ភ្នែកគឺជាសរីរាង្គដ៏ចាំបាច់ និងមានសារ សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ។ ដូច្នេះការថែរក្សាភ្នែកទាំងគូរបស់អ្នកឱ្យមានសុខភាពល្អគឺជាកិច្ចការចាំបាច់មួយផងដែរ ។ តើគេគួរធ្វើដូចម្តេចខ្លះដើម្បីធានាថា ភ្នែកមានសុខភាពល្អ ?
យោងតាមវេជ្ជបណ្ឌិតជំនាញខាងភ្នែកបានឱ្យដឹងថា ការការពារភ្នែកមិនឱ្យប៉ះត្រូវដោយផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យគឺជារឿងសំខាន់មួយដែលមនុស្សគ្រប់គ្នាគួរធ្វើ ។ ក្នុងន័យនេះ វ៉ែនតាប្រែពណ៌ត្រូវបានគេគិតថា ជាជម្រើសល្អមួយដើម្បីរក្សាការមើលឃើញរបស់ភ្នែកឱ្យបានល្អ ។ កាំរស្មី៧ពណ៌ដែលបញ្ចេញដោយព្រះអាទិត្យ ជាពិសេសកាំរស្មី UV-B គឺពិតជាមានគ្រោះថ្នាក់ខ្លាំងបំផុតចំពោះកែវភ្នែកដែលអាចធ្វើឱ្យកើតជំងឺឡើងបាយ និងបញ្ហាភ្នែកដទៃទៀត ។
ការទៅជួបពេទ្យជំនាញដើម្បីពិនិត្យភ្នែកដោយទៀងទាត់ ជាកិច្ចការសំខាន់មួយផងដែរ។ វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលមនុស្សគ្រប់គ្នាបើកភ្នែកដោយមិនហ៊ានព្រិចក្នុងពេលបើកបររថយន្តឬម៉ូតូរាល់ថ្ងៃ ប៉ុន្តែបែរជាមិនយកចិត្តទុកដាក់ និងគិតដល់ការពិនិត្យសុខភាពភ្នែក ។ ការពិនិត្យជាប្រចាំនិងទៀងទាត់នេះ មិនមែនសំដៅទៅលើតែការវាស់ដឺក្រេភ្នែកមួយមុខនោះទេ តែក៏គួររាប់បញ្ចូលការពិនិត្យដោយប្រើបរិក្ខារពេទ្យទំនើបៗពីសំណាក់គ្រូពេទ្យជំនាញផងដែរ ។ អ្នកគួរទៅរកការពិនិត្យដោយម៉ត់ចត់ភ្លាមៗ ក្នុងករណីជួបបញ្ហាដូចជា រមាស់ភ្នែក ឈឺចាក់ឆ្កៀលក្នុងភ្នែក ផ្លាស់ប្តូរការមើលឃើញ… ។
ខាងក្រោមនេះជាវិធីបង្ការមួយចំនួនដែលអស់លោកអ្នកអាចអនុវត្តដោយខ្លួនឯង ៖
-គួរបំភ្លឺភ្លើងឱ្យបានភ្លឺច្បាស់ ខណៈភ្នែកមានអាការធ្ងន់ចុករោយពេលអានសៀវភៅ ។ ការអានសៀវភៅគួរតែធ្វើនៅទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់។ ការអានសៀវភៅក្នុងទីងងឹត ឬទីដែលមាន ពន្លឺមិនគ្រប់គ្រាន់ នឹងនាំឱ្យភ្នែករបស់លោកអ្នក មានអាការធ្ងន់ ចុករោយ។ ក្នុងករណីអ្នកប្រើភ្លើង បំភ្លឺដូចជាអំពូល ឬពិលគួរតែដាក់នៅខាងឆ្វេងដៃ។ ក្នុងពេលដែលមនុស្សម្នាក់ផ្តោតអារម្មណ៍ខ្លាំងដោយការសម្លឹងមើលអ្វីមួយ អត្រាព្រិចរបស់ភ្នែកក៏ធ្លាក់ចុះខ្លាំងផងដែរ។ បញ្ហានេះនឹងញ៉ាំងឱ្យភ្នែកស្រវាំង។
-ថែទាំយ៉ាងពិសេសក្នុងពេលសម្លឹងកញ្ចក់កុំព្យូទ័រ ។ ត្រូវជ្រើសរើសទីតាំងអង្គុយប្រើម៉ាស៊ីននេះឱ្យបានត្រឹមត្រូវ ពោលគឺមិនគួរឱ្យភ្នែកសម្លឹងចំដោយផ្ទាល់លើកញ្ចក់កុំព្យូទ័រឡើយ។ ផ្នែកខាងលើនៃកញ្ចក់ម៉ាស៊ីនមិនគួរដាក់ខ្ពស់ជាងភ្នែកនោះទេ ។ ចំពោះពន្លឺកញ្ចក់ម៉ាស៊ីនវិញគួរស្ថិតក្នុងកម្រិតដូចនឹងពន្លឺនៅជុំវិញខ្លួន ។ ចងចាំថា អ្នកត្រូវឈប់សម្រាកភ្នែករយៈពេល៥នាទីរៀងរាល់ការអាន គឺសម្លឹងកញ្ចក់កុំព្យូទ័រ៤០នាទី។
-អនាម័យជាពិសេសនូវកែវភ្នែកសិប្បនិម្មិត(ប្រសិនជាប្រើ) ។ ក្នុងករណីគ្រូពេទ្យតម្រូវឱ្យប្រើកែវភ្នែកបែបនេះ ចូរជ្រើសរើសផលិតផលមានគុណភាពខ្ពស់ ។ លាងជម្រះឱ្យបានទៀងទាត់២ដងក្នុងមួយសប្តាហ៍ជាមួយទឹកលាងពិសេស ។ ក្រោយពីការប្រើប្រាស់ជាប្រចាំរយៈពេល១ខែ គេគួរតែផ្លាស់ប្តូរថ្មី ។
-ចៀសវាងការជក់បារី ៖ ការជក់បារីអាចបណ្តាលឱ្យកើតភ្នែកឡើងបាយ ក៏ដូចជាបង្កើនហានិភ័យនៃភាពអន់ថយកែវភ្នែក ។
-ទទួលអាហារដែលសម្បូរដោយសមាសធាតុប្រឆាំងអុកស៊ីដកម្ម ។ សារធាតុចិញ្ចឹមដូចជា វីតាមីនA ពិតជាមានសារសំខាន់ចំពោះសុខភាពតំបន់បញ្ជូនពន្លឺ និងរូបភាពរបស់ភ្នែក (Retina)។ ចំណែកអាស៊ីដខ្លាញ់អូមេហ្គា-៣អាចជួយទប់ស្កាត់ជំងឺឈឺភ្នែក និងជួយធ្វើឱ្យល្អប្រសើរដល់ភ្នែកដែលមានអាការស្ងួត ៕
ចែករំលែកព័តមាននេះ