រាជធានីភ្នំពេញ ៖ បុរសម្នាក់បានខំបើកបររថយន្តទាំងស្ថានភាពងងុយដេក ធ្វើដំណើរតាំងពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញ ហើយជាអកុសលងោកមួយភាំង បណ្ដាលឲ្យរថយន្តរបស់គាត់បោលទៅបុកផ្នែកខាងក្រោយរថយន្តយីឌុបដឹកថ្ម១គ្រឿង ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង ។
ខណៈនោះសំណាងល្អមិនបានបណ្ដាលឲ្យបុរសនេះរងរបួសនោះឡើយ ប៉ុន្តែរថយន្តរបស់គាត់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយដាច់រយះមុខខាងឆ្វេងជាចម្រៀកៗធ្លាក់កាងមុខមកដីព្រមទាំងដាច់កង់មុខខាងឆ្វេង១គ្រាប់ផងដែរ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ៤ ត្រង់ចំណុចមុខបុរីញូវថោន ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើមិនបានប្រាប់ឲ្យដឹងថា គាត់មានឈ្មោះអ្វីនោះទេដោយគ្រាន់តែប្រាប់ថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃគាត់បានចុះទៅមើលការងារតាមរោងចក្រនៅឯខេត្តព្រះសីហនុ ។ លុះដល់វេលាម៉ោងជាង៥ព្រឹកថ្ងៃកើតហេតុនេះ គាត់បានបើកបររថយន្តរបស់គាត់ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AF-3134 ។ ធ្វើដំណើរចេញពីខេត្តព្រះសីហនុត្រឡប់មកផ្ទះនៅភ្នំពេញ ហើយក៏មានបំណងបន្តដំណើរទៅពិនិត្យការងារនៅឯក្រុងបាវិត ខេត្តស្វាយរៀងទៀតផងដែរ ។
ប្រភពដដែលបានបន្តថា ខណៈពេលមកដល់ពេជ្រ និល ជិតកន្លែងលោកយាយ ម៉ៅ គាត់បានឈប់សម្រាកហូបកាហ្វេ ដើម្បីកុំឲ្យងងុយដេក ហើយមួយសន្ទុះក្រោយមកទើបបើកបររថយន្តធ្វើដំណើរចូលភ្នំពេញជាបន្តទៀត ហើយបើកមិនសូវលឿនប៉ុន្មានទេ ព្រោះខណៈនោះគាត់ងងុយដេក ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែងោគមួយភាំង ទើបបណ្ដាលឲ្យរថយន្តរបស់គាត់បោលជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តយីឌុបដឹកថ្ម១គ្រឿងដែលកំពុងបើកបធ្វើឲ្យរថយន្តរបស់គាត់វិល១ជុំ និងស្ថិតនៅទទឹងថ្នល់តែម្ដង ។
ក្រោយពេលកើតហេតុដោយសារតែគាត់មានសំណាង ហើយគ្មានគ្រោះថ្នាក់ដល់ខ្លួនបុរសនេះបានបន្លឺសម្លេងថា «ខ្ញុំដូចបានកើតម្ដងទៀតអញ្ចឹង» ។ រថយន្តរបស់គាត់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដាច់រយះមុខខាងឆ្វេងជាចម្រៀកៗធ្លាក់កាងមុខមកដីព្រមទាំងដាច់កង់មុខខាងឆ្វេង១គ្រាប់ផងដែរ ។ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅ៣បានចុះទៅជួយ សម្រួលចរាចរណ៍ និងបានហៅរថយន្តមកស្ទួចដឹករថយន្តរងគ្រោះចេញពីកន្លែងកើតហេតុប្រគល់ឲ្យម្ចាស់យកទៅជួយជុលដោយខ្លួនឯង ព្រោះបុរសនេះមិនបានប្ដឹង ឬទាមទារសំណងពីខាងភាគីរថយន្តយីឌុបឡើយ ៕
ចែករំលែកព័តមាននេះ