រាជធានីភ្នំពេញ៖ អាការៈជំងឺខ្សោយក្រលៀនរបស់តារាសម្តែង នៅ ណាវីន កាលពីប៉ុន្មានខែមុនបានធ្វើឲ្យតារារូបនេះតប់ប្រមល់ស្លឈាម ព្រោះជំងឺបានរុំរឹតរហូតធ្វើឲ្យនាងលែងចង់រស់ ហើយជារឿយៗ ណាវីន ចង់តែសម្លាប់ខ្លួន ព្រោះបាក់ទឹកចិត្ត ឈឺម្តងជួបប្រភេទជំងឺកាចសាហាវ។ ក្រោយមានការលើកទឹកចិត្តពីអ្នកគាំទ្រ និងបានក្តីអាណិតពីសប្បុរសជន នៅ ណាវីន បានថវិកាមួយចំនួនទៅសម្រាកព្យាបាលនៅប្រទេសឥណ្ឌា ដោយវះកាត់បានជោគជ័យ។
អ្នកនាង នៅ ណាវីន បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយទឹកមុខស្រស់ថ្លាជាងមុន បន្ទាប់ពីបានសម្រាកព្យាបាលក្រលៀនអស់រយៈពេល៧០ថ្ងៃនៅប្រទេសឥណ្ឌា ទីដែលល្បីល្បាញខាងដោះដូរក្រលៀនមានជំនាញច្បាស់។
ក្នុងសំដីស្វាហាប់មានកម្លាំងអមជាមួយបងប្អូនសាច់ញាតិមកទទួលនាព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅ ណាវីន បានរាយរាប់ពីដំណើរទៅព្យាបាលនៅប្រទេសឥណ្ឌាឲ្យអ្នកសារព័ត៌មានកោះសន្តិភាពដឹងថា «នាងសូមសារភាពដោយត្រង់ថា ក្រៅពីជំនួយពីសមាគមសិល្បៈបានមកពីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ដូចជាអ្នកអាណិតនាងគេជូនជាថវិកា នាងក៏លក់របស់ផ្ទាល់ខ្លួនដូចជា ឡាន និងសម្ភារៈផ្ទាល់ខ្លួនដែលសំខាន់ៗមកផ្សំគ្នាចេញទៅសម្រាកព្យាបាលនាប្រទេសឥណ្ឌា ធ្វើមិចឲ្យតែរស់មានជីវិត លុយរកបានឲ្យតែនៅមានកម្លាំង…»។
ណាវីន និយាយទាំងស្រក់ទឹកភ្នែកថា ពេលនេះអារម្មណ៍ចង់សម្លាប់ខ្លួនលែងមានហើយ បន្ទាប់ពីទេវតាប្រទានជីវិតថ្មីឲ្យនាងឃើញមាតុភូមិជាទីស្រឡាញ់ម្តងទៀត។ ក្រលៀននាងខូចសងខាង តែវះកាត់បានតែម្ខាងពេទ្យថា អាចរស់បានដោយប្រើថ្នាំព្យាបាលពេញមួយជីវិត។ ចំណែកឯខ្ទង់ចំណាយនាប្រទេសឥណ្ឌា គឺអស់ជិត៥ម៉ឺនដុល្លារ ដោយនាងត្រូវសម្រាកនៅស្រុកខ្មែរប្រមាណ៥ខែទៀត ទើបអាចមានសាច់ឈាមថ្លាឡើងវិញ ចេញទៅថតសម្តែងបានដូចដើម។
លោកម៉ាដូណា ជាមិត្តជិតដិតជាមួយ នៅ ណាវីន បានថ្លែងថា លោកនឹងព្យាយាមស្វែងរកទីផ្សារសិល្បៈឲ្យណាវីនវិញ ពេលនាងជាសះស្បើយវិលមកប្រក្រតីវិញ ដើម្បីឲ្យនាងសន្សំលុយកាក់ព្យាបាលបន្ត។ ណាវីន គ្នាមានសមត្ថភាពទាំងច្រៀង សម្តែង និងពិធីការិនីពិតជាកម្រមាន ហើយរំពឹងថា ខាងស្ថានីយទូរទស្សន៍នានាអញ្ជើញនាងច្រៀងឲ្យបានញញឹក ក៏ដូចជាហៅនាងទៅសម្តែងតាមផលិតកម្មនានាបន្តទៀត។ នៅ ណាវីន ក៏ចូលរួមសោកស្តាយចំពោះខេមរៈ ស្រីពៅ ដែលព្យាយាមព្យាបាលនៅឥណ្ឌាដែរ តែនៅមិនអាចស្រោចស្រង់បាននាងថា ក៏ខូចចិត្តខ្លាំងណាស់។
ចែករំលែកព័តមាននេះ