ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោក​នៅ​ដេក​ដល់​អង្កាល់ តំបន់​ហាម​ឃាត់​គេ​ឈូស​ឆាយ​ទន្ទ្រាន​យក​ខ្ទេច​អស់ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​នៅ​ចំណុច​ព្រំ​ទល់​ឃុំ​ប្រា​ទ និង​ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ កំពុង​ត្រូវ​បាន​ជនខិលខូច​លួច​ឈូស​ឆាយ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ជា​បណ្តើរ​ៗ​សង្ស័យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដេក​លង់លក់​មិន​បានដឹង ។ ទីតាំង​កើតហេតុ​គឺ​នៅ​ខាងលិច​បឹង​សំបុ​ក្រ​សត្វ និង​ជំវិញ​បឹង​អា​ស្រាំ​ជា…

ខេត្តបន្ទាយមានជ័យ ៖ ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​នៅ​ចំណុច​ព្រំ​ទល់​ឃុំ​ប្រា​ទ និង​ឃុំ​ភ្នំ​លាប ស្រុក​ព្រះនេត្រព្រះ កំពុង​ត្រូវ​បាន​ជនខិលខូច​លួច​ឈូស​ឆាយ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ជា​បណ្តើរ​ៗ​សង្ស័យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដេក​លង់លក់​មិន​បានដឹង ។ ទីតាំង​កើតហេតុ​គឺ​នៅ​ខាងលិច​បឹង​សំបុ​ក្រ​សត្វ និង​ជំវិញ​បឹង​អា​ស្រាំ​ជា តំបន់​ទី​3 និង​ជាទី​តាំង​ដី​ហាមឃាត់​ព្រោះ​ជា​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​នា​រដូវវស្សា ។

តំបន់​នេះ​កាលពី​3​ទៅ​4​ឆ្នាំ​មុន​ពេល​រដូវ​ទឹក​ឡើង​អ្នកនេសាទ​ស្ទើរ​រក​ផ្លូវ​បើកបរ​កាណូត​មិន​បាន​ប៉ុន្តែ​2​ឆ្នាំ​ចុង​ក្រោយ​នេះ​តំបន់​ខាងលើ​គេ​ឃើញ​មាន​តែ​ផ្ទៃ​ទឹក​ល្ហល្ហាច​ស្ទើរ​មិន​ហ៊ាន​បើកបរ​កាណូត​ឆ្លងកាត់ ព្រោះ​ទីនោះ​អស់​ព្រៃ​ដោយសារ​ជនខិលខូច​លួច​ឈូស​ឆាយ​ទន្ទ្រាន​យក​មុន​រដូវ​ទឹក​ឡើង ។

បុរស​ចំណាស់​វ័យ​55​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​គោក​ក្រូច ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន និង​កំពុង​កាច់​រាន​ដី​ព្រៃ​តំបន់ហាមឃាត់​ធ្វើស្រែ​ប្រាំង​ដើម្បី​ក្រពះ​ប្រាប់ កោះសន្តិភាព ថា​ដោយសារ​ជីវភាព​ក្រីក្រ និង​កូន​ច្រើន​ក្នុង​បន្ទុក​សុទ្ធតែ​ប្រុស​ៗ5​នាក់​គាត់​បាន​បង្ខំចិត្ត​ទៅ​ធ្វើស្រែ​ទីនោះ ព្រោះ​មិន​ចង់ទៅ​ចំណាក់ស្រុក​ខុសច្បាប់ ។

យ៉ាងណា​ក៏​ដោយ​បុរស​ខាងលើ​ទទួលស្គាល់​ថា គាត់​បាន​ចំណាយ​ប្រាក់​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹកជា​តំបន់ហាមឃាត់​ចំនួន​ជាង​10​ហិ​កតា​ពិតប្រាកដ​មែន ដោយ​ជួល​ត្រាក់ទ័រ​គេ​ឈូស​ឆាយ​2​លើក​មុន​ក្លាយជា​ដី​អាច​ធ្វើស្រែ​បាន ។

គាត់​បន្ត​ថា ជំហាន​ដំបូង​(​ដី​ព្រៃ​)​ក្នុង​1​ហិ​កតា​តម្លៃ​3500​បាត​ហើយ​ថា ការ​ឈូស​ឆាយ​ជំហាន​ដំបូង​ត្រូវធ្វើ​ឡើង​មុន​រដូវ​ទឹកទន្លេ​ឡើង​ដើម្បី​ឲ្យ​ព្រៃ​ងាប់ និង​ជំហាន​ទី​2​ពេល​ព្រៃឈើ​ងាប់​ហើយ​ជួល​ត្រាក់ទ័រ​ភ្ជួរ​ដើម្បី​ធ្វើស្រែ​1​ហិ​កតា​តម្លៃ​1800​បាត ។ យ៉ាងណា​ក៏​ដោយ​បុរស​ខាងលើ​អះអាង​ថា មិនមែន​មាន​តែ​គ្រួសារ​គាត់​នោះ​ទេ​ដែល​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​គឺ​មាន​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​ដែល​នៅ​តំបន់​នោះ ។

ជំវិញ​ករណី​នេះ​មន្ត្រី​ម្នាក់​បំរើ​ការងារ​នៅ​ឃុំ​ប្រាសាទ​ប្រាប់​ថា ករណី​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​ក្នុងស្រុក​ព្រះនេត្រព្រះ​ពិតជា​កើត​មាន​មែន ប៉ុន្តែ​លោក​ថា ក្នុង​ឃុំ​របស់​លោក​មាន​តិចតួច​ទើបតែ​ប្រហែល​20​ទៅ​30​ហិ​កតា​សំខាន់​ក្នុង​ឃុំ​ផ្សេង​មាន​ច្រើន ។

លោក ឡុ​ញ វុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបន្ទាយមានជ័យ​ប្រាប់​តាម​ទូរស័ព្ទ​ថា ជំវិញ​បញ្ហា​ខាងលើ​លោក​មិន​ព្រងើយកន្តើយ​ទេ វិធានការ​តែងតែមាន​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម ប៉ុន្តែ​ជនខិលខូច​ឆ្លៀតឱកាស​ពេល​ចំណុច​ចន្លោះ​ប្រហោង ។

នាយ​ខណ្ឌ​រដ្ឋបាល​បន្ត​ថា កន្លង​មក​លោក​បាន​ដាក់​វិធានការ​ទៅ​ផ្នែក​រដ្ឋបាល​ជលផល​ព្រះ​នេត្រព្រះ​ឲ្យ​តាមដាន​ជា​ប្រចាំ​រាល់​ទ​ង្វើ​ទាំងឡាយ​ណា​ដែល​ជនខិលខូច​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក និង​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ទប់ស្កាត់​ហើយ​ក៏​មាន​ទាំង​សារាចរ​ណែនាំ​ទៀត​ផង ព្រោះ​កម្លាំង​លោក​មាន​តិច​ម្យ៉ាង​នៅ​ឆ្ងាយ​ពិតជា​ពិបាក ។ លោក​ថា ក្រុម​ជនខិលខូច​ឲ្យ​តែ​ដឹង​ថា លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ពួក​គេ​គេច​អស់ ។

លោក សួន សុខ​ម៉ៅ ប្រធាន​ផ្នែក​រដ្ឋបាល​ជលផល​ព្រះនេត្រព្រះ​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​មើល​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​របាយ​ការ​ណ៌​ឆ្លើយ​តប ។

ករណី​នេះ​ប្រភព​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​និយាយ​ថា បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ធ្វើ​ជា​ដេក​លក់​ដី​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​តាម​ខេត្ត​ជាប់​ដង​ទន្លេសាប និង​រលាយ​ហិនហោច​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ