ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​សេដ្ឋកិច្ច​របស់​កម្មករ​ មិន​ត្រូវ​ហូរ​ដោយ​សារ​ការ​សម្រេចចិត្ត​របស់​អឺរ៉ុប

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​និ​ព​ន្ធ៖ ប្រេ វី​ន សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​ពិនិត្យ​លើ​ការ​ផ្អាក​ការ​លើកលែង​ព​ន្ធ សម្រាប់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា ​តាម​គម្រោង​អ្វី​ៗ​ទាំងអស់ ​លើកលែងតែ​អាវុធ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា EBA​(Everything But Arms)…

អ្នក​និ​ព​ន្ធ៖ ប្រេ វី​ន

សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​ពិនិត្យ​លើ​ការ​ផ្អាក​ការ​លើកលែង​ព​ន្ធ សម្រាប់​ទំនិញ​នាំ​ចូល​
ពី​ប្រទេស​កម្ពុជា ​តាម​គម្រោង​អ្វី​ៗ​ទាំងអស់ ​លើកលែងតែ​អាវុធ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា EBA​(Everything But Arms) ។ ចំណែក​សម្តេច​តេ​ជោ​ ហ៊ុន​ សែន ​បាន​ប្រកាន់​ជំហរ ហាក់ដូចជា​រឹង​
មាំ​ប្រឆាំង​នឹង​ការ​គាបសង្កត់​ណាមួយ​ពី​បរទេស ​។

ក្រសួងការបរទេស​កម្ពុជា ​កាលពី​ថ្ងៃ​ទី​១៣​ ​កុ​ម្ភៈ ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​បើក​ដំណើរ​ការ​​របស់​សហភាព​អឺរ៉ុប​ កាលពី​ពីរ​ថ្ងៃមុន​នោះ​ដោយ​និយាយ​ថា ​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​កម្មករ​ជិត​១​លាន​នាក់ ​។

ដោយ​ពិចារណា​ទៅ​លើ​ដំណើរការ​ទាំង​ពីរ​នេះ វា​ហាក់ដូចជា​មិន​ទាន់​មានច្រកចេញ​នៅឡើយថា ​កម្ពុជា​អាច​នឹង​​រក​ដំណោះស្រាយ​បាន​ជាមួយ​សហភាព​អឺរ៉ុប ​ដើម្បី​អោយ​បន្ត​ការ​លើកលែង​ព​ន្ធ ​សម្រាប់​ទំនិញ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ ។ អ្នកជំនាញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​បាន​សម្លឹង​ឃើញល​ទ្ធ​​ភាព​តិចតួច​ ដែល​សហភាព​អឺរ៉ុប​ និង​រដ្ឋាភិបាល​កម្ពុជា ​អាច​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​លើក​ឡើង​ថា ​បញ្ហា​នេះ​មានចរិត​នយោ​បាយ​ជា​ជាង​សេដ្ឋកិច្ច​ ។

សហភាព​អឺរ៉ុប​ ជាទី​ផ្សារ​ធំ​ជាងគេ​បំផុត​​សម្រាប់ការ​នាំ​ចេញ​សម្លៀក​បំពាក់ ​និង​ស្បែកជើងពី​ប្រទេស​
កម្ពុជា​ ។ យោង​តាម​របាយការណ៍​របស់​សហភាព​អឺរ៉ុប​​បាន​បង្ហាញថា ​ការ​នាំ​ចេញរបស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺ​រ៉ុ​ប បាន​មានកំណើត​ជាប់​រហូត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ​ក្នុង​រយ​:​ពេល​១០​ឆ្នាំ​ចុង​ក្រោយ ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក ​។

ខណ​:​ដែល​ឆ្នាំ​២០០៧ កម្ពុជា​បាន​នាំ​ចូល​ទៅសហភាព​អឺរ៉ុប​មាន​តម្លៃ​ត្រឹមតែ​ប្រមា​ន​១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​ទីផ្សារ​អឺរ៉ុប​មាន​តម្លៃ​រហូត​ដល់​ជាង​៥,៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ​។ តួលេខ​នេះ​ បាន​បញ្ជាក់​អំពី​សារសំខាន់​ដ៏​ខ្លាំង​បំផុត​​នៃ​ទីផ្សារ​អឺរ៉ុប​ សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ​ពិសេស​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​។

ទំនិញ​កម្ពុជា​អាច​ចូល​ទីផ្សារ​អឺរ៉ុប​បាន​ច្រើន​ ដោយសារ​តែ​ការ​លើកលែង​ព​ន្ធ​ ដែល​ធ្វើ​អោយ​ទំនិញ​ពី​កម្ពុជា​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​ទំនិញ​ពី​ប្រទេស​ផ្សេង​ទៀត​ដូច​ជា ​វៀតណាម បង់​ក្លាដេ​ស ឬភូមា​ ជាដើម​។ ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា​ នៅ​ពេល​ដែល​គ្មាន​ការ​លើកលែង​ព​ន្ធ​នោះ​ សម្លៀក​បំពាក់​និង​ស្បែកជើង​របស់​​កម្ពុជា​នឹង​បាត់​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​ ហើយ​ការ​នាំ​ចេញពី​ប្រទេស​កម្ពុជា​នឹង​ធ្លាក់​ចុះ​ដោយ​ដាក់​សម្ពាធ​ដល់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​អោយ​ពិបាក​ដកដង្ហើម​។

ការ​បិទទ្វារ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នឹង​មាន​ន័យ​ថា ​នឹង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​ជា​ច្រើន​នឹង​បាត់
បង់​ការងារ​ធ្វើ​ ។ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ បាន​ផ្តល់​ការងារ​ធ្វើ​ដល់មនុស្ស​ជិត​មួយ​លាននាក់​និង​ផ្តល់​ប្រយោជន៍​ដល់​មនុស្ស​ផ្សេង​ទៀត​ប្រមាណ​ជា​បី​លាន​នាក់​ ។ វាសនា​របស់​មនុស្សទាំងនេះ​ អាច​នឹង​ត្រូវ​ប៉ះពាល់ នៅ​ពេល​ដែល​វិស័យ​កាត់ដេរ​របស់​កម្ពុជា​មានការ​ធ្លាក់​ចុះ​។

នឹង​ត្រូវការ​ពេល​យ៉ាងតិច​១៨​ខែ ចាប់ពី​ថ្ងៃ ទី​១២​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩ មុន​ពេល​ដែល​វា​អាច​មានការ​សម្រេច​ចិត្ត​និង​ចូល​ជា​ធរមាន វា​ទាមទារអោយ​មានការ​គិតគូរជា​មុន ​ដើម្បីកាត់​បន្ថយ​ជា​អតិប្បរិមា​ផល​ប៉ះពាល់​នៃ​ការ​ផ្អាកពន្ធ​​ទៅ​ដល់វិស័យ​កាត់ដេរ​កម្ពុជា​ និង​ជីវិត​កម្មករ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​នឹង​ទាមទារ​។

ការ​រក្សា​បាន​ស្ថេ​រ​ភាព​នៃ​វិស័យ​កាត់ដេរ​នឹ​ិ​ង​ធានា​បាន​ថា​កម្មករ​កាត់ដេរ​នឹង​មិន​បាត់បង់​ការងារ​ធ្វើ​។ ចំណែក​បញ្ហា​សង្គម​នានា​ក៏​មិន​អាច​កើត​មាន​ចេញពី​វិបត្តិ​ការងារ​នោះ​។

អ្នកឯកទេស​នៅ​ក្នុង​វិស័យ​កាត់ដេរ​បានអោយ​ដឹង​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹង មិន​ស្លាប់ ដោយសារ​តែ​ការ​ផ្អាក​ការ​លើកលែង​ព​ន្ឋ​នោះ​ឡើយ ប៉ុន្តែ​អ្នកជំនាញ​រូប​នោះ នៅ​តែ​ព្រួយ បារម្ភ ថា​វា​នឹង​អាច​មាន​ផល​ប៉ះពាល់​ច្រើន​។ សមាគម​រោង​ច្រក​កាត់ដេរ​បាន ព្យាយាម​ពន្យល់ ដល់​សហភាព​អឺរ៉ុប​អំពី​ផល​ប៉ះពាល់​នៃ​ការ​សម្រេចចិត្ត​របស់​អឺរ៉ុប​ចំពោះ​ឧស្សាហកម្ម​កាត់ដេរ​ទាំងមូល​ប៉ុន្តែ​ការ​ពន្យល់​ទាំងនោះ​មិន​បាន​ផល​ឡើយ​រហូត​មក​ទល់​ពេល​នេះ​។

នៅ​ពេល​មាន​បញ្ហា​ពី​ខាងក្រៅ​ដែល​កម្ពុជា​មិន​អាច​គ្រប់គ្រង​បាន កម្ពុជា​ខ្លួនឯង​ត្រូវ​រក​វិធី​មួយ ចំនួន​ដើម្បី​បំពេញ​នឹង​ការ​ខាតបង់​ដែល​បណ្តាល​មក​ពី​ការ​ផ្អាក​ព​ន្ឋ​នោះ​។ អ្នកទិញ​មានការ​យក ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​នៃ​តម្លៃ​។ ដូច្នេះ​ កម្ពុជា​អាច​គិត​ចេញពីខាងក្នុង​ប្រទេស​វិញ ដើម្បី​ធ្វើ យ៉ាង ណា អោយ​តម្លៃ​សម្លៀក​បំពាក់​និង​ស្បែកជើង​នៅ​តែ​មាន​តម្លៃ​ថោក អាច​ប្រកួតប្រជែងបាន​នឹង​តម្លៃ​របស់​ប្រទេស​វៀតណាម​និង​ប្រទេស​ផ្សេង​ទៀត​ ។

ការ​កាត់​បន្ថយ​ការ​ចំណាយក្រៅផ្លូវការ ដែល មិន​ចាំបាច់ ការ​កាត់​បន្ថយ​តម្លៃ​អគ្គី​ស​នី​និង​ការ​ផ្តល់​ការ​អនុគ្រោះ​មួយចំនួន​ដែល រដ្ឋាភិបាលកម្ពុជា​អាច​នឹង​ធ្វើ​បាន​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ ទៅ​លើ​ការ​ផលិត សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា​។ នេះ​ជា​អ្វី​ដែល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា នឹង​ចង់អោយ រដ្ឋាភិ​បាល ពិចារណា និង​ជួយ​ដោះស្រាយ​។ ទន្ទឹម​គ្នា​នោះ ការ​ពង្រីក​ទីផ្សារ​ទៅ​កាន់​ប្រទេស ផ្សេង​ទៀត ដូច​ជា ទៅ​កាន់​ប្រទេស​ជប៉ុន​និង​ចិន​ជាដើម​ក៏​នឹង​មាន​ប្រយោជន៍ សម្រាប់​ការ​នាំ ចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា​។

ចំណែក​កម្មករ​វិញ​ក៏​ត្រូវ​ចេះ​ជួយ​ខ្លួនឯង​នៅ​ក្នុង​គ្រា​លំបាក​ណាមួយ​ដែល​អាច​នឹង​កើត​មាន​។ នោះ​គឺ​ការ​បង្កើត​ផលិតភាព​ការងារ​។ តាម​ការ​ស្រាវ​ជ្រាង​កម្មករ​កម្ពុជា​មាន​ប្រ​សិ​ទ្ឋ​ភាព ការងារ ទាប​ជាង​ប្រ​សិ​ទ្ឋ​ភាព​ការងារ​កម្មករ​វៀតណាម​។ ដូច្នេះ វា​ចាំបាច់​ដែល​កម្មករ​ត្រូវ​ខិតខំ ធ្វើការ​ដើម្បី បង្កើន​ផលិតភាព​ការងារ​ដែល​នឹង​ធ្វើ​អោយ​តម្លៃ ផលិត​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា​នឹង​បន្ត​មាន​ភាព​ប្រកួតប្រជែង​។

ទាំង​រដ្ឋាភិបាល ទាំង​រោងចក្រ​កាត់ដេរ ទាំង​កម្មករ​កាត់ដេរ​ខ្លួន ឯង​ត្រូវ​ត្រៀម សម្រាប់ ស្ថានភាព ដ៏​លំបាក​ដែល​អាច​នឹង​កើត​មាន​ដោយសារ​ការ​សម្រេច​ចិត្តជា​ផ្លូវការ​របស់​សហភាព​អឺរ៉ុប​ដើម្បី​ផ្អាក​ការ​លើកលែង​ព​ន្ឋ​សម្រាប់​ប្រទេស​កម្ពុជា​។

ការ​ត្រៀម​ជា​មុន​បាន​ល្អ​នឹង​អាច​ជួយ​កម្ពុជា​កាត់​បន្ថយ​ជា​អតិប្បរិមា​នូវ​ផល​ប៉ះពាល់ ​ដែល​អាច​នឹង​កើត​មាន​ដោយសារ​តែ​ការ​សម្រេចចិត្ត​ណាមួយ​របស់​សហភាព​អឺរ៉ុប​ដែល​ឈាន​ដល់​ការ​ផ្អាក​ការ​លើកលែង​
ពន្ធ​សម្រាប់​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ