​បំផុត ។ តំបន់​២​ជា​តំបន់​ដែល​សម្បូរ​សំណល់​បុរាណវត្ថុ ដែល​ត្រូវ​ការពារ​ទប់ទល់​នឹង​ការ​ប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការ​អភិវឌ្ឍ​មិន​សម​ស្រប​។ តំបន់​២​មាន​សារសំខាន់​ចម្បង​ដោយសារ​ជា​តំបន់ទ្រនាប់​សម្រាប់​ការពារ​តំបន់​១​។

ក្នុង​ជំពូក​២ មាត្រា​៨ បញ្ជាក់​ថា ទិស​ដៅ​សម្រាប់​តំបន់​ត្រូវ​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ត្រូវ​ប្រកាន់​ទិស​ដៅ​អភិវឌ្ឍន៍​ដូច​តទៅ​៖ តំបន់​១​និង​តំបន់​២ ហាមឃាត់​ការ​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​មាន​ប្រាសាទ លើក​លែង​តែ​ការ​អភិវឌ្ឍ​ណា​ដែល​មាន​សារ​ប្រយោជន៍​សម្រាប់​កិច្ច​ការពារ និង​ការ​លើក​ស្ទួយ​តម្លៃ​រមណីយដ្ឋាន​ឬ​បុរាណវត្ថុ​នោះ ឬ​សម្រាប់​ការ​ថែរក្សា​របៀប​រស់នៅ​របស់​មនុស្ស​នៅ​តំបន់​នោះ ។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីសម្រេច​លេខ​៧០.​សសរ ដោយ​កំណត់​ដីធ្លី​ស្ថិត​ក្នុង​តំបន់​១​និង​តំបន់​២​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ជា​ដី​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច កាតព្វកិច្ច​ត្រូវ​គ្រប់គ្រង ថែរក្សា​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ រីឯ​ការ​ប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​១​និង​តំបន់​២​ត្រូវ​បាន​កំណត់​ដូច​តទៅ ៖

១- ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន និង​រស់នៅ​យូរលង់​មក​ហើយ អាច​បន្ត​រស់នៅ​តទៅ​ទៀត​បាន​ដោយ​មិន​មានការ​ដេញ​ឲ្យ​ចាក​ចេញពី​ភូមិដ្ឋាន​ឡើយ ។

២- ប្រជាពលរដ្ឋ​អាច​រុះរើ​ជួសជុល​ផ្ទួះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយ​មានការ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

៣- ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​និង​ចាត់ចែង​ដីធ្លី​តាម​រូបភាព​ដូច​ជា ផ្ទេរមរតក​ទៅ​ឲ្យ​ញាតិសន្តាន​ពី​ឪពុក​ម្តាយ​ទៅ​កូនក្មួយ ឬ​លក់ដូរ​ឲ្យ​អ្នក​ភូមិ​ផង​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ហាមឃាត់​លើ​សកម្មភាព​ទិញ​-​លក់​ដី​របស់​ខ្លួន​ឲ្យ​ឈ្មួញ ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យកចំណេញ​សម្រាប់​ក្រុមហ៊ុន ឬ​បុគ្គល ឬ​ការ​ទិញ​-​លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ