ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ចំណុច​ដែល​អ្នក​គួរ​គិត មុន​សម្រេច​ឈប់​ពី​ការងារ​ទៅ​រកស៊ី

5 ឆ្នាំ មុន

នៅ​ពេល​ណាមួយ​ក្នុង​ជីវិត អ្នក​អាច​នឹង​គិតដល់​ការ​លាឈប់​ពី​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​រាល់ថ្ងៃ ដើម្បី​ទៅ​រកស៊ី បើក​ជា​មុខ​ជំនួញ​មួយ​ដោយ​ខ្លួនឯង ដែល​វា​អាច​ជា​ហាង​លក់​ខោអាវ ហាង​លក់​អីវ៉ាន់ ក្រុមកីឡា ឬ​ក៏​បង្កើត​ជា​បទ​ចម្រៀង​ដោយ​ខ្លួនឯង​ជាដើម ។ ពេល​ដែល​អ្នក​គិតដល់​រឿង​នេះ​ជាងគេ…

នៅ​ពេល​ណាមួយ​ក្នុង​ជីវិត អ្នក​អាច​នឹង​គិតដល់​ការ​លាឈប់​ពី​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​រាល់ថ្ងៃ ដើម្បី​ទៅ​រកស៊ី បើក​ជា​មុខ​ជំនួញ​មួយ​ដោយ​ខ្លួនឯង ដែល​វា​អាច​ជា​ហាង​លក់​ខោអាវ ហាង​លក់​អីវ៉ាន់ ក្រុមកីឡា ឬ​ក៏​បង្កើត​ជា​បទ​ចម្រៀង​ដោយ​ខ្លួនឯង​ជាដើម ។ ពេល​ដែល​អ្នក​គិតដល់​រឿង​នេះ​ជាងគេ អាច​ថា​ជា​ពេល​អ្នក​ធុញទ្រាន់​នឹង​កន្លែង​ការងារ​ហើយ ពិសេស​គឺ​បរិស្ថាន​ការងារ​មិនល្អ​តែ​ម្ដង ។

តាម​គេហទំព័រ Alux ប្រសិនបើ​អ្នកមាន​គំនិត​អីចឹង​មែន អ្នក​គួរតែ​ដឹង​ច្បាស់​សិន​ពី​ចំណុច​ខ្លះ​ៗ មុន​ពេល​សម្រេចចិត្ត​លះបង់​ការងារ​ទៅ​ចាប់​យកមុខ​ជំនួញ ដែល​វា​មាន​៥​ចំណុច​ដូច​ខាងក្រោម ៖

១. ប្រហែលជា​ការងារ​ធ្វើ​រាល់ថ្ងៃ​មិនល្អ ៖ តើ​អ្នក​ច្បាស់​ទេ​ថា​អ្នក​ពិតជា​ចង់​បើក​ការ​រកស៊ី​មែន ? ឬ​ក៏​គ្រាន់តែ​ចង់​ឈប់​ពី​ការងារ​មួយ​នេះ​ទេ ? អ្នក​ត្រូវ​សួរ​ខ្លួនឯង​ឱ្យ​ច្បាស់​។ មាន​បុគ្គលិក​មិន​តិច​ទេ ដែល​គិត​ថា​ចង់​ក្លាយទៅជា​សហគ្រិន​ក្នុង​មុខ​ជំនួញ​។ តែ​តាម​ការ​ពិត ពួក​គេ​គ្រាន់តែ​ចង់​ឈប់​ពី​កន្លែង​ការងារ​របស់​ខ្លួន ព្រោះ​ធុញទ្រាន់​នឹង​វា​។ បើ​ដូចនេះ​មែន អ្នក​ត្រូវ​គិត​ឡើង​វិញ​ពី​មូលហេតុ ដែល​ធ្វើ​ឱ្យ​អ្នក​ចាប់ផ្តើម​ធ្វើ​ការងារ​មួយ​នេះ​ពី​ដំបូង ។

២. បាត់បង់​មិត្ត​រួមការ​ងារ ៖ តើ​អ្នក​ច្បាស់​ទេ​ថា ការងារ​របស់​អ្នក​ពិតជា​គួរ​ឱ្យ​ធុញទ្រាន់? ប្រសិនបើ​អ្នក​ឈប់​ពី​វា ហើយ​ទៅ​បើក​អាជីវកម្ម​ខ្លួនឯង អ្នក​នឹង​ក្លាយទៅជា​ថៅកែ​។ ការ​ធ្វើ​ជា​ថៅកែ មិន​អាច​ឱ្យ​អ្នកមាន​មិត្ត​រួមការ​ងារ​ទៅ​ញ៉ាំ​បាយ​ជាមួយ ឬ​អង្គុយ​និយាយដើម​មេ​ដូច​មុន​នោះ​ទេ ព្រោះតែ​អ្នក​ខ្លួនឯង​ផ្ទាល់​គឺជា​អ្នក​ត្រូវ​គេ​និយាយដើម​វិញ ។

៣. ទទួល​បន្ទុក​ទាំងស្រុង ៖ កាល​អ្នកជា​បុគ្គលិក អ្នក​គ្រាន់តែ​ធ្វើ​អ្វី​តាម​គេ​បញ្ជា​នោះ​ទេ ។ គេ​តែង​មាន​ច្បាប់ និង គម្រោង​ឱ្យ​អ្នក​អនុវត្ត​ទៅ​តាម​មុខ​តំណែង​របស់​ខ្លួន ។ នៅ​ពេល​អ្នក​ធ្វើ​ខុស អ្នក​នឹង​មាន​អ្នក​ផ្សេង​ចាំ​ប្រាប់ ឬ​ស្តីឱ្យ​តិចតួច ហើយ​ការ​ខាតបង់​គឺជា​ការ​ខាតបង់​របស់​ថៅកែ​។ តែ​វា​មិន​ដូច​គ្នា​ទេ នៅ​ពេល​អ្នក​ក្លាយជា​ថៅកែ​ខ្លួនឯង ការ​សម្រេចចិត្ត​របស់​អ្នក គឺជា​ការ​កំណត់​វាសនា​របស់​ក្រុមហ៊ុន​មួយ​ទាំងមូល​។

៤. មាន​វិន័យ​ផ្ទាល់ខ្លួន​ច្បាស់លាស់ ៖ នៅ​ពេល​អ្នក​គឺជា​បុគ្គលិក​គេ អ្នកមាន​គេ​នៅ​ចាំ​មើល​ពីលើ ។ ប្រសិន​បើ​អ្នក​មក​យឺត គេ​នឹង​ស្តីឱ្យ តែ​នៅ​ពេល​អ្នក​ក្លាយជា​ថៅកែ គឺ​គ្មាន​នរណា​ស្តីឱ្យ​ទេ ព្រោះ​មិនមែន​នរណា​ធំ​ជាង​អ្នក​ទេ​នៅ​ក្នុង​មុខ​ជំនួញ​។ ដូចនេះ អ្នក​ត្រូវ​តែ​ចេះ​កំណត់​វិន័យ​សម្រាប់​ខ្លួនឯង​ឲ្យ​ច្បាស់ ។

៥. រក​ដើមទុន ៖ អ្នក​មិន​អាច​បើកមុខ​របរ​ដោយ​គ្មាន​ដើមទុន​បាន​ទេ​។ អ្នក​ត្រូវការ​វា​ដើម្បី​ចាប់ផ្តើម​អ្វី​ៗ ដែល​អ្នក​ចង់​ធ្វើ​។ វា​អាច​មិនមែន​ជា​លុយ​របស់​អ្នក​ផ្ទាល់ តែ​អ្នក​ត្រូវ​ដឹង​ពី​របៀប​បង្កើត​វា​។ តើ​អ្នក​ហ៊ាន​ទេ ក្នុង​ការ​ប្រថុយ​នឹង​ការ​ខាតបង់? វា​មិន​ដូច​ជា​ការ​ចាំ​ថ្ងៃ​គេ​បើក​ប្រាក់ខែ​ឱ្យ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំណុច​ទាំង​៥​ខាងលើ​នេះ មិនមែន​ជា​ការ​បង្អាក់​ទឹកចិត្ត​របស់​អ្នក​មិន​ឱ្យ​ចាប់ផ្តើម​ការ​រកស៊ី​នោះ​ទេ​។ វា​គ្រាន់តែ​ជា​ចំណុច​ខ្លះ​ៗ សម្រាប់​ឱ្យ​អ្នក​គិតដល់ ដើម្បី​ចៀសវាង​ការ​សម្រេចចិត្ត​ខុស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ