ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​គ្រប់​វិធី​សង្គ្រោះ​កូនស្រី​សំណព្វ តែ​ជួយ​មិន​បាន គ្រួសារ​​ស្លុតចិត្ត​ទាំង​ឃើញ​នៅ​និយាយ​ចច្រិច

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​ក្មេង​ស្រី​ម្នាក់​ត្រូវ​សត្វ​ឆ្មា​ខាំ និង​ក្រញៅ​អស់​រយៈពេល​ជាង​២​ខែ​មកនេះ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ ដោយ​បន្សល់​ទុក​សំឡេង​ទ្រហោយំ​ពី​ឪពុក​ម្តាយ និង​សាច់ញាតិ​សោកស្តាយ​រូប​កាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​គួរ​ណា​ឡើយ​ស្លាប់​ទាំង​វ័យក្មេង​បែប​នេះ​សោះ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ហួត…

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដែល​ក្មេង​ស្រី​ម្នាក់​ត្រូវ​សត្វ​ឆ្មា​ខាំ និង​ក្រញៅ​អស់​រយៈពេល​ជាង​២​ខែ​មកនេះ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ ដោយ​បន្សល់​ទុក​សំឡេង​ទ្រហោយំ​ពី​ឪពុក​ម្តាយ និង​សាច់ញាតិ​សោកស្តាយ​រូប​កាយ​ក្មេង​ស្រី​រង​គ្រោះ​មិន​គួរ​ណា​ឡើយ​ស្លាប់​ទាំង​វ័យក្មេង​បែប​នេះ​សោះ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក​ហួត សា​ម៉ៃ ចៅសង្កាត់​ច្រក​ម្ទេស​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ក្មេង​ស្រី​ស្លាប់​ដោយសារ​សត្វ​ឆ្មា​ខាំ ក្រញៅ​ពិតប្រាកដ​មែន នៅ​ក្នុងភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ខណៈ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​បូជា​កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ស្រុក​កំណើត​។

លោក​បន្ត​ថា ក្មេង​ស្រី​ដែល​ស្លាប់​មានឈ្មោះ ទាវ វ​ត្តី អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ទាវ បូ​រ៉ា អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ គឹ​ម ពិសី អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ធ្លក សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

បើ​តាម​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនស្រី​របស់​គាត់​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​និយាយ​លែង​ដឹង​ខុស​ត្រូវ និង​ប្រកាច់​សន្លប់​ញឹកញាប់ ហើយ​បាន​នាំ​មក​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ប៉ុន្តែ​ពេទ្យ​វៀតណាម​មិន​ទទួល ទើប​នាំ​យក​មក​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​គ្រូពេទ្យ​ប្រាប់​ថា គ្មាន​វិធី​ព្យាបាល​ទេ គឺ​មាន​តែ​យក​ទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តា​ប្រពៃណី​តែ​ប៉ុណ្ណោះ​។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា ក្រោយ​ពេល​នាំ​កូន​មក​ដល់​ផ្ទះ នៅ​ពេល​យប់​ឡើង​កូន​របស់​គាត់​ក៏​ប្រកាច់​សន្លប់ ហើយ​បាត់បង់​ជីវិត​នៅ​យប់​ថ្ងៃ​ទី​១២ កុម្ភៈ វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ចោល​ឪពុក​-​ម្តាយ ធ្វើ​ឲ្យ​រូប​គាត់​មិន​អស់ចិត្ត​សោះ មិន​គួរ​ណា​ស្លាប់​ទាំង​វ័យក្មេង​បែប​នេះ​។ កូនស្រី​របស់​គាត់​ត្រូវ​ឆ្មា​ខាំ​តាំងពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៨​មក​ម្ល៉េះ ប៉ុន្តែ​ពួក​គាត់​មិន​បាន​យក​មក​ចាក់​ថ្នាំ​ការពារ​នៅ​មន្ទីរពេទ្យ​ទេ គឺ​យក​ទៅ​ចាក់​ថ្នាំ​ការពារ​នៅ​ក្នុងភូមិ ហើយ​គ្រូពេទ្យ​ភូមិ​ប្រាប់​ថា មិន​អី​ទេ ទើប​មិន​បាន​ស្វះស្វែង​យក​ទៅ​ព្យាបាល​។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​ជាង​២​ខែ​ក្រោយមក ទើប​មាន​អ​ការ​ជំងឺ​កើតឡើង​ហើយ​វិវដ្ដ​កាន់តែ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ​ក៏​យក​កូនស្រី​ទៅ​វៀតណាម ប៉ុន្តែ​គ្រូពេទ្យ​វៀតណាម​ក៏​ប្រាប់​ថា គ្មាន​លទ្ធភាព​សង្គ្រោះ​ទេ ទើប​យក​ត្រឡប់​មក​ព្យាបាល​នៅ​ពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ គឺ​យក​ទៅ​មន្ទីរ​ពិសោធ​ប៉ាស្ទ័រ ដើម្បី​ពិនិត្យ​ឈាម តែ​ជា​ការ​សោកស្តាយ​គ្រូពេទ្យ​ប្រាប់​ថា មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ទេ មេរោគ​នោះ​វិវដ្ដ​ធ្ងន់ធ្ងរ​ហើយ​ឲ្យ​យក​ទៅ​ផ្ទះ​ធ្វើបុណ្យ​ទៅ ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​និង​ជីដូន​ស្លុតចិត្ត​យំ​អាណិត​កូនស្រី និង​ចៅ​ដែល​នៅ​និយាយ​ចច្រិច ហើយ​ពេទ្យ​ប្រាប់​ថា គ្មាន​លទ្ធភាព​ជួយ​សង្គ្រោះ​បាន​។

ជុំវិញ​ករណី​ក្មេង​ស្រី​រង​គ្រោះ​ដែល​ត្រូវ​ឆ្មា​ខាំ​ខាងលើ មន្ត្រី​សុខាភិបាល​ខេត្តស្វាយរៀង​បាន​អំពាវនាវ​ដល់​ឪពុក​-​ម្តាយ និង​អាណាព្យាបាល​គ្រប់​រូប​ត្រូវ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ចំពោះ​កូន​ៗ ព្រោះ​ក្មេង​ស្រី​ម្នាក់​អាយុ​១១​ឆ្នាំ ត្រូវ​ឆ្មា​ខាំ និង​ក្រញៅ​បាន​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​និយាយ​មិនសូវ​ដឹង​អ្វី ហើយ​មាន​អ​ការ​ប្រកាច់​ៗ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ទៅ​ហើយ​នៅ​យប់​ថ្ងៃ​ទី​១២ ឈាន​ចូល​ថ្ងៃ​ទី​១៣ កុម្ភៈ​២០១៩​កន្លង​ទៅ​នេះ​។

បើ​មាន​ករណី​ត្រូវ​ឆ្កែ ឬ​ឆ្មា​ខាំ​សូម​ប្រញាប់​នាំ​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ឆាប់ ដើម្បី​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ឆ្កែឆ្កួត​ទាន់​ពេលវេលា កុំ​ទុក​រហូត​ធ្ងន់ធ្ងរ​ដូច​ករណី​ក្មេង​ស្រី ព្រោះ​ជំងឺ​នេះ​មាន​ផ្ទុកមេរោគ​យ៉ាង​កាច​សាហាវ​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ