ខេត្តកំពត ៖ នគរបាលចរាចរក្រុងកំពតបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែកជាបួនមុខផ្ទះសំណាក់បូរីវឌ្ឍនះ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។
ករណីខាងលើបង្កឡើងរវាងដោយរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌ស ពាក់ផ្លាកលេខ ព្រះស៊ីហនុ 2B-9763 បុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1J-4239 បើក
បរដោយឈ្មោះ ណាំ ចាន់ស៊ាង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានរងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។
ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានបង្កើនល្បឿនបើករត់គេចខ្លួនមុនសមត្ថកិច្ចចរាចរទៅដល់កន្លែងកើតហេតុ ប៉ុន្តែបានបន្សល់ទុកកាងមុខរថយន្ត និងផ្លាកលេខនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចចរាចរបានបញ្ជាក់ថា រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត រីឯម៉ូតូបើកបរក្នុងទិស
ដៅពីត្បូងទៅជើង ។ អ្នករងរបួសត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត ចំណែកវត្ថុតាងរថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពត និងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កតាមរយះផ្លាកលេខដែលជ្រុះជាប់នឹងកាងរថយន្តនៅកន្លែងកើតហេតុ ដើម្បីហៅម្ចាស់រថយន្តនោះមកដោះស្រាយគ្នាជាមួយគ្រួសារជនរងគ្រោះនៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ