ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ដល់​ភាគី​ឥណ្ឌូ​នេ​ស៊ី​បើក​ការ​ហោះហើរ​ដោយ​ត្រង់​ពី​ឥណ្ឌូ​នេ​ស៊ី​មក​កាន់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទ្វេភាគី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ភាគី​ឥណ្ឌូ​នេ​ស៊ី​បើក​ឲ្យ​មានការ​ហោះហើរ​ដោយ​ត្រង់​មក​កម្ពុជា​តែ​ម្តង ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទ្វេភាគី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ភាគី​ឥណ្ឌូ​នេ​ស៊ី​បើក​ឲ្យ​មានការ​ហោះហើរ​ដោយ​ត្រង់​មក​កម្ពុជា​តែ​ម្តង ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកស្រី Paun Maharani រដ្ឋមន្ត្រី​សម្រប​សម្រួលការ​អភិវឌ្ឍ​មនុស្សជាតិ និង​កិច្ចការ​វប្បធម៌​នៃ​ប្រទេស​ឥណ្ឌូ នេ​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព ។

ក្នុង​ជំនួប​លោកស្រី Paun Maharani បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អំពី​គោលបំណង​នៃ​ការ​អញ្ជើញ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី ដែល​ទំនាក់ទំនង​នេះ​បាន​បន្សល់​ទុក​ដោយ ស្នា​ព្រះ​ហ​ស្ថ​នៃ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម​សីហ​នុ និង​អតីត​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ស៊ូ​កា​ណូ ។

លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ និង​ពេញចិត្ត​បំផុត​ចំពោះ​វត្តមាន​ចូលរួម​យ៉ាងច្រើន​អធិកអធម ពី​បណ្តា​ថ្នាក់ដឹកនាំ​កម្ពុជា នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ទំនាក់ទំនង​ការទូត​នេះ ។ លោកស្រី​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ ផង​ដែរ​ថា ការ​ជ្រើសរើស​យក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ​ជា​ថ្ងៃ​ប្រារព្ធ​ខួប គឺ​កាលពី​៦០​ឆ្នាំ​មុន​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩៥៩ ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​កម្ពុជា​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង ប្រទេស​យើង​ទាំង​ពីរ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី​ដែល​បាន​អញ្ជើញ​មក​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​ព្រមទាំង​បាន​នាំ​មក​នូវ​សិល្បករ សិល្ប​ការិនី​ចូលរួម​សម្តែង​យ៉ាង​អធិកអធម​ទៀត​ផង​។​វត្តមាន​របស់​លោកស្រី គឺ​បាន​រឹត​បន្តឹង​នូវ​ចំណងមិត្តភាព​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​រឹង​មាំ និង​ល្អ​ប្រសើរ ។

ទន្ទឹម​នឹង​នោះ​ដែរ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​រំលឹក​អំពី​ស្នាដៃ​នៃ​ថ្នាក់ដឹកនាំ​ជំនាន់​មុន​ដែល​បាន​ខិតខំ​កសាង​បន្សល់​ទុក​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ដល់​ប្រទេស​យើង​ទាំង​២ ហើយ​បាន​បន្ត​មក​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ៗ​ដែល​មាន​រយៈពេល​ជាង​៦០​ឆ្នាំ​មកនេះ​ហើយ​ដែល​កំពុង​រីក​ដុះដាល និង​រឹង​មាំ​មក​ទល់​សព្វថ្ងៃ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ ក៏​បាន​រំលឹក​ផង​ដែរ អំពី​ការ​ចូលរួម​យ៉ាង​សំខាន់​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កន្លង​មក ទាំង​នៅ​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក ។

ដោយឡែក​នៅ​កម្ពុជា គឺ​ឥណ្ឌូ​ណេ​ស៊ី​បាន​ចូលរួម​ចំណែក​ស្វែងរក​សន្តិភាព ព្រមទាំង​បាន​ធ្វើ ជា​សហ​ប្រធាន​នៃ​កិច្ចចរចារ​សន្តិភាព​ទី​ក្រុងប៉ារីស​ផង​ដែរ ។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ស្នើ​សុំ​ភាគី​ឥណ្ឌូ​នេ​ស៊ី​បន្ត​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​នេះ ឲ្យ​កាន់តែ​រឹង​មាំ​និង​ស៊ីជម្រៅ ហើយ​ចូលរួម​ជំរុញ​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​វិនិយោគ​ទេសចរណ៍ និង​វប្បធម៌ ព្រមទាំង​លើកទឹកចិត្ត និង​ជំរុញ​នូវ​ទំនាក់ទំនង​កាន់​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​ល្អ​ប្រសើរ​វាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់ ប្តូរ​ទស្សនកិច្ច និង​កម្មវិធី​វប្បធម៌​ជាដើម ។

ទន្ទឹម​នឹង​នោះ​ដែរ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​ភាគី​ឥណ្ឌូ​នេ​ស៊ី​បើក​អោយ​មានការ​ហោះហើរ​ដោយ​ត្រង់​ពី​ឥណ្ឌូ​នេ​ស៊ី​មក​កាន់​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពាណិជ្ជករ និង​វិនិយោគ​គិ​ន​សម្រាប់​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ