ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ក្មេង​ពាល​ប្រមឹក​​ជិះ​ម៉ូតូ​​គេច​កន្លែង​ត្រួត​ពិនិត្យ​​លើក​ដៃ​បាយៗ​ចំអក

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ក្រុម​ក្មេង​​​​ពាល​ស្រវឹង​ជោក​ចំនួន​៤​នាក់ ​បាន​ត្រូវ​​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​ផ្នែក​​បង្ក្រាប​​បទ​ល្មើស​​ជិះ​ម៉ូតូ​​ប្រដេញ​តាម​​ក្របួច​ជាប់​យក​មក​​ព្រមាន​​យ៉ាង​ចាស់​ដៃ​​ក្រោយ​ពី​ក្រុម​នេះ​ព្យា​យាម​ជិះ​ម៉ូតូ​គេច​ផុត​ពី​គោល​ដៅ​ត្រួត​ពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ​​នា​ពេល​យប់​រួច​លើក​ដៃ​បាយៗ​បែប​ចំអក​យ៉ាង​ព្រហើន​ដាក់​សមត្ថ​កិច្ច​ ​កាល​ពីវេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១ មីនា នៅ​​ចំណុច​ផ្លូវ​ភ្លោះ​ខាង​​កើត​រង្វង់​មូល​លោក​តា​ដំបូង​គ្រញូង ក្នុង​ក្រុង​បាត់​ដំបង។

លោក​អន​ុសេនីយ៍​​ឯក គឹម ​ពន្លក ​ដែល​បាន​ដេញ​តាម​​ក្របួច​ក្រុម​ក្មេង​ទំនើង​​ទាំង​៤​នាក់​នេះ ​មាន​ប្រសាសន៍​​ថា សមត្ថ​កិច្ច​របស់​លោក​គ្រាន់​តែ​ផ្លុំ​​កញ្ចែ​បញ្ឈប់​​ម៉ូតូ​ពួក​គេ​ក្នុ​ងគោល​បំណង​ពិនិត្យ ឆែក​ឆេរ​​រក​អាវុធ​ជាតិ​ផ្ទុះ ឬ​សំភារ​បទ​ល្មើស​ ស្រាប់​តែ​ពួក​គេ​​​ជិះ​ត្រឡប់​​ក្រោយ​យ៉ាង​លឿន រួច​លើក​ដៃ​បាយៗ​ជា​សញ្ញា​បែប​ចំអក​ឱ្យ​សមត្ថ​កិច្ច​ទៀត ។ ក្រុម​ក្មេង​​​ពាល​នេះ​បាន​បង្ហាញ​ពី​ចរិត​​ព្រហើន​​​បំផុត ​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ក្តៅ​ក្រហាយ​ ទើប​លោក​ជិះ​ម៉ូតូ​តាម​ក្របួច​បាន​មក​វិញ ដើម្បី​​ព្រមាន ។

​ក្រុម​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​៤​នាក់ ហើយ​ស្រវឹង​ជោក​រៀងៗ​ខ្លួន​ទៅ​ហើយ ។ ពួក​គេ​មាន​ ១-ឈ្មោះ​​រិ ទូ អាយុ​២៥​ឆ្នាំ  ​២-ឈ្មោះ​​ភូ មិន អាយុ​​១៨​ឆ្នាំ ៣-ឈ្មោះ​ហេ ម៉ាន់ អាយុ​​១៩​ឆ្នាំ និង​៤-ឈ្មោះ​​ណុច លើម អាយុ​១៦​ឆ្នាំ ​​ទាំង​៤​នាក់​រស់​នៅ​ភូមិ​​អូរ​ដំបង​២ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ។ នៅ​ពេល​ធ្វើ​ការ​សាក​សួរ​ពី​រឿង​ជិះ​ម៉ូតូ​រត់​ ពួក​គេ​ឆ្លើយ​ថា ​ព្រោះ​ខ្លាច​សមត្ថ​កិច្ច​​ចាប់​​ផាក​ពិន័យ​​មួក​សុវត្ថិ​ភាព ។ ដោយ​ឡែក​រឿង​លើក​ដៃ​បាយៗ​ដាក់​សមត្ថ​កិច្ច​ពួក​គេ​និយាយ​ថា «បាយៗ​លេង»។

លោក​ជេត ​វណ្ណ​នី ស្នង​ការ​​រង​​នគរ​បាល​ខេត្ត​​ដែល​បាន​ដឹក​នាំ​កិច្ច​ប្រតិ​បត្តិ​ការ​ដោយ​ផ្ទាល់​​នា​យប់​នោះ ​ថ្លែង​ថា ​នេះ​ជា​គោល​ការណ៍​​របស់​លោក​ស្នង​ការ​ខេត្ត ដែល​បញ្ជា​ឱ្យ​លោក​ចុះ​តាម​គោល​ដៅ​​ដើម្បី​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ឬ​ឆែក​ឆេរ​​រក​សំភារ​​ល្មើស​ច្បាប់​ ប៉ុន្តែ​​សមត្ថ​កិច្ច​របស់​លោក​តែង​ជួប​ប្រទះ​មិន​ឈប់​ឈរ​នូវ​​ពួក​​ក្មេង​ទំនើងដែល​មិន​បង្ក​ការ​ងាយ​ស្រួល​ដល់​កម្លាំង​សមត្ថ​កិច្ច​ត្រួតពិនិត្យ​ ហើយ​យើង​គ្រាន់​តែ​​ធ្វើ​ការ​អប់រំ​ដល់​ពួក​គេ​​ប៉ុណ្ណោះ មិន​ដាក់​ទោស​ទណ្ឌ​លើ​ពួក​គេ​ទេ ។ លោក​បាន​បញ្ជាក់​ថា ​យើង​ត្រូវ​តែ​បន្ត​ធ្វើ​ដើម្បី​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព៕