ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍រៀប​ចំការ​ប្រកួត​បាល់ទាត់​លើក​ដំបូង​ជាមួយ​យុវជន​ប្រមាណ​៦០០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ មាន​យុវជន​ប្រមាណ​៦០០​នាក់​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​ខ្នាត​តួច​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​រៀបចំ​ដោយ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ឬ​ហៅ​ថា «​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​»​។ បន្ទាប់​ពី​ការ​ប្រកួត​៤​ថ្ងៃ យើង​បាន​រក​ឃើញ​ក្រុម​ឈ្នះ​ចំនួន​៦​ក្រុម​ដែល​ពួក​គេ​ទទួល​បាន​ពានរង្វាន់ និង​មេដាយ​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​នៅ​ថ្ងៃនេះ…

ខេត្តកំពង់ស្ពឺ ៖ មាន​យុវជន​ប្រមាណ​៦០០​នាក់​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​ខ្នាត​តួច​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​រៀបចំ​ដោយ​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ឬ​ហៅ​ថា «​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​»​។

បន្ទាប់​ពី​ការ​ប្រកួត​៤​ថ្ងៃ យើង​បាន​រក​ឃើញ​ក្រុម​ឈ្នះ​ចំនួន​៦​ក្រុម​ដែល​ពួក​គេ​ទទួល​បាន​ពានរង្វាន់ និង​មេដាយ​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​នៅ​ថ្ងៃនេះ ដែល​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​សហគមន៍ មន្ត្រី​កីឡា គណៈ​គ្រប់គ្រង​របស់​ណា​ហ្គា​វើ​ល​ដ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​។

ការ​ប្រកួត​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​ជា​គំនិត​ផ្តួចផ្តើម​រយៈ​ពេល​២​ឆ្នាំ​របស់​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជួយ​បណ្តុះបណ្តាល​កីឡាករ​-​កីឡា​ការិនី​​បាល់ទាត់​ជំនាន់​ក្រោយ​នៅ​តាម​សហគមន៍​។ ក្នុង​ខែវិច្ឆិកា កាលពី​ឆ្នាំ​មុន គ្រូ​កីឡា​១២០​នាក់​មក​ពី​អនុ​វិទ្យាល័យ និង​វិទ្យាល័យ ៩៤ ក្នុង​ខេត្តកំពង់ស្ពឺ បាន​ទទួល​ការ​បណ្តុះបណ្តាល​បច្ចេកទេស​បង្ហាត់កីឡា​បាល់ទាត់​អាជីព​ដែល​ផ្តល់​ដោយ​ក្លឹ​ប​បាល់ទាត់​ណា​ហ្គា​វើ​ល​ដ៍​ដែ ល​ជា​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ ២០១៨​។

បន្ទាប់​ពី​ការ​ហ្វឹកហាត់​រយៈពេល​២​ខែ មាន​ក្រុម​សរុប​២៨​ក្រុម (​ក្រុម​កុមា​រា​មាន​១៩​ក្រុម និង​កុមារី​មាន​៩​ក្រុម​) បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​ខ្នាត​តូច​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ធ្វើ​ឡើង​នៅ​ទីលាន​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ​ពី​ថ្ងៃ​ទី​២៨ ដល់​៣១ ខែមករា​។ ក្នុង​ប្រភេទ​កុមា​រា​ជើងឯក បាន​ទៅ​លើ​វិទ្យាល័យ​កំពង់ស្ពឺ​លេខ​២ បាន​ទៅ​លើ​វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច និង​លេខ​៣ បាន​ទៅ​លើ​វិទ្យាល័យ​វាល​ពង់​។ ចំណែក​ប្រភេទ​កុមារី ជើងឯក បាន​ទៅ​លើ​វិទ្យាល័យ​អន្លង់​ជ្រៃ លេខ​២ បាន​ទៅ​លើ​វិទ្យាល័យ​ឱ​រ៉ា​ល់ និង​លេខ​៣ បាន​ទៅ​លើ​វិទ្យាល័យ​វាល​ពង់​។

នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍លោក Pern Chen បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​អភិវឌ្ឍ​វិស័យ​កីឡា គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ចំណោម​គំនិត​ផ្តួចផ្តើម​សំខាន់​ទាំង​៤​របស់​ក្រុមការងារ​សង្គម​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​។ យើង​មាន​គោលបំណង​អភិវឌ្ឍ​កម្មវិធី​កីឡា​សម្រាប់​សហគមន៍ និង​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​លេង​កីឡា ដើម្បី​បង្កើន​សាមគ្គីភាព​ជា​ក្រុម​មិត្តភាព និង​ភាព​ជា​អ្នកដឹកនាំ​។ យើង​ក៏​មាន​គោលបំណង​អភិវឌ្ឍ​កីឡាករ​-​កីឡាការិនី​បាល់ទាត់​ដ៏​មាន​សក្តានុពល និង​ជួយ​បង្កើន​សមត្ថភាព​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុកចិត្ត​ជាង​មុន​ក្នុង​ការ​ប្រកួត​ក្នុង​ទីលាន និង​ក្រៅ​ទីលាន​ផង​ដែរ​»​។

លោក ថន ថា​រិ​ន ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​គាំទ្រ​ពេញទំហឹង​ដល់​គំនិត​ផ្តួចផ្តើម​របស់​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​កាន់តែ​ខ្លាំង​។ ការ​បង្កើន​គុណភាព​នៃ​ការ​បង្ហាត់​នៅ​តាម​សាលារៀន គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ជំនាញ​បាល់ទាត់​ក្នុង​ចំណោម​កីឡាករ​វ័យក្មេង​នៅ​តាម​ខេត្ត​»​។

អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​លោក ម៉ៃ តុលា បាន​មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​នេះ នឹង​ជួយ​បង្កើន​ស្តង់ដា​នៃ​ការ​បង្ហាត់កីឡា​នៅ​តាម​សាលារៀន​ទូ​ទាំង​ខេត្តកំពង់ស្ពឺ និង​បង្កើត​ឲ្យ​មាន​កីឡាករ​-​កីឡាការិនី​ឆ្នើម​ជា​ច្រើន​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​។ យើង​រីករាយ​ដែល​ឃើញ​ការ​អភិវឌ្ឍ​បែប​នេះ​»​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ណា​ហ្គា​វើ​ល​ដ៍ និង​អង្គភាព​ពាក់ព័ន្ធ​រៀបចំ​កម្មវិធី​ដ៏​ល្អ​នេះ​ឡើង​ក្នុង​ខេត្ត​របស់​យើង​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​អាយុ​១៤ ដល់​១៨​ឆ្នាំ​ប្រមាណ​១៨.៥០០ នាក់​»​។

លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ជាតិ​អប់រំ​យុវជន និង​កីឡា ធម្មការ​សាសនា កិច្ចការ​វប្បធម៌ និង​ទេសចរណ៍ សមាជិក​រដ្ឋសភា តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កម្មវិធី​អភិវឌ្ឍ​យុវជន​របស់​ណា​ហ្គា​វើ​ល​ដ៍​នៅ​ក្នុង​សុន្ទរកថា​នៃ​ពិធី​ប្រគល់​រង្វាន់​ថា​៖ «​រដ្ឋាភិបាល ប្តេជ្ញា​អភិវឌ្ឍ​អត្ត​ព​លិ​ក និង​លើកកម្ពស់​ស្តង់ដារ​នៃ​ការ​បង្ហាត់កីឡា​នៅ​តាម​សាលារៀន​ដែល​វា​នឹង​អាច​ផលិត​កីឡាករ​ឆ្នើម​សម្រាប់​ក្លឹ​ប​ក្នុងស្រុក​ក៏​ដូច​ជា​ក្រុម​ជម្រើសជាតិ​»​។

គួរ​ដឹងផង​ដែរ​ថា ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កីឡាបាល់ទាត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ណា​ហ្គា​វើ​ល​ដ៍​បាន​សហការ​ជា​លក្ខណៈ​យូរអង្វែង​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ហើយនឹង​បន្ត​ផ្តល់​រង្វាន់​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ដែល​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ធំ​ៗ ដូច​ជា​កីឡា​ទ្វីបអាស៊ី និង​កីឡា​អាស៊ី​អាគ្នេយ៍ ជាដើម​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ