ចំណូល​ពី​ការ​លក់ សំបុត្រ​ចូល​ទស្សនា តំបន់​អង្គរ​ក្នុង​ខែមករា ថយ​ចុះ


រាជធានី​ភ្នំពេញ ៖ ក្នុង​ខែមករា​ដើមឆ្នាំ ២០១៩​នេះ គ្រឹះស្ថាន​អង្គរ​ដែល​ជា​អ្នក​ទទួល​លក់​សំបុត្រ​និង​ប្រមូល​ថវិកា​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​និង​ចំណូល​មានការ​ធ្លាក់ បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨​កន្លង​មក ។

បើ​តាម​តួលេខ​បង្ហាញ​ដោយ​គ្រឹះស្ថាន​អង្គរ បាន​បញ្ជាក់​ថា ក្នុង​ខែមករា ចំណូល​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​១២,៣៨​លាន​ដុល្លារ ធ្លាក់​ចុះ​៨,១៥% ក្នុង​នោះ ភ្ញៀវ​ដែល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន​២៧១.០៥០​នាក់ ធ្លាក់​ចុះ​៨,០៦% ធៀប​នឹង​ខែមករា ឆ្នាំ ២០១៨​កន្លង​ទៅ ។ តែ​យ៉ាងណា​ក៏​ដោយ តួលេខ​ថយ​ចុះ​ក្នុង​ខែមករា ឆ្នាំ​២០១៩​នេះ ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ពោល​គឺ​មាន​ភាព​ខុស​គ្នា​តិចតួច​ប៉ុណ្ណោះ ហើយ​បើ​ធៀប​នឹង​ខែធ្នូ ឆ្នាំ ២០១៨​វិញ ឃើញ​ថា ការ​លក់​ប័ណ្ណ និង​ចំណូល​ដែល​បាន​មក​ពី​រមណីយដ្ឋាន​អង្គរ ក្នុង​ខែ មក​រា​ឆ្នាំ ២០១៩​កើនឡើង​ទៅ​វិញ ។ ដូច្នេះ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​តែ​បន្ត​មក​ទស្សនា​កម្ពុជា​ជា​បន្ដបន្ទាប់ ។

តាម​ស្ថិត​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កាលពី​ខែមករា ឆ្នាំ​២០១៨ កម្ពុជា​រក​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​បាន​រហូត​ដល់​ជាង​១៣,៤៧​លាន​ដុល្លារ ខណៈ​ប័ណ្ណ​ដែល​បាន​លក់​ទៅ​ភ្ញៀវ​បរទេស​មាន​ចំនួន​ដល់​ទៅ ២៩៤.៨១៣​ប័ណ្ណ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា ក៏​បាន​បង្ហាញ​ផង​ដែរ បច្ចុប្បន្ន​ចិន គឺជា​អ្នក​ឈរ​លំដាប់​កំពូល ជា​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា នៅ​ក្នុង​តំបន់​អង្គរ និង​ប្រទេស​កម្ពុជា ដែល​បាន​ជំរុញ​ឲ្យ​កម្ពុជា និង​ចិន​បង្កើន​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត ពី​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​ទាំង​បី និង អាកាសយានដ្ឋាន​ជា​ច្រើន​ទៀត​របស់​ចិន ជាក់ស្ដែង កា​ពី​ខែមករា​មុន​នេះ​ជើងហោះហើរ​ថ្មី​មួយ​របស់​ចិន​ចេញពី​ទីក្រុង​ប៉េ​កាំ​ង ក៏​បាន​ហោះ​ត្រង់​មក​កាន់​អាកាស​ដ្ឋា​ន​ភ្នំពេញ​របស់​កម្ពុជា​ផង​ដែរ ដើម្បី​ដឹក​ជញ្ជូន​អ្នកដំណើរ​ពី​ចិន​មក​កាន់​កម្ពុជា ទាំង​វិនិយោគិន និង​ទេសចរ ហើយ​ក៏​ដឹក​ជញ្ជូន​អ្នកដំណើរ​ពី​កម្ពុជា ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​រដ្ឋធានី​របស់​ចិន​វិញ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ មុន​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា ទទួល​បាន​អ្នកដំណើរ​ឆ្លងកាត់​ដល់​ជាង​១០​លាន​នាក់ ដែល​ជា​សញ្ញា​វិជ្ជមាន​មួយ​ពី​កំណើន​ភ្ញៀវ​ទេសចរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា និង​វិនិយោគិន​ដែល​មក​បណ្ដាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។

លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា ខណៈ​ពេល​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា ដូច្នេះ​ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា​ក្រសួងទេសចរណ៍​ជាដើម គួរតែ​បង្កើត​រមណីយដ្ឋាន​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ពួក​គេ​ឲ្យ​ស្នាក់​នៅ​យូរថ្ងៃ ដោយ​មិនមែន​ឲ្យ​ពួក​គេ​ហោះ​ពី​ប្រទេស​គេ​មក​ហើយ បាន​ត្រឹមតែ​មើល​អង្គ​រហើយ​ក៏​ត្រឡប់​ទៅ​វិញ​នោះ​ទេ ។ ការ​ពន្យារពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្រូប​យក​ចំណូល​បន្ថែម​ពី​ទេសចរ​ទេស​ទាំងនោះ ពីព្រោះ​ពួក​គេ​ត្រូវការ​ចំណាយ​ថ្លៃ​ហូប​ចុក ស្នាក់​នៅ និង​ថ្លៃ​ធ្វើ​ដំណើរ​ជាដើម ។

ដោយឡែក​លោក​ហូ វ​ណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នៅ​កម្ពុជា នៅ​តែ​ប្រកាន់ខ្ជាប់​បញ្ហា​សំរាម និង​សណ្ដាប់ធ្នាប់​ជា​កត្តា​សំខាន់ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​លេង​កម្ពុជា​កាន់តែ​ច្រើន ដោយ​លោក​បាន​ស្នើ​ដដែល​ៗ​ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​តំបន់​រមណីយដ្ឋាន​ល្បី​ៗ​ដើម្បី​ទាក់ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ