ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សំណាង និង​ឌុ​ម កែវ​ដា ដណ្ដើម​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​ឌុ​ម កែវ​ដា មក​ពី​ក្លិ​មកុដ​រាជសីហ៍ បើ​ទោះ​ជា​នៅ​សល់​១​ប្រកួត​ម្នាក់​ក្នុង​ដៃ​ទៀត​មែន ប៉ុន្តែ​ឆ្លងកាត់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ស៊ី​ធី​អិុន…

រាជធានី​ភ្នំពេញ ៖ ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​ឌុ​ម កែវ​ដា មក​ពី​ក្លិ​មកុដ​រាជសីហ៍ បើ​ទោះ​ជា​នៅ​សល់​១​ប្រកួត​ម្នាក់​ក្នុង​ដៃ​ទៀត​មែន ប៉ុន្តែ​ឆ្លងកាត់​ការ​ប្រកួត​នៅ​លើ​សង្វៀន​ស៊ី​ធី​អិុន កាលពី​ថ្ងៃ​អាទិត្យ ទី​១៧ កុម្ភៈ កន្លង​មកនេះ គេ​ទាំង​២​មានឱកាស​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​។

លោក មាស វណ្ណ​ឌី មន្ត្រី​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ឡុ​ង សំណាង បន្ទាប់​ពី​យកឈ្នះ​កីឡាករ​ថៃ Pit Sayfa ដោយ​ពិន្ទុ​លើក​នេះ​ទៀត គេ​មាន​៩​ពិន្ទុ​នៅ​ក្នុង​ដៃ​ហើយ​។ ដូច្នេះ​បើ​ទោះ​ជា​នៅ​សល់​១​ប្រកួត​ទៀត​ក៏​ដោយ តែ​គេ​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ឡើង​ទៅ​កាន់​កៅអី​ប្រកួត​វគ្គ​បន្ត​។ ដូច​គ្នា​ជាមួយ​កីឡាករ ឌុ​ម កែវ​ដា​ដែរ លើក​នេះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្ដល់​ពិន្ទុ​ឱ្យ​ឈ្នះ​កីឡាករ​ថៃ Check Nuon ដោយ​ស្វ័យប្រវត្តិ ខណៈ​កីឡាករ​ថៃ​ម្នាក់​នេះ​មិន​អាច​រក្សា​ទម្ងន់​បាន គេ​លើស​ទម្ងន់​ជិត​៥​គីឡូក្រាម ហើយ​កីឡាករ​ឌុ​ម កែវ​ដា​ក៏​មាន​៩​ពិន្ទុ​នៅ​ក្នុង​ដូច​គ្នា​ជាមួយ​កីឡាករ ឡុ​ង សំណាង​ដែរ។

លោក​បានឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នេះ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​មាន​តែ​កីឡា ឡុ​ង សំណាង និង​ឌុ​ម កែវ​ដា​ប៉ុណ្ណោះ ដែល​មាន​ពិន្ទុ​ច្រើន​លើសគេ​។ ដោយឡែក​កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ សម្រាប់​ការ​ប្រកួត​៣​លើក​មកនេះ ឈ្នះ​២​ប្រកួត​ចាញ់​អស់​១​ប្រកួត​។ រីឯ​កីឡាករ ពុ​យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​វិញ​នោះ​កាន់តែ​អស់​ផ្លូវ​អ៊ុត​ថែម​ទៀត ដោយសារ​តែ​ការ​ប្រកួត​ទាំង​៣​លើក​របស់​គេ​រួច​មក​ហើយ​នោះ ស្គាល់​ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ​។

ប៉ុន្តែ​លោក​មាស សុខ​គ្រី ដែល​ជា​មន្ត្រី​សម្របសម្រួល​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ប្រចាំ​សង្វៀន​ស៊ី​ធី​អិុន និង​ស៊ី​អិុ​ន​ស៊ី​វិញ​នោះ បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នេះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ប្រើ​រូបមន្ត​ខុស​គេ នៅ​ត្រង់​ថា មិន​ថា​កីឡាករ​ខ្មែរ ឬ​បរទេស​នោះ​ទេ សំខាន់​ឱ្យ​តែ​អ្នក​ណា​មាន​ពិន្ទុ​ច្រើន​ជាងគេ​ចំនួន​៤​នាក់ ទើប​អាច​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត​បាន ។ ដូច្នេះ​គេ​នៅ​រង់ចាំ​អ៊ុត​មើល​ការ​បូក​សរុប​ពិន្ទុ​របស់​កីឡាករ​ទាំង​៨​នាក់ ក្នុង​នោះ​កម្ពុជា​៤​នាក់ ថៃ​៤​នាក់ នៅ​ពេល​ចប់​ការ​ប្រកួត​ទាំងស្រុង​សិន​។ ជួនកាល​កីឡាករ​កម្ពុជា​យើង​អាច​ឡើង​ទៅ​ដល់​វគ្គ​ប្រកួត​បន្ត​៣​នាក់ ថៃ​១​នាក់​ក៏​ថា​បាន​ដែរ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ​នោះ ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ Sok San ខណៈ កីឡាករ គាង សុ​ភេ​ន មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ អេ​ង ស៊ា​វ​ឡុ​ង ក្លិប​តា​ព្រហ្ម​មាន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ