ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ឈ្វេងយល់​ពី​ការ​ធ្វើ​ជំនួញ​ដែល​បរាជ័យ

5 ឆ្នាំ មុន

បច្ចុប្បន្ន ការ​វិនិយោគ​មិនមែន​សម្រាប់​តែ​អ្នកមាន​ទ្រព្យ​នោះ​ទេ គឺ​គ្រប់​គ្នា​អាច​វិនិយោគ​បាន​ទៅ​តាម​ធនធាន និង​ជំនាញ​របស់​ខ្លួន ប៉ុន្តែ​ការ​វិនិយោគ មិនមែន​សុទ្ធតែ​ទទួល​បាន​ផល​វិជ្ជមាន​គ្រប់​យ៉ាងនោះ​ទេ វា​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ។ បើ​តាម​ស្ថិតិ​បង្ហាញ​ថា មនុស្ស​ភាគច្រើន​បាន​បរាជ័យ​ក្នុង​ការ​វិនិយោគ…

បច្ចុប្បន្ន ការ​វិនិយោគ​មិនមែន​សម្រាប់​តែ​អ្នកមាន​ទ្រព្យ​នោះ​ទេ គឺ​គ្រប់​គ្នា​អាច​វិនិយោគ​បាន​ទៅ​តាម​ធនធាន និង​ជំនាញ​របស់​ខ្លួន ប៉ុន្តែ​ការ​វិនិយោគ មិនមែន​សុទ្ធតែ​ទទួល​បាន​ផល​វិជ្ជមាន​គ្រប់​យ៉ាងនោះ​ទេ វា​អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង ។

បើ​តាម​ស្ថិតិ​បង្ហាញ​ថា មនុស្ស​ភាគច្រើន​បាន​បរាជ័យ​ក្នុង​ការ​វិនិយោគ ។ នៅ​ថ្ងៃនេះ យើង​លើកយក​មូលហេតុ​មួយ​ចំនួន​ដែល​ពួក​គេ​បរាជ័យ ឬ​វិនិយោគ​ហើយ មិន​សម្រេច​តាម​គោលដៅ​ផ្នែក​ហិរញ្ញវត្ថុ មក​ចែករំលែក​ដើម្បី​ពញ្ញាក់​ស្មារតី​អ្នកមួយ​ចំនួន​ដែល​មាន​បំណង​ចង់​ក្លាយជា​សហគ្រិន ឬ​បាន​និង​កំពុង​ក្លាយជា​សហគ្រិន សម្រាប់​ត្រួសត្រាយ​គំនិត​ដូច​ខាងក្រោម ៖ ១-​មិន​ចាប់ផ្តើម ឬ​មិន​ស្វែងរក​ចំណេះដឹង
សហគ្រិន​ដែល​បរាជ័យ ច្រើន​តែ​និយាយ​ថា ចាំ​បន្តិច​សិន ព្រោះ​នៅ​មិន​ទាន់​បាន​ត្រៀមខ្លួន ឬ​ហៅ​ថា ពន្យារពេល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សិន​ទៅ​។ ដូច្នេះ នៅ​ពេល​មិន​ព្រម​ចាប់ផ្តើម ចំណេះដឹង​ក៏​មិន​រីក​លូតលាស់​ដែរ ហើយ​គ្រាន់តែ​ស្តាប់​គេ​និយាយ ឬលឺ​គេ​ថា​នោះ វា​ពិតជា​មិន​ទទួល​ជោគជ័យ​នោះ​ទេ ។ ការ​ធ្វើ​ជំនួញ​ឲ្យ​ជោគជ័យ ទាមទារ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ផែនការ​លម្អិត ។

២-​ខ្លាច​ខាត​ទុន ខ្លាច​លំបាក ឬ​ខ្លាច​ត្រូវ​គេ​បោកប្រាស់ ការ​ខ្លាច គឺ​កើត​ពី​ការ​មិនដឹង ខណៈ​យើង​មិន​ព្រម​ចាប់ផ្តើម​សិក្សា និង​មិន​ដើរទៅ​រក​វា ហេតុនេះ ភាព​ភ័យ​ខ្លាច​នៅ​តែ​មាន ព្រោះតែ​មិន​បាន​រៀនសូត្រ ។ ពិត​ហើយ ការ​ខ្លាច​គឺជា​រឿង​ដែល​ល្អ​សម្រាប់​អ្នកជំនួញ ព្រោះ​នឹង​ធ្វើ​ឱ្យ​យើង​មិន​ប្រញាប់ប្រញាល់​ខ្លាំង​ពេក ប៉ុន្តែ​ការ​ខ្លាច​នោះ​ត្រូវ​ស្ថិត​នៅ​លើ​មូលដ្ឋាន​ហានិភ័យ​អាច​ទទួលយក​បាន ។ នៅ​ពេល​បាន​យល់​ពី​ហានិភ័យ យើង​នឹង​មិន​ខ្លាច​ខ្លាំង​ពេក​ទេ ។

ប៉ុន្តែ​ដើម្បី​កម្ចាត់​ភាព​ភ័យ​ខ្លាច​ចេញពី​យើង​នោះ ត្រូវ​ចាប់ផ្តើម​ពី​ការ​ឈាន​ជើង​ទៅ​សិក្សា​ជា​មុន កុំ​រវល់​តែ​ស្រមៃ និង​គិតដល់​ការ​វិនិយោគ​ក្នុង​ទស្សនៈ​អវិជ្ជមាន ព្រោះ​អាច​ធ្វើ​ឱ្យ​យើង​បាត់បង់​ឱកាសល្អ​ក៏​ថា​បាន ។
៣-​វិនិយោគ​លើ​អ្វី​ដែល​មិន​ស្ទាត់ ឬ​គ្មាន​ចំណេះ​ខ្លួនឯង អ្នកជំនួញ​ដែល​តែង​ធ្វើ​តាម​ព័ត៌មាន វិនិយោគ​តាម​មិត្តភក្តិ តាម​ញាតិ ឬ​មាន​អ្នក​ណែនាំ គឺ​តែង​ជួប​បញ្ហា ព្រោះ​មនុស្ស​ម្នាក់​ៗ​មាន​ទម្លាប់ ជីវិត​ខុស​គ្នា ហើយ​ចំណង់​ចំណូលចិត្ត និង​ចំណេះដឹង​ផ្សេង​ៗ​គ្នា ។ ដូច្នេះ ចូរ​វិនិយោគ​លើ​អ្វី​ដែល​ស្គាល់ និង​មាន​ជំនាញ​ខ្លួនឯង វា​ល្អ​ជាង​វិនិយោគ​តាម​មិត្តភក្តិ ឬ​សាច់ញាតិ ។ ប្រាក់​ជា​របស់​យើង បើសិនជា​ខាត​ទុន នឹង​គ្មាន​អ្នក​ណា​មក​ទទួលខុសត្រូវ​ជំនួស​ទេ ក្រៅពី​ខ្លួនឯង ហើយ​ត្រូវ​ប្រកាន់​ជំហរ​ថា បើ​ខុសឆ្គង សូម​ឱ្យ​កើត​ដោយ​ផ្ទាល់​ដៃ​ខ្លួន​ល្អ​ជាង ព្រោះ​យ៉ាង​ហោច​ណាស់ យើង​នឹង​ទទួល​មេរៀន​ផង​ដែរ ។

៤-​ប្រើ​យុទ្ធសាស្ត្រ​ខុស ឬ​ដើរ​ខុសផ្លូវ វា​ជា​ការ​សម្រេចចិត្ត​ខុស ឬ​ជា​ការ​ដើរ​ខុសផ្លូវ​តាំងពី​យូរ ល្មមតែ​ដឹងខ្លួន គឺ​យឺត​ពេល​ទៅ​ហើយ ខណៈ​ដើមទុន​បាត់បង់ ទោះជា​ហៅ​មក​វិញ ក៏​ត្រូវ​ប្រើ​ពេលវេលា​យូរ​ដែរ ទម្រាំ​យក​ប្រាក់​នោះ​មក​បាន ដែល​ធ្វើ​ឱ្យ​ផល​តបស្នង​ប្រៀប​ដូចនឹង​ការ​វង្វេងផ្លូវ និង​ខាត​ពេលវេលា ។
៥-​វិនិយោគ​បែប​ភ្នាល់ការ​វិនិយោគ និង​ការ​ភ្នាល់ មាន​ភាព ស្រ​ដៀង​គ្នា​ជា​ច្រើន ជា​ពិសេស​ការ​វិនិយោគ​ក្នុង​រយៈពេល​ខ្លី​ៗ ឬ​ហៅ​ថា ការ​បង្កើត​ប្រាក់​ចំណេញ ។ ពេល​ខ្លះ អ្នកជំនួញ​នឹង​យល់​ច្រឡំ​លើ​ខ្លួនឯង ព្រោះ​ការ​បង្កើត​ប្រាក់​ចំណេញ​នោះ​មានការ​ប្រែប្រួល​ខ្លាំង ដោយ​ប៉ះពាល់​ដល់​អារម្មណ៍​ច្រើន​ផង​ដែរ រហូត​ដល់​ពេល​ខ្លះ​ភ្លេច​វិធី និង​ផ្លូវ​ដែល​អ្នក​កំពុង​ដើរ ហើយ​ក្លាយជា​ការ​វិនិយោគ​បែប​ភ្នាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ