ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អឺរ៉ុប និង​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ទាំង​ថ្នាក់​តំបន់​និង​ពិភពលោក​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ សម្រេច​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​តំបន់​អឺរ៉ុប និង​ប្រទេស​ចិន​ជាទី​ផ្សារ​នាំ​ចេញ​នាំ​ចូល​ធំ​ជាងគេ ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ទាំង​ថ្នាក់​តំបន់​និង​ពិភពលោក​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ សម្រេច​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​តំបន់​អឺរ៉ុប និង​ប្រទេស​ចិន​ជាទី​ផ្សារ​នាំ​ចេញ​នាំ​ចូល​ធំ​ជាងគេ ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​ធនាគារជាតិ​នៃ​កម្ពុជា ។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​ចេញ​សរុប​មាន​ទឹកប្រាក់​ប្រមាណ​១៣,៦​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​ទៅ​តំបន់​អឺរ៉ុប​មាន​ទំហំ​២៩%, សហរដ្ឋអាមេរិក​២៤%, អង់គ្លេស​៩% និង​ជប៉ុន​៨%​។ ចំណែក​ការ​នាំ​ចូល​សរុប​មក​ពី​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​១៨,៨​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​មក​ពី​ប្រទេស​ចិន​មាន​៣៩,៧%,​ថៃ​មាន​១៥,៥%, វៀតណាម​មាន​១១,៧% និង​ជប៉ុន​មាន​៤% »​។
របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​បរិការណ៍​ដែល​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​រក្សា​បាន​យ៉ាង​រឹង​មាំ ខណៈ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​, ស្ថិរភាព​ថ្លៃ និង​កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ បាន​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​បង្កើន​ជំនឿ​ទុកចិត្ត​ទៅ​លើ​សក្តានុពល​នៃ​សេដ្ឋកិច្ច​កម្ពុជា ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មាន​ប្រសាសន៍​ថា កាលណា​និយាយ​ពី​ពាណិជ្ជកម្ម​អន្តរជាតិ ការ​បង្កើត​បានដៃ​គូ​ល្អជា​រឿង​សំខាន់ ជា​ពិសេស​ការ​បង្កើត​ទីផ្សារ ប្រសិនបើ​មាន​ដៃគូ​ល្អ មាន​ន័យ​ថា បង្កើត​ទីផ្សារ​ល្អ ហើយ​ប្រទេស​ទាំង​៨​ខាងលើ​នេះ ជា​ដៃគូ​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ។

លោក​បណ្ឌិត​លើក​ឡើង​ថា នៅ​ពេល​អនាគត បណ្តា​ប្រទេស​ទាំងនេះ​នៅ​តែ​ជា​ដៃគូ​ល្អ​របស់​កម្ពុជា​ដដែល ហើយ​ប្រសិនបើ​បាត់បង់​ដៃគូ​ណាមួយ គឺ​ស្មើនឹង​បាត់​ឱកាស​ឈាន​ទៅ​រក​ទីផ្សារ​នៃ​បណ្តា​ប្រទេស​ទាំង​អស់នោះ ពិសេស​អឺរ៉ុប​ជា​ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន ព្រោះ​គេ​ផលិត​តែ​របស់​មាន​តម្លៃ​ខ្ពស់​ប៉ុណ្ណោះ គឺ​សំដៅលើ​ឧស្សាហកម្ម​ធុន​ធ្ងន់ ដូច​ជា​យន្តហោះ​ជាដើម តែ​សម្រាប់​ផលិតកម្ម​តូច​ៗ គេ​មិន​ផលិត​ទេ ដូច្នេះ​ហើយ​អឺរ៉ុប​ជាទី​ផ្សារ​ធំ​មួយ​របស់​កម្ពុជា ។

ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា បើ​តាម​លោក​បណ្ឌិត​យល់​ថា ៖« កម្ពុជា​មិន​ទាន់​រៀបចំ​ខ្លួន​បាន​រួចរាល់​នៅឡើយ​នោះ​ទេ​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​នា​ពេល​ខាង​មុខ​។ មាន​ន័យ​ថា ទាក់ទង​មូលដ្ឋាន​ពាណិជ្ជកម្ម យើង​មិន​បាន​រៀបចំ​កម្លាំង​ពលកម្ម​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ជា​ពិសេស​ខាង​ជំនាញ​វិជ្ជាជីវៈ »​។ ទោះ​យ៉ាងនេះ​ក្ដី លោក​ថា ៖« កម្ពុជា​បាន​ចាប់ផ្តើម​ហើយ ពិសេស​យើង​ឃើញ​ក្រសួង​ការងារ​បាន​រៀបចំ​វិទ្យាស្ថាន​មួយ​ចំនួន​សម្រាប់​ធ្វើការ​បណ្តុះបណ្តាល​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ឡើង » ។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ៖« សម្រាប់​ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​តែ​ជា​រឿង​សំខាន់ ពិសេស​ការ​យល់​ដឹង​ទៅ​លើ​ការ​វិនិយោគ និង​ការ​កែ​ច្នៃ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែ​មិន​ចង់​ធ្វើការ​វិនិយោគ​ឬ​ផលិត​អ្វី​នោះ​ទេ ភាគច្រើន​ឱ្យ​តែ​មាន​អគារ គឺ​ចង់​ជួល​អគារ មាន​ដី​ចង់​ជួល​ឬ​លក់​ដី​យក​លុយ​ចាយ បើ​ទៅ​ធ្វើ​ជំនួញ​ឬ​បង្កើត​មុខរបរ ចេះ​តែ​យល់​ថា​ខ្លាច​ធ្វើ​មិនកើត ដោយសារ​គ្មាន​ទំនុកចិត្ត គ្មាន​បទ​ពិសោធន៍ និង​ដោយសារ​តែ​គ្មាន​ជំនាញ »​។ យោង​តាម​របាយការណ៍​ស្តី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា អាច​ប្រឈម​ហានិភ័យ​ពី​កត្តា​ខាងក្រៅ​ដូច​ជា ៖ ១-​លំហូរ​ចេញ​នៃ​មូលធន​ពី​តំបន់​បន្ត​ងើបឡើង​នៃ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍ បាន​នាំ​ឱ្យ​ធនាគា​កណ្តាល​មួយ​ចំនួន​នៃ​ប្រទេស​ទាំងនេះ ជា​ពិសេស​សហរដ្ឋអាមេរិក បន្ត​ធ្វើ​ប្រក្រតី​កម្ម​លើ​គោលនយោបាយ​រូបិយ​វត្ថុ តាម​រយៈ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​គោល ។

២-​លំហូរ​ចេញ​នៃ​មូលធន​ពី​តំបន់​ទៅ​សហរដ្ឋអាមេរិក អាច​នាំ​ឱ្យប្រាក់​ដុល្លារ​ឡើងថ្លៃ​។
៣-​ទោះបីជា​លទ្ធភាព​នៃ​ការ​កើនឡើង​ថ្លៃ​ប្រេង​អន្តរជាតិ​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា ដោយសារ​ការ​ប្រើប្រាស់​ថាមពល​ពឹងផ្អែក​ភាគច្រើន​ទៅ​លើ​ប្រភព​វា​រី​អគ្គិសនី ៤៨,៥% និង​ធ្យូងថ្ម​៣៤,៥%​ក៏​ដោយ ក៏​ការ​កើនឡើង​ថ្លៃ​នេះ អាច​រួមចំណែក​បង្កើន​ថ្លៃ​ដឹក​ជញ្ជូន និង​ថ្លៃដើម​ផលិតកម្ម ដូច្នេះ​អាច​បង្កើន​សម្ពាធ​លើ​អត្រា​អតិផរណា​កម្ពុជា​ផង​ដែរ ។ ៤- កម្ពុជា​ប្រឈម​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA) របស់​សហភាព​អឺរ៉ុប និង​កំពុង​ដំណើរការ​នីតិវិធី មុន​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​ដក ដែល​អាច​មាន​រយៈពេល​យ៉ាងតិច​១៨​ខែ ។ ៥- ការ​អនុវត្ត​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ អន្តរ​ប៉ា​ស៊ី​ហ្វិ​ក និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ជាមួយនឹង​ប្រទេស​ជា​គូប្រកួត​ប្រជែង​នាំ​ចេញ​របស់​កម្ពុជា ដែល​កិច្ចព្រមព្រៀង​ទាំងនេះ នឹង​ផ្តល់​អាទិភាព​ឱ្យ​ប្រទេស​ជា​ប្រកួតប្រជែង​នាំ​ចេញ​របស់​កម្ពុជា​មាន​នាំ​ទំនិញ​ចូល​ទីផ្សារ​ធំ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ