ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សង្គ្រាជ​វត្ត​ជាប់​សង្ស័យ​រំលោ.ភ​ប្រពន្ធ​គេ​២​ដង​មាន​មែនឬ​អត់អាស្រ័យ​លើតុលាការ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អ្នក​យក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី និង​ជា​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រចាំ​ខេត្ត​ប៉ៃលិន​លោក សេង សុ​វ​ណ្ណា​រិ​ទ្ធ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​កោះហៅ​ចូល​ក្នុង​បន្ទប់ ដើម្បី​បំភ្លឺ​ជុំវិញ​បណ្តឹង​ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស ព្រះ​នាម អ៊ុំ…

ខេត្ត​ប៉ៃលិន ៖ អ្នក​យក​ព័ត៌មាន​កាសែត​កម្ពុជា​ថ្មី និង​ជា​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រចាំ​ខេត្ត​ប៉ៃលិន​លោក សេង សុ​វ​ណ្ណា​រិ​ទ្ធ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​កោះហៅ​ចូល​ក្នុង​បន្ទប់ ដើម្បី​បំភ្លឺ​ជុំវិញ​បណ្តឹង​ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស ព្រះ​នាម អ៊ុំ មង្គល ដោយ​ប្តឹង​ចោទប្រកាន់​ពី​បទ​«​បរិហារ​បង្កាច់​កេរ្តិ៍​ជា​សាធារណៈ​» ដែល​បាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​រឿង​ព្រះ​ចៅអធិការ​វត្ត​នេះ​រង​ការ​ចោទ​ថា ចាប់រំលោភ​ប្រពន្ធ​គេ​បាន​សម្រេច កាលពី​ឆ្នាំ​២០១៨​កន្លង​មក ដែល​ហេតុការណ៍​កោះហៅ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

បើ​យោង​តាម​ដីកា​កោះហៅ​របស់​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចុះ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៦៥ អ​.​ក ចេញ​ដោយ​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន កោះហៅ​លោក សេង សុ​វ​ណ្ណា​រិ​ទ្ធ (​អ្នកកាសែត​) ឱ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង​ដែល​ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស អ៊ុំ​មង្គល ប្តឹង​អ្នក​ពី​ករណី​បរិហារ បង្កាច់​កេរ្តិ៍​ជា​សាធារណៈ​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប៉ុន្តែ​សម្រាប់​ការ​ចូល​ទៅ​បំភ្លឺ​នោះ​ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​ពន្យា​ពេល​រហូត​ដល់​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ​វិញ ។

ប្រភព​ព័ត៌មាន​ពី​លោក សេង សុ​វ​ណ្ណា​រិ​ទ្ធ អ្នក​សារព័ត៌​មានបាន​រៀបរាប់​ឲ្យ​ដឹង​ថា ការ​ប្តឹងផ្តល់ វា​ជា​សិទ្ធ​សេរីភាព​របស់​ជន​រង​គ្រោះ ឬ​ជនសង្ស័យ ។ ប៉ុន្តែ​បណ្តឹង​របស់​ព្រះ​ចៅអធិការ​វត្ត​ខាងលើ​ក៏​ដូច​ជា ដីកា​កោះហៅ​របស់​តុលាការ​ដែរ គឺ​លោក​មិន​បាន​ផ្សាយ​បរិហារកេរ្តិ៍ ឬ​បង្កាច់បង្ខូច​អ្វី​នោះ​ទេ ពោល​លោក​គ្រាន់តែ​ចុះ​ផ្សាយ​ទៅ​តាម​បណ្តឹង​ប្រជាពលរដ្ឋ​ដែល​ប្តឹង​ព្រះសង្ឃ​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេព​សន្ធ​វៈ​ប្រពន្ធ​របស់​គេ​តែ​ប៉ុណ្ណោះ ។ លោក​បាន​បន្ត​ថា ការ​ដែល​លោក​ដាក់​ផ្សាយ​តាម​កាសែត និង​ទូរទស្សន៍​នេះ គឺ​លោក​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ជន​រង​គ្រោះ​ជាមួយ​សាក្សី​ដឹង​ហេតុការណ៍​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ធម្មការ និង​សាសនា សមត្ថកិច្ច​ជំនាញ ជា​ពិសេស​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស ដែល​រង​ការ​ចោទប្រកាន់​តែ​ម្តង ។

លោក​បាន​បញ្ជាក់​ថា ក្រឡាបញ្ជី​បាន​សួរនាំ​អស់​រយៈពេល​ជាង​៣​ម៉ោង​ពី​ការ​ដែល​ចុះ​ផ្សាយ​កន្លង​មក និង​សួរ​រក​ឯកសារ​ពាក់ព័ន្ធ​ដែល​បាន​សម្ភាសន៍​ជាមួយ​ជន​រង​គ្រោះ និង​ព្រះសង្ឃ​ផង​ដែរ ។ លោក​ក៏​បង្ហាញ​ជូន​ទាំងអស់ គឺ​មាន​គ្រប់គ្រាន់​ព្រមទាំង​មាន​សាក្សី​ដឹង​ឮ​ផង​ដែរ ។ លោក​សំណូមពរ​ឱ្យ​ខាង​អយ្យការ​រក​យុត្តិធម៌​ជូន​ក្នុង​នាម​ជន​រង​គ្រោះ​អាជីព​ជា​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​ប៉ៃលិន ។

បើ​យោង​តាម​កំណត់ហេតុ​របស់​ក្រុមការងារ​ការពារ​សិទ្ធ​ស្ត្រី និង​កុមារ​ដែល​មាន​សមាសភាព​ចូលរួម​ពី​អភិបាលរង​ខេត្ត​ប៉ៃលិន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កិច្ចការ​នារី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សង្គមកិច្ច និង​ភាគី​ពាក់ព័ន្ធ​បាន​ចុះ​ស្រាវជ្រាវ ករណី​ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស​រំលោភ​សេព​សន្ធ​វៈ​លើ​ប្រពន្ធ​គេ​បាន​បញ្ជាក់​ថា ករណី​នេះ​ជា​ករណី​រំលោភ​សេព​សន្ធ​វៈ​ពិតប្រាកដ​មែន​ដោយ​កំណត់​ហេតុនេះ​បាន​បញ្ចប់​តាំងពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​ហើយ រហូត​មក​ដល់​ពេល​នេះ​ព្រះ​ចៅអធិការ​វត្ត​ដែល​រង​ការ​ចោទប្រកាន់​នៅ​មាន​សេរីភាព​ព្រមទាំង​មាន​សិទ្ធិ​ប្តឹង​ជន​រង​គ្រោះ និង​អ្នក​យក​ព័ត៌មាន​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ជា​សាធារណៈ​ទៀត​ផង ។

គួរ​រំលឹក​ដែរ​ថា កាលពី​កំឡុង​ពេល​ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅ​ភា្ន​ក់​ងារ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រចាំ​ខេត្ត​ប៉ៃលិន​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់​ទូរស័ព្ទ​ឲ្យ​ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស​រំលោភ​សេព​សន្ធ​វៈ​ប្រពន្ធ​គេ ហើយ​អ្នក​យក​ព័ត៌មាន​ក៏​បាន​ចុះ​ទៅ​សម្ភាសន៍​ជន​រង​គ្រោះ​ដោយ​ជន​រង​គ្រោះ​លើក​ឡើង​ថា ព្រះ​ចៅអធិកា​វត្ត​អូរ​ប្រើស​បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​លើ​រូប​គាត់​ចំនួន​ពីរ​ដង​សុទ្ធតែ​បាន​សម្រេច ព្រមទាំង​គំរាម​សម្លាប់​មួយ​ពូជ​ទៀត​ផង​ដែរ បើ​ហ៊ាន​ប្រាប់​គេ​ឲ្យ​ដឹង ក្នុង​នោះ​ភ្នាក់ងារ​ព័ត៌មាន​ក៏​បាន​ចុះ​សម្ភាសន៍​សាក្សី​ដែល​ដឹង​ហេតុការណ៍​ដោយ​លើក​ឡើង​ថា វា​ជា​រឿង​ពិតប្រាកដ ។ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ ព្រះ​ចៅអធិការ​វត្ត​អូរ​ប្រើស​ព្រះ​នាម អុំ មង្គល ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​ដែរ​ថា​វា​ជា​រឿង​គំនុំ​ទំនាស់​បុគ្គល​ទាំងស្រុង និង​សូម​ធ្វើការ​បដិសេធ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ