ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! សហព័ន្ធ​គំរាម​ប្រើ​ធម៌​ក្ដៅ​ដាក់​កូន​3​នាក់​របស់​អេ ភូ​ថង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ដ៏​ធំ​មួយ​រវាង​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ភោជនីយដ្ឋា​ន​ន​ទន្លេបាសាក់​២ កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ព្រមាន​ខ្លាំង​ៗ​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​ថា​មិន​បាន​គ្រប់គ្រង​កីឡាករ​ថ្នាល​ឱ្យ​បាន​ល្អ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ដ៏​ធំ​មួយ​រវាង​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ភោជនីយដ្ឋា​ន​ន​ទន្លេបាសាក់​២ កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ព្រមាន​ខ្លាំង​ៗ​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​ថា​មិន​បាន​គ្រប់គ្រង​កីឡាករ​ថ្នាល​ឱ្យ​បាន​ល្អ ចេញចូល​ស្រេច​តែ​ចិត្ត ចាយ​លុយ​រដ្ឋខុស​ទិស​ដៅ​នោះ ពេល​នេះ​សហព័ន្ធ​កីឡា​ជាតិ​ដែល​ទទួល​ការ​ព្រមាន​នោះ​ប្រកាស​ថា​នឹង​លែង​ទុក​មុខ​ដល់​កីឡាករ កីឡាការិនី ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​ដែល​មិន​គោរព​កិច្ចសន្យា​ទៀត​ហើយ​។

ជាក់ស្ដែង សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា កំពុង​តែ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ជាមួយ កីឡាករ​ត្រកូល​អេ​៣​រូប​គឺ​អេ​ព្រី​យ៉ា​នុ​ត​, អេ អាំ​ម៉ា​រី​ន​ភូ​ថង និង​អេ វី​រៈ​ខាំ​ឈី​ត​ភូ​ថង (​ម៉ឺ​ន មេ​ឃា​) ដែល​បាន​ចាកចេញ​ទៅ​ហ្វឹកហាត់​ជាមួយ​ក្លិប​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ ក្នុងនោះ​មាន​កីឡាការិនី អេ​ព្រី យ៉ា​នុ​ត ស្ថិត​ក្នុង
ក្រុម​ជម្រើសជាតិ​ឈុត​ធំ កីឡាករ អេ វី​រៈ​ខាំ​ឈី​ត​ភូ​ថង និង​កីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ស្ថិត​ក្នុង​ក្រុម​​ជម្រើស​តិ​ឈុត​ថ្នាល​ទាំង​ពីរ​នាក់​។

លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ព្រមាន​ថា ចំពោះ​កីឡាករ​ត្រកូល​អេ​ទាំង​៣​រូប​ចាប់ពី​ពេល​នេះ​ទៅ​លោក​លែង​មាន​មនោសញ្ចេតនា​ទៀត​ហើយ ។ លោក​នឹង​លេង​ធម៌​ក្ដៅ​តែ​ម្ដង ចំពោះ​កីឡាករ​ដែល​មិន​គិត​ពី​ប្រយោជន៍​ជាតិ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ចាកចេញ​ដោយ​គ្មាន​ការ​អនុញ្ញាត​បំពាន​កិច្ចសន្យា ។

លោក​ថា គ្រប់​កីឡាករ​ថ្នាល​ទាំងអស់​ដែល​មក​ប្រមូលផ្ដុំ​ហ្វឹកហាត់​សុទ្ធតែ​មានការ​ព្រមព្រៀង​គ្នា ចុះ​កិច្ច​សន្យា​ត្រឹមត្រូវ​រវាង​អាណាព្យាបាល​ជាមួយ​សហព័ន្ធ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ថ្ងៃ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​១​ថ្ងៃ​ជាង​៤​ម៉ឺ​ន​រៀល ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ។ កីឡាករ អេ វី​រៈ​ខាំ​ឈី​ត​ភូ​ថង និង​កីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង ដែល​ជា​កីឡាករ​ថ្នាល​ទាំង​ពីរ​នាក់​នេះ មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ប្រមូលផ្ដុំ​រយៈពេល​២​ឆ្នាំ​មក​ហើយ ចំណែក​កីឡាការិនី អេ​ព្រី យ៉ា​នុ​ត ដែល​ស្ថិត​នៅ​ក្នុង​ឈុត​ធំ​ក៏​ត្រូវ​មាន​វិធានការ​ដែរ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា រដូវ​កាល​ប្រមូលផ្ដុំ​ក្រុមកីឡា​ជម្រើសជាតិ​ទាំង​ឈុត​ធំ​និង​ឈុត​ថ្នាល​ឆ្នាំ​២០១៩ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែមីនា ខាង​មុខ​នេះ​ហើយ ។ ដូច្នេះ​លោក​នឹង​ប្រើ​ធម៌​ក្ដៅ​ចាត់ការ​ទៅ​លើ​អ្នក​ដែល​មិន​គោរព​ច្បាប់ មិន​គោរព​កិច្ចសន្យា ។ លោក​បាន​ត្រៀម​ធ្វើ​របាយការណ៍​ផ្ញើ​ជូន​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ឱ្យ​ក្រសួង​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ចំណាត់ការ​តាម​ផ្លូវច្បាប់​នោះ​គឺ​តម្រូវ​ឱ្យ​ពួក​គេ​សង​ប្រាក់​ឧបត្ថម្ភ​ដែល​បាន​បើក​យក​ទៅ​ចាយ​រយៈពេល​២​ឆ្នាំ​នោះ​មក​វិញ ឬ​យ៉ាងណា​នៅ​មិន​ទាន់​ដឹង​ទេ ទុក​ឱ្យ​ក្រសួង​ជា​អ្នក​សម្រេច​ចុះ ។ ប៉ុន្តែ​នៅ​ក្នុង​កិច្ចសន្យា​ដែល​បាន​ចុះ​ជាមួយ​សហ​ព័ន្ធ​គឺ​បាន​ចែង​ច្បាស់​ថា ត្រូវ​តែ​សង ព្រោះ​គេ​ខំ​ចិញ្ចឹម​២​ឆ្នាំ​មក​ហើយ​បែរជា​រត់​ចោល​ទៅ​វិញ​។ លោក​ថា គោលការណ៍​កីឡាករ​ថ្នាល ត្រូវ​ទទួល​ការ​បណ្ដុះបណ្ដាល​ដែល​មាន​រយៈពេល​វែង​តាម​ផែនការ​បាន​កំណត់ មិនមែន​ចេញចូល​តាមតែ​ចិត្ត​នឹកឃើញ​នោះ​ទេ គឺជា​ផែនការ​ហ្វឹកហាត់​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក អេ ភូ​ថង​ដែល​ត្រូវជា​ឪពុក​កីឡាករ​-​កីឡាការិនី​ត្រកូល​អេ បានឱ្យ​ដឹង​ដែរ​ថា តាម​ពិត​កិច្ចសន្យា​ហ្វឹកហាត់​មាន​សុពលភាព​ត្រឹមតែ​អំឡុង​ពេល​ប្រមូលផ្ដុំ​ហ្វឹកហាត់​ប៉ុណ្ណោះ បាន​ន័យ​ថា​មាន​ដំណាក់កាល​របស់​វា ។ ពេល​នេះ​លោក​បាន​សុំ​ឱ្យ​កូន​របស់​លោក​ឈប់​ហ្វឹកហាត់​ប្រដាល់​ហើយ​ដូច្នេះ​​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​ទៀត​ទេ ទោះ​លោក​ចង់ឱ្យ​កូន​ៗ​ទៅ​ហ្វឹកហាត់​នៅ​សហព័ន្ធ​ណា​ក៏​បាន​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ