ខេត្តកំពង់ស្ពឺ ៖ ទំនងជាចង់ដឹងថា ពេលស្រវឹងមានអាការៈបែបណាហើយមើលទៅ ទើបនេន៤អង្គ បានរៃលុយគ្នាទិញស្រាបៀយកមកផឹក រហូតស្រវឹងឡូឡាពេញវត្ត ។ លុះព្រឹកឡើង រឿងនេះបានដឹងដល់លោកគ្រូចៅអធិការ ក៏បានអនុវត្តតាមវិន័យសាសនា ដោយចាប់ផ្សឹកតែម្តង ។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី១២ កុម្ភ: ស្ថិតនៅក្នុងវត្តទួលគ្រួស ក្នុងភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ពាក់ព័ន្ធករណីនេះដែរ ត្រូវបានមន្ត្រីការិយាល័យធម្មការស្រុកបានឱ្យដឹងថា មានកូននេនចំនួន៤អង្គបានលួចឆាន់គ្រឿងស្រវឹង១៤កំប៉ុងនៅក្នុងកុដ្ឋិ ក្នុងវត្តទួលគ្រួសតែម្តង ។
កូននេនទាំងនោះ ១-ឈ្មោះ ម៉េង កាណៃ អាយុ១៦ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ២-ឈ្មោះ សាយ ថង អាយុ១៤ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ៣-ឈ្មោះឡុង ឆវ័ន អាយុ១៦ឆ្នាំ នៅភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ និង៤-ឈ្មោះ រុន រ៉ាណា អាយុ១៨ឆ្នាំ រស់នៅភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទាំង៤អង្គ(នាក់) ស្នាក់នៅក្នុងវត្តទួលគ្រួស ។
នេះជាលើកទី១ហើយ នៅក្នុងស្រុកបសេដ្ឋ ដែលកើតករណីកូននេនលួចផឹកស្រាបែបនេះ ហើយក៏ជាមេរៀនមួយ សម្រាប់ដាស់តឿនផងដែរ កុំយកតម្រាប់តាមអោយសោះ ។
ចែករំលែកព័តមាននេះ