បង្ហាញមុខ​ជនសង្ស័យ​២​នាក់​មួ​យស​ប្តា​ហ៍​ធ្វើ​សកម្មភាព​២​ដង​បាន​ច្រើន​​គ្រឿង


ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង សហការ​ជាមួយនឹង​នគរបាល​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុង​កំពង់ឆ្នាំង កាលពី​អំឡុង​ចុង​ខែមករា រហូត​ដល់​ដើមខែ​កុម្ភៈ អស់​ម៉ូតូ​ចំនួន​៤​គ្រឿង ។ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច បង្ហាញ​មុខជា​សាធារណៈ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ​។

លោក ពេជ្រ រ៉ី នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៤​នាក់ បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​កាលពី​ថ្ងៃ​ទី​៣០ ខែមករា និង​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​លួច​ម៉ូតូ​បាន​ចំនួន​៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៣​គ្រឿង​បាន​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ និង​មួយ​គ្រឿង​ទៀត​បាន​យក​ទៅ​ប្លុង​ចោល​នៅ​ចំណុច​ជិត​សាលា​កា​ណា​ន ហើយ​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ និង​ប្រគល់​ជូន​ម្ចាស់​វិញ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​មេខ្លោង​ឈ្មោះ សេង គឹ​មហា​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែក​ម្នាក់​ទៀត​ឈ្មោះ​យ៉ុ​ង វិចិត្រ ហៅ​តូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ​។ ដោយឡែក​បក្ខពួក​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ដែល​បាន​រត់គេច​ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ​ឆេ​ង កូរ៉េ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ យ៉​ន សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ពួក​គេ​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី ។

ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​ចំណោម​៤​នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​ឈ្មោះ ស្រី វិសាល នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​យក​ម៉ូតូ​នោះ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាក់​ចំនួន​៤០០​ដុល្លារ ។ ក្រោយមក​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង​៤​នាក់​បាន​ចេញ​ធ្វើ​សកម្មភាព​ចំនួន​៤​លើក​ទៀត ដោយ​លើក​ទី​១​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​ឈ្មោះ យ៉​ន ម៉ៅ ជា​គ្រូបង្រៀន ខណៈ​ម្ចាស់​ម៉ូតូ​កំពុង​ឡើង​ទៅ​ប្រជុំ​នៅ​មន្ទីរ​អប់រំ ។ ពេល​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​ហើយ ក្រុម​ជនសង្ស័យ​យក​ម៉ូតូ​នោះ​ទៅ​លាក់​នៅ​ភូមិ​ស្រែ​ព្រីង ។

បន្ទាប់​មក ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជា​របស់​ឈ្មោះ ផៃ ភឺស នៅ​ភូមិ ត្រពាំង​ចិ​ក្សា សង្កាត់​កំពង់ឆ្នាំង ។ ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុម​ជនសង្ស័យ​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាក់​ចំនួន​៩០០​ដុល្លារ ហើយ​ពេល​ត្រឡប់​មក​វិញ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ មួយ​គ្រឿង​ម៉ាក ឌុ​ក ជា​របស់​ឈ្មោះ ហោ គី​ម​សេង ហើយ​បាន​យក​ម៉ូតូ​ទៅ​លាក់​ទុក​នៅ​ក្រោយ​សាលា​កា​ណា​ន តែ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ និង​ប្រគល់​ជូន​ម្ចាស់ វិញ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត ក្រោយ​ការ​ស្រាវជ្រាវ សមត្ថកិច្ច​កិច្ច​នគរបាល ក្រុង និង​ខេត្ត​សហការ​គ្នា ទើប​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ចំណែក​បក្ខពួក​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​កូនសោ​សម្រាប់​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ