ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប​ត្រៀម​កណ្ដាប់ដៃ​កំដរ​អ្នក​ប្រដាល់​បរទេស​ថ្ងៃ​សុក្រ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សុក្រ ទី​១៥ កុម្ភៈ​ខាង​មុខ​នេះ មានការ​ណាត់ជួប​ប្រកួត​គ្នា​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ចំនួន​៣​គូ​។ ក្នុង​នោះ​មាន​២​គូ​ជួប​ប្រកួត​កម្ពុជា​-​ថៃ និង​១​គូ​ទៀត គឺជា​ការ​ជួប​ប្រកួត​គ្នា​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​អង់គ្លេស​។…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សុក្រ ទី​១៥ កុម្ភៈ​ខាង​មុខ​នេះ មានការ​ណាត់ជួប​ប្រកួត​គ្នា​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​បរទេស​ចំនួន​៣​គូ​។ ក្នុង​នោះ​មាន​២​គូ​ជួប​ប្រកួត​កម្ពុជា​-​ថៃ និង​១​គូ​ទៀត គឺជា​ការ​ជួប​ប្រកួត​គ្នា​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​អង់គ្លេស​។

កីឡាករ ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​អស់​ជា​ច្រើន​ខែ​រួច​មក​ហើយ​នោះ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​អង់គ្លេស Peter Trueman ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​។ តាម​ពិត​កីឡាករ ទេស សំខាន់ គឺជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​មានបទពិសោធន៍​នៅ​លើ​សង្វៀន​ជា​យូ​ឆ្នាំ​មក​ហើយ​។

តែ​ជាមួយនឹង​ការ​បាត់​មុខ​ពីលើ​សង្វៀន​យូ​យ៉ាងនេះ មិនដឹង​ថា គេ​នៅ​មាន​កម្លាំង​អាច​ទប់ទល់​ប្រកួត​ជាមួយ​កីឡាករ​អង់គ្លេស​ម្នាក់​នេះ​បាន​ឬ​អត់​នោះ​ទេ? ម្យ៉ាងវិញទៀត​ទោះបី​ពី​មុន​មក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​អ្នក​ប្រដាល់​ដែល​មាន​ជំនាញ​ខាង​ប្រើ​កែង និង​ជង្គង់​យ៉ាងណា​ក៏​ដោយ បើ​ពុំ​មានការ​ហ្វឹក​ហាត់​ដិត​ដល់​ទេ​នោះ គឺ​ពិបាក​សង្ឃឹម​ខ្លាំង​ណាស់​។ កីឡាករ​ជនជាតិ​អង់គ្លេស​ម្នាក់​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​នោះ​ទេ​។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ ទេស សំខាន់ ត្រូវ​បារម្ភ​នោះ គឺ​ផ្នែក​កម្លាំង​តែ​ម្ដង ទោះបី​មាន​ល្បិច​ប្រយុទ្ធ​ល្អ​យ៉ាងណា​ក៏​ដោយ តែ​កាល​ចាញ់​កម្លាំង​ក៏​ពិបាក​ដែរ​។

កីឡាករ ពុទ្ធ ភា​រិ​ន្ទ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ពោធិ៍​សែន​ជ័យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អក្ខរៈ​ដេ​ត ស​.​ផ​ន​ឆៃ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពីរ​ទៅ​បី​រួច​មក​ហើយ​។ ហើយ​តាមតែ​ធ្លាប់​ដឹង​ថ្វីដៃ​ប្រកួត​របស់​គេ​មិនជា​អន់​ប៉ុន្មាន​ឡើយ​។ តែ​ចំពោះ ពុទ្ធ ភា​រិ​ន្ទ​វិញ​នោះ គ្រាន់តែ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ម្នាក់​ប៉ុណ្ណោះ បទ​ពិសោធន៍​ប្រកួត​ក៏​នៅ​ខ្ចី ចិត្ត​ក៏​មិនសូវ​ហ៊ាន​ទៀត ដូច្នេះ​មិនដឹង​ថា​គេ​អាច​ស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ម្នាក់​បាន​ដល់​ទឹក​ទី​៥​ឬ​អត់​នោះ​ទេ?

ចំណែក​កីឡាករ ម៉ឺន មេ​ឃា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ យ៉​ត​សុ​វីត វ៉​.​សុង នឹង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ គូ​នេះ​ប្រហែលជា​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខក​បំណង​​ឡើយ​។ ម៉ឺន មេ​ឃា ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប មានបទពិសោធន៍​ប្រកួត​ពេញ​ខ្លួន ផ្លែ​កែង​និង​ជង្គង់ អាច​ប្រើ​ការ​បាន​យ៉ា​ស្ទាត់ជំនាញ ហើយ​មាន​កម្លាំង​ថែម​ទាំង​មានចិត្ត​សឿង​ទៀត​ផង​។

តែ​ក៏​មិន​អាច​មើល​ស្រាល​លើ​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ដែរ ព្រោះ យ៉​ត​សុ​វីត បើ​តាមតែ​គេ​ធ្លាប់​ដឹង​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​នៅ​ស្រុក​ថៃ ដែល​មិន​ងាយ​រក​គូប្រកួត​បាន​ឡើយ​។ ទោះជា​យ៉ាងណា​លោក ធន់ សុភា ដែល​ជា​គ្រូបង្វឹក​នោះ​អះអាង​ថា គូ​នេះ អាច​ស៊ីសង​ជាមួយ​គ្នា​បាន​។ ចំណែក​សិស្ស​របស់​លោក​មួយ​រយៈ​មកនេះ ក៏​មានការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ណាស់​ដែរ​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​នោះ នួន សុ​វ​ណ្ណា រាជ​មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​ឡុ​ង ហាក់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ខណៈ​មួយគូ​ទៀត គឿ​ប សុវណ្ណ​នឿ​ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ប្រកួត​ជាមួយ ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ