ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណវិបត្ដិ​នៃ​ការ​សេព​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ដ​ក្លាយខ្លួន​ទៅ​ជា​មនុស្ស​វិបល្លាស​

10 ឆ្នាំ មុន

សេព​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​នោះ​ទេ​ ថែម​ទាំង​ផ្ដល់​នូវ​គុណវិបត្ដិ​មួយ​ចំនួន​ដល់​សុខភាព​ ប៉ះពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ​ ជា​ពិសេស​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល​បាត់​បង់​ការ​ចង​ចាំ​ វង្វេង​វង្វាន់​អាច​ឈាន​ដល់​កើត​ជំងឺ​វិកល​ចរិត​ ។​ លើស​ពី​នេះ​ទៀត​ ការសេព​សុរា​បង្ក​បញ្ហា​សព្វ​បែប​យ៉ាង​ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ ប្រើអំពើ​

សេព​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​លោក​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​នោះ​ទេ​ ថែម​ទាំង​ផ្ដល់​នូវ​គុណវិបត្ដិ​មួយ​ចំនួន​ដល់​សុខភាព​ ប៉ះពាល់​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ដ​ ជា​ពិសេស​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល​បាត់​បង់​ការ​ចង​ចាំ​ វង្វេង​វង្វាន់​អាច​ឈាន​ដល់​កើត​ជំងឺ​វិកល​ចរិត​ ។​ លើស​ពី​នេះ​ទៀត​ ការសេព​សុរា​បង្ក​បញ្ហា​សព្វ​បែប​យ៉ាង​ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ ប្រើអំពើ​ហិង្សា​​​ក្នុង​គ្រួសារ​ បង្ក​ភាព​ចលាចល​ក្នុង​ស្រុក​-ភូមិ​ជា​ដើម​ ។​

លោកវេជ្ជបណ្ឌិត​ យឹម​ សុបុត្រា​ ឯក​ទេស​វិកល​វិទ្យា​នៃ​គ្លីនិក​សាន់​រ៉ាយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ទស្សនៈ​របស់​ប្រជាពល​រដ្ឋ​មួយ​ចំនួន​យល់​ថា​ សុរា​គឺ​ជា​ភេសជ្ជៈ​ និង​ថ្នាំ​ដែល​ព្យាបាល​អាការ​ឈឺ​ចុក​រោយ​សាច់​ដុំ​ ឈឺ​ក្បាល​ ជួយ​ធ្វើ​ឱ្យ​ឈាម​រត់​បាន​ស្រួល​ និង​ព្យាបាល​រោគ​បេះដូង​ ។​ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា​ តាម​ពិត​សុរា​ជា​សារធាតុ​ពុល​ទៅ​វិញទេ​ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មិន​អាច​គេច​ផុត​ បើ​ការ​ប្រព្រឹត្ដ​ធ្វើ​ឡើង​ជា​រឿយៗ​ ។​ ជាក់ស្ដែង​ កាល​ពី​មួយ​ឆ្នាំ​មុន​ ក្នុង​ខេត្ដ​ពោធិ៍សាត់​ មាន​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ដោយ​សារ​ការ​សេព​សុរា​ដែល​មាន​សារធាតុ​ពុល​នេះ​ ។​ គ្រឿង​ស្រវឹង​បាន​ផ្ដល់​ផល​ប៉ះពាល់​ជា​ច្រើន​ដូចជា​ ៖​

ប៉ះពាល់​ថ្លើម​ៈ បើ​សិន​ជា​លោក​អ្នក​ទទួល​ទាន​ស្រា​ហួស​កម្រិត​មាន​រយៈ​ពេល​យូរ​នឹង​ប្រឈម​មុខ​ជំងឺ​ក្រិនថ្លើម​ ហើយ​បើ​នៅ​តែ​ប្រព្រឹត្ដ​បន្ដ​ទៀត​នឹង​វិវឌ្ឍ​ទៅ​ជា​ជំងឺ​ទាចទឹក​ ក្នុង​ករណី​មិន​ឈប់​ អាច​ឈាន​ទៅ​រក​ជំងឺ​មហារីក​ថ្លើម​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​បំផុត​ ។​
ប៉ះពាល់​ដល់​ប្រដាប់​រំលាយ​អាហារ​ៈ​ គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​រលាក​បំពង់​រំលាយ​អាហារ​ ចំណី​អាហារ​នៅ​ក្នុង​ក្រពះ​ត្រូវ​ចង្អោរ​​ ឬ​ភើ​ឡើង​លើ​វិញ​ទៅ​ជា​រលាក​ក្រពះ​ យូរៗ​អាច​ទៅ​ជា​ជំងឺ​មហា​រីក​ពោះវៀន​តូច​ ដោយ​សារ​ការ​រំលាយ​អាហារ​មិន​បាន​ ​។​ ជា​ធម្មតា​ អ្នក​សេព​គ្រឿង​ស្រវឹង​មិន​សូវ​ហូប​អាហារ​ទេ​​ ជា​ហេតុ​នាំ​ឱ្យ​ជាតិ​ស្រា​បង្ក​ការ​រលាក​​ពោះវៀន​តូច​ ពោះវៀនធំ​ និង​បង្ក​ឱ្យ​ងាយ​បាត់បង់​សារជាតិ​ចិញ្ចឹម​សរីរាង្គ​ ។​

ប៉ះពាល់​ទៅ​ដល់​បេះដូង​ៈ ស្រា​ធ្វើ​ឱ្យ​ចង្វាក់​បេះ​ដូង​លោត​ខុស​ប្រក្រតី​ បើ​ទទួល​ទាន​ខ្លាំង​មែនទែន​ទៅ​អាច​ធ្វើ​ឱ្យ​គាំង​បេះ​ដូង​ស្លាប់​ ឬ​លើស​ឈាម​ ឬ​ក៏​សាច់ដុំ​បេះដូង​ខ្សោយ​ដោយ​សារ​ការ​លោត​ញាប់​នៃ​ចង្វាក់​បេះដូង​ ។​
ប៉ះពាល់​ដល់​ខួរក្បាល​ៈ សុរា​ធ្វើ​ឱ្យ​ការ​ចង​ចាំ​មិន​បាន​ល្អ​ដោយ​សារ​ប៉ះពាល់​ដល់​តំបន់​ចងចាំ​ជាតិ​ពុល​នៃ​ស្រា​ទៅ​បំពុល​កោសិកា​ខួរ​ក្បាល​រហូត​ដល់​ស្លាប់​ ។​ បើ​ទទួល​ទាន​កាន់​តែ​យូរ​នឹង​បង្ក​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ អ្នក​ជំងឺ​ចាប់​ផ្ដើម​និយាយ​ត្រដិត​ វង្វេង​វង្វាន់​ ភ្លេចភ្លាំង​  និង​អាច​វិវឌ្ឍ​ទៅ​ជា​ជំងឺ​វិកល​ចរិត​ទៀត​ផង​ ។​
ប៉ះពាល់​ដល់​ផ្លូវ​ភេទ​ៈ ពេល​សេព​គ្រឿង​ស្រវឹង​ច្រើន​នាំ​ឱ្យ​អសមត្ថភាព​នៃ​ការ​រួម​សង្វាស​ថយ​ចុះ​ និង​បំផ្លាញ​សុខភាព​ បំបាត់​សេចក្ដី​សុខ​របស់​ខ្លួន​ គ្មាន​ថ្ងៃ​វិល​ត្រឡប់​បើ​មិន​លះបង់​ ។​

ជា​រួម​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជោក​ជាំ​រាល់ថ្ងៃ​មិន​ត្រឹម​តែ​ប៉ះពាល់​សុខ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ឃាត​កម្ម​ ការ​ចាប់​រំលោភ​ និង​ខ្ជះខ្ជាយ​ថវិកា​ទៀត​ផង​ ។​ លើស​ពី​នេះ​ជាតិ​ពុល​នៃ​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្ដ​បាត់បង់​ស្មារតី​បង្ហាញ​​កេរ្ដិ៍ភេទ​ប្រាកដ​ឡើង​ដល់​អ្នក​ដទៃ​លែង​អៀន​ខ្មាស​ លែង​ស្គាល់​បាប​បុណ្យ​ គុណ​ទោស​ អាក្រក់​ល្អ​វិវឌ្ឍ​ទៅ​ជា​មនុស្ស​វិបល្លាស​ ។​ ប៉ុន្ដែ​បើ​លោក​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ត្រឹមត្រូវ​ណាមួយ​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ និង​សេចក្ដី​ថ្លៃ​ថ្នូរ​ ទើប​មិន​បង្ក​ឱ្យ​មាន​បញ្ហា​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​នៅ​ជុំវិញ​ខ្លួន​ ៕​