ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចូល​មក​រករឿង​កសិករ​ខ្មែរ​ឱ្យ​ដក​ដំឡូង​មី​ចេញឱ្យអស់​៦ហិកតា ទាំង​មិន​ទាន់ដល់អាយុកាល​ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ថៃ​មួយ​ក្រុម​បាន​ចូល​មក​កម្ពុជា​រករឿង​កសិករ​ខ្មែរ​ដោយ​បញ្ជា​ឲ្យ​ដក​ដំឡូង​មី​ឲ្យ​អស់​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១៩ បើ​ទោះជា​ម្ចាស់​ចំការ​សុំ​ពេល​៣​ខែ​ទុក​ឲ្យ​ដំឡូង​ធំ​សិន​ក៏​ដោយ ។ ចំណុច​កើតហេតុ​ស្ថិត​នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ថៃ​មួយ​ក្រុម​បាន​ចូល​មក​កម្ពុជា​រករឿង​កសិករ​ខ្មែរ​ដោយ​បញ្ជា​ឲ្យ​ដក​ដំឡូង​មី​ឲ្យ​អស់​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១៩ បើ​ទោះជា​ម្ចាស់​ចំការ​សុំ​ពេល​៣​ខែ​ទុក​ឲ្យ​ដំឡូង​ធំ​សិន​ក៏​ដោយ ។

ចំណុច​កើតហេតុ​ស្ថិត​នៅ​បន្ទាត់​ព្រំដែន​ក្នុងភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ឈម​ទឹកដី​ថៃ ភូមិ​ណ​ង​យ៉ា​កែវ ឃុំ​គ្ក​ធ្យូង ស្រុក​គ្ក​ធ្យូង ខេត្ត​ស្រះ​កែវ ។ ទីតាំង​កើតហេតុ​មាន​ដំឡូង​មី​មិន​ទាន់​គ្រប់​អាយុ​ចំនួន​៦​ហិ​កតា​ ដាំ​ដោយ​គ្រួសារ​ចំនួន​២ ក្នុង​នោះ​គ្រួសារ​ទី​១-​ឈ្មោះ​សំណាង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ស៊ា​ង ឡេ​ង អាយុ​៦១​ឆ្នាំ មាន​ចំនួន​៥ហិ​កតា ចំណែក​គ្រួសារ​ទី​២-​ឈ្មោះ​សេង សុខា អាយុ​៥៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ភួយ​ហឿ​ត អាយុ​៣៣​ឆ្នាំ មាន​ចំនួន​១​ហិ​កតា ។

គ្រួសារ​រងគ្រោះ​ទាំង​២​ខាងលើ​ជា​បងប្អូន​នឹង​គ្នា រស់នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

គ្រួសាររងគ្រោះ​​ទាំង​២​ខាងលើ​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ពួក​គាត់​ជួល​ដី​គេ​ដាំដំឡូង​មី ដើម្បី​អាស្រ័យ​ផល ព្រោះ​គ្រួសារ​របស់​ពួក​គាត់​ក្រីក្រ​គ្មាន​មុខរបរ​។

គ្រួសារ​រងគ្រោះ​ទាំង​២​ខាងលើ​បាន​បន្ត​ថា កាលពីដើម​ឡើយ គ្មាន​អ្នក​ណា​ហាមឃាត់ ឬ​រារាំង​ទេ ទើប​មួយ រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ថៃ​តែងតែ​មក​រករឿង​ដោយ​ឲ្យ​គ្រួសារ​របស់​ពួក​គាត់​ធ្វើការ​ដក​ដំឡូង​លើ​ផ្ទៃដី​ដែល​ដាំ​ចំនួន​៦​ហិ​កតា​ឲ្យ​អស់ បើ​ទោះជា​ដំឡូង​មី​របស់​ពួក​គាត់​នៅ​មើម​តូច​មិន​ទាន់​ដល់​អាយុ​កាលដែល​ត្រូវ​ដក ព្រោះ​ទើប​ដាំ​បាន​ត្រឹមតែ​រយៈពេល​៤​ខែ​ក្តី ។

គ្រួសារ​រងគ្រោះ​ទាំង​២​ខាងលើ​បាន​ប្រាប់​ថា កាលពី​ព្រឹក​ថ្ងៃទី​​​១៦ កុម្ភៈ សមត្ថកិច្ច​ថៃ​បាន​យក​គ្រឿងចក្រ​មួយ​គ្រឿង​ពណ៌​ក្រហម (​ត្រាក់ទ័រ​) មក​ក្នុង​ចំការ​របស់​ពួក​គាត់​គំរាម​ថា បើ​ពួក​គាត់​មិន​ដក​ដំឡូង​មី​តាម​ពួក​គេ​ស្នើ​សុំ​ទេ​ពួក​គេ​នឹង​យក​ត្រាក់ទ័រ​ឈូស​ឆាយ​កម្ទេច​ចោល​តែ​ម្តង ។ ទោះបី​យ៉ាងណា​ក៏​ដោយ បញ្ហា​ខាងលើ​ត្រូវ​បាន​ស្អប់​ទៅ​វិញ ដោយ​កម្លាំង​ជួរ​មុខ​កម្ពុជា​ធ្វើការ​រារាំង​មិន​ឲ្យ​ភាគី​ថៃ​ធ្វើ​អ្វី​តាម​អំពើចិត្ត​ឡើយ ហើយ​សមត្ថកិច្ច​ថៃ​បាន​ដក​កម្លាំង​ទៅ​វិញ​នៅ​ព្រឹក​ដដែល​។

តាម​លោក​វរ​សេនី​យ៍​​ត្រី​សួន បូ​រ៉ា មេបញ្ជាការ​សេនាធិការ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ ក៏​ដូច​ជា​យោធា​ជួរ​មុខ​កម្ពុជា​ដែល​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ​ប្រាប់​ថា មុន​ពេល​កើតហេតុ ភាគី​ថៃ​បាន​ចូល​មក​ជួប​ខាង​លោក​២​ដង​មក​ហើយ​ៗ គេ​លើក​ពី​ចំណុច​កើតហេតុ​គឺ​និយាយ​ពី​MOU ដោយ​ថា ចង់​រក្សា​អ្វី​ៗ​ឲ្យ​នៅ​ដដែល​ទាំង​សងខាង​មិន​ឲ្យ​ឈូស​ឆាយ​ឬ​មិន​ឲ្យ​ធ្វើ​អ្វី​ឡើយ​។

កម្លាំង​ជួរ​មុខ​បាន​បន្ត​ថា កន្លង​មក​បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខាងលើ​ធ្វើ​ចំការ​នៅ​ចំណុច​កើតហេតុ​ទេ ព្រោះ​ជា​តំបន់​ប្រទាញប្រទង់ ឬ​ហាមឃាត់ ព្រោះ​ទុក​ឲ្យ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​ជា​អ្នក​សម្រេច ។

គ្រួសារ​រងគ្រោះ​ទី​២​ខាងលើ​និយាយ​ថា គ្រួសារ​គាត់ និង​ង​គ្រួសារ​បង​របស់​គាត់​អង្គុយ​យំ​មួយ​ព្រឹក​ហើយ ព្រោះតែ​យក​ប្រាក់​ធនាគារ​ទៅ​ផ្សងសំណាង​ធ្វើ​ចំការ​ក្រែង​បាន​ផល និង​មានការ​ងារ​ធ្វើ​នឹង​គេ ដឹង​អី​ពេល​នេះ​ភាគី​ថៃ​មក​រករឿង​ឲ្យ​ដក​ទាំង​ដំឡូង​មី​នៅ​តូច​ពុំ​ទាន់​មាន​ម្សៅ​ល្អ ម្យ៉ាង​អាកាសធាតុ​គ្មាន​ភ្លៀង ដី​រឹង​ដក​ផល​ដំឡូង​មី​ក៏​យ៉ាប់​ទៀត ។ ពួក​គាត់​និយាយ​ថា មិន​គួរ​សោះ​ជា​ដី​ខ្មែរ បែរជា​ភាគី​ថៃ​មាន​សិទ្ធិ​មក​រករឿង​សព្វបែបយ៉ាង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ