ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីករណ្តៅ​ដី​ហួស​ក្បាល​ប្រេត​ហើយ​…​ខឹង​អ្នកកាសែត​ថត​ផ្សាយ​ថៅកែ​ដី​សង្ស័យ​ទិញ​យក្ស​ជិះ​លេង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទីបំផុត​អ្នកកាសែត​ទាំង​៣​នាក់ ដែល​ត្រូវ​ឈ្មួញ​ជីកដី​ម្នាក់​ឈ្មោះ តាក់ ជី​ឡៅ​ប្ដឹង​ឲ្យ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ចាប់ខ្លួន និង​ទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ។ ដោយ​ចោទប្រកាន់​ទៅ​លើ​អ្នក​ទាំង​៣​ពី​បទ​កំហែង​យក​នោះ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់…

ខេត្តកណ្ដាល ៖ ទីបំផុត​អ្នកកាសែត​ទាំង​៣​នាក់ ដែល​ត្រូវ​ឈ្មួញ​ជីកដី​ម្នាក់​ឈ្មោះ តាក់ ជី​ឡៅ​ប្ដឹង​ឲ្យ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ចាប់ខ្លួន និង​ទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ។

ដោយ​ចោទប្រកាន់​ទៅ​លើ​អ្នក​ទាំង​៣​ពី​បទ​កំហែង​យក​នោះ​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់ និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​ជួប​ប្រពន្ធ​កូន​វិញ​ហើយ កាលពី​វេលា​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ។ ការ​បាន​រួចខ្លួន​វិញ​នេះ បន្ទាប់​ពី​លោក តាក់ ជី​ឡៅ ដែល​ជា​ម្ចាស់​រណ្ដៅ​ដី​បាន​សម្រេច​ដក​ពាក្យ​ប្ដឹង​របស់​ខ្លួន​វិញ ដើម្បី​បញ្ចប់រឿង​ក្រោយ​ពី​មានការ​សម្របសម្រួល​គ្នា​រវាង​រូប​លោក និង​តំណាង​ជនសង្ស័យ​ទាំង​៣​នាក់ ។ ប៉ុន្តែ​ខណៈនោះ​ក៏​បាន​តម្រូវ​ឲ្យ​អ្នកកាសែត​ទាំង​៣​នាក់​នេះ​ឡាយ​វី​ដេ​អូរ​សុំ​ទោស និង​ទទួលស្គាល់​ពី​ទោស​កំហុស​របស់​ខ្លួន​ជា​សាធារណៈ​ផង​ដែរ នេះ គឺជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​សំណាក់​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល ។

ក្រុម​អ្នក​សារព័ត៌មាន​ជាប់ចោទ និង​ជាប់អន្ទាក់​ឈ្មួញ​រណ្ដៅ​ដី​ខាងលើ​នោះ​មាន ១- ឈ្មោះ អួន មិ​នា ភេទ​ប្រុស អាយុ​៣៧ បម្រើ​ការ​នៅ​អង្គភាព​សារព័ត៌មាន «​ខេ​មរ​អង្គរ​» ២-​ឈ្មោះ ទន់ ម៉ូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​និពន្ធ​នាយក​អង្គភាព​សារព័ត៌មាន «​ខ្មែរ​ណូ​ត​» ៣- ឈ្មោះ ធួ​ក សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​សារព័ត៌មាន «​កំពត​ដេ​លី​» ។ ដោយឡែក​អ្នក​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​អ្នកកាសែត​នោះ​ឈ្មោះ តាក់ ជី​ឡៅ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្ដាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជា​ម្ចាស់​ការដ្ឋាន​រណ្ដៅ​ដី​នោះ​ផង ហើយ​ក៏​ជា​ក្រុមការងារ​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង​នោះ​ផង​ដែរ ។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ អ្នកកាសែត​ទាំង​៣​នាក់​នេះ ត្រូវ​បាន​លោក​តាក់ ជី​ឡៅ ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​ខណៈ​ពួក​គេ​ជិះ​រថយន្ត​១​គ្រឿង​ចូល​ទៅ​ក្នុង​ការដ្ឋាន​រណ្ដៅ​ដី​របស់​លោក​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បើ​តាម​ពាក្យបណ្តឹង​លោក តាក់ ជី​ឡៅ បាន​រៀបរាប់​ថា អ្នកកាសែត​ទាំង​៣​នាក់​ខាងលើ​បាន​រៀបចំ​ផែនការ​ចូល​ទៅ​ក្នុង​ទីតាំង​ការដ្ឋាន​អាជីវកម្ម​រណ្តៅ​ដី​របស់​លោក ហើយ​បាន​ប្រើប្រាស់​រថយន្ត​របស់​ពួក​គេ​១​គ្រឿង ម៉ាក​ហុងដា​ស៊ី​អរ​វី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AM- 0457 ទៅ​ចត​រាំងផ្លូវ​ចេញចូល​មិន​ឱ្យ​រថយន្ត​ដឹក​ដី​របស់​លោក​ចេញចូល​បាន​ឡើយ ។ ​ជា​ហេតុ​បណ្ដាល​ឲ្យ​កកស្ទះ​ផ្លូវ បន្ទាប់​មក​ក្រុម​អ្នកកាសែត​ទាំងនេះ​បាន​គំរាម​គំ​ហែង និង​បង្ខិតបង្ខំ​ឲ្យ​កូនចៅ​របស់​លោក​ប្រគល់​ប្រាក់​ចំនួន​៥,០០០​ដុល្លារ (​ប្រាំ​ពាន់​ដុល្លារ​) ទៅ​ឱ្យ​ពួក​គេ ។

ពេល​នោះ​ដោយ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ពី​អំពើ​នោះ​លោក​ក៏​សម្រេចចិត្ត​ទូរស័ព្ទ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឆក់​ឈើ​នាង និង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ជួយ​អន្តរាគមន៍​ឃាត់​ពួក​គេ​តែ​ម្ដង ។ ពេល​នេះ​លោក​សំណូមពរ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ផ្ដន្ទារ​ទោស​ដល់​អ្នក​ទាំង​៣​នាក់​នោះ​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​សុំ​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ចំណែក​អ្នកកាសែត​ជាប់ចោទ​បាន​និយាយ បដិសេធន៍​ថា ពួក​គាត់​មិន​បាន​យក​រថយន្ត​ចត​បាំង​ផ្លូវ និង​ទារ​លុយ​៥​ពាន់​ដុល្លារ​ដូច​ជា ការ​ចោទប្រកាន់​របស់​លោក តាក់ ជី​ឡៅ​នេះ​ឡើយ ។ តាម​ពិត​ពួក​គាត់​ចូល​ទៅ ដើម្បី​ថតរូប​យក​ព័ត៌មាន​ពី​រណ្ដៅ​ដី​ដែល​ជីក​ជ្រៅ​ខុស​បទដ្ឋាន​បច្ចេកទេស​ជ្រៅ​ហួសហេតុ ដើម្បី​យក​មក​ផ្សាយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​គ្រាន់តែ​ចូល​ទៅ​ដល់​ស្រាប់តែ​ត្រូវ​កម្មករ​ខាង​រណ្តៅ​ដី​ខាងលើ​ដែល​ជា​កូនចៅ​លោក តាក់ ជី​ឡៅ យក​ម៉ូតូ​មក​រាំងផ្លូវ​មិន​ឲ្យ​ពួក​ខ្លួន​ចេញ រួច​ហើយ​ព្រមទាំង​បាន​ប្ដឹង​នគរបាល​ឲ្យ​ចាប់​ពួក​ខ្លួន​ថា បាន​ចត​រថយន្ត​រាំងផ្លូវ​បែប​នេះ​ទៀត ពិតជា​អយុត្តិធម៌​ខ្លាំង​ណាស់ ។

ក្រោយ​ពី​ការ​ឃាត់ខ្លួន​រយៈពេល​១​យប់​២​ថ្ងៃ​បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា​រវាង​លោក តាក់ ជី​ឡៅ និង​អ្នកកាសែត​ដែល​ជា​តំណាង​ជនជាប់ចោទ​ទាំង​៣​នាក់ រួច​មក​ទើប​លោក តាក់ ជី​ឡៅ ព្រម​ឈប់​ប្ដឹងផ្តល់ និង​ដក​ពាក្យបណ្ដឹង​វិញ​ជា​ការ​បញ្ចប់រឿង ។ ប៉ុន្តែ​បាន​តម្រូវ​ឲ្យ​អ្នក​ទាំង​៣​ឡាយ​វី​ដេ​អូរ​សុំ​ទោស និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន រួចរាល់​ទើប​អ្នកកាសែត​ទាំង​៣​បាន​រួចខ្លួន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដោយឡែក​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​អង្គស្នួល​ម្នាក់ ដែល​ស្និទ្ធ​ជាមួយ​លោក តាក់ ជី​ឡៅ ថៅកែ​រណ្ដៅ​ដី​ដ៏​មាន​ឥទ្ធិពល​ខាងលើ​បាន​និយាយ​ថា អ្នកកាសែត​ខាងលើ​មិន​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ គួរ​កុំ​និយាយ​ថា ចាប់​បើ​ចាប់ គឺ​គេ​ត្រូវ​វ៉ៃ​ខ្នោះដៃ ឬ​ធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន​បាត់​ហើយ ។ ប៉ុន្តែ​ចំពោះ​អ្នកកាសែត​ខាងលើ គឺ​នគរបាល​គ្រាន់តែ​ហៅ​ទៅ​សាកសួរ​តែ​ប៉ុណ្ណោះ ពេល​នោះ​ពួក​គេ​បាន​បើករថយន្ត​ទៅ​ដោយ​ខ្លួនឯង និង​មិន​បាន​ចូល​ទៅ​ក្នុង​អធិការដ្ឋាន​ស្រុក​ផង​ទេ គឺ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ រហូត​ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ដដែល​នោះ​ទើប​ព្រម​ចូល ។

ម្យ៉ាងទៀត​សា​ម៉ី​ខ្លួន​ទាំង​៣​នាក់​នេះ​មិន​ទាំង​ខ្វល់ខ្វាយ​ផង និង​បាន​ចេញ​ទៅ​ច្រៀង​ខារ៉ាអូខេ​ថែម​ទៀត​គ្មាន​នរណា​ឃាត់​ទេ ប៉ុន្តែ​អ្នកកាសែត​ផ្សេង​ៗ​ទេ​ដែល​ខ្វល់​ជំនួស ហើយ​ចេះ​តែ​ចុះ​ផ្សាយ​ថា គេ​ឃាត់ខ្លួន​អ្នក​ទាំង​៣​នាក់​នោះ ។ ទោះបី​បែប​ណា​លោក​ក៏​មិន​បានដឹង​ពី​ចំណាត់ការ​របស់​នគរបាល​បែប​ណា​ដែរ ព្រោះ​នគរបាល​ជា​អ្នក​ធ្វើ​រឿង​នេះ មិនមែន​ខាង​កម្លាំង​កងរាជអាវុធហត្ថ​លោក​ជា​អ្នក​ធ្វើ​ឡើយ ។ អ្នកមាន​ប្រាក់​ទិញ​យក្ស​ប្រើ​ក៏​អាច​សង្ស័យ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ