ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាប់ខ្លួន​«ចំប៉ី​ខ្មៅ» ​ប្រាប់​អ្វីខ្លះ​ដល់​អ្នក លេង​​ហ្វេ​ស​ប៊ុ​ក?

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នក​និ​ពន្ធ៖ ប្រេ វី​ន មនុស្ស​ភេទ​ទី​បី​ដែល​មាន​រហស្ស​នាម​​ថា «ចំប៉ី​ខ្មៅ» បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​កក្រើក​បណ្តាញ សង្គម ​និង​ធ្វើឱ្យ​​មាន​ចំណាត់ការ​ផ្នែក​ច្បាប់​ប្រឆាំង​នឹង​រូប​គាត់ ​ដោយសារ​តែ​វី​ដេ​អូ​ដែល​បាន​ចុះ​ផ្សាយ​ត្រូវ​បាន​គេ​យល់​ថា​ មានការ​ប្រមាថ​ហួសហេតុ​ដល់​ពូជសាសន៍​ខ្មែរ…

អ្នក​និ​ពន្ធ៖ ប្រេ វី​ន

មនុស្ស​ភេទ​ទី​បី​ដែល​មាន​រហស្ស​នាម​​ថា «ចំប៉ី​ខ្មៅ» បាន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​កក្រើក​បណ្តាញ សង្គម ​និង​ធ្វើឱ្យ​​មាន​ចំណាត់ការ​ផ្នែក​ច្បាប់​ប្រឆាំង​នឹង​រូប​គាត់ ​ដោយសារ​តែ​វី​ដេ​អូ​ដែល​បាន​ចុះ​ផ្សាយ​ត្រូវ​បាន​គេ​យល់​ថា​ មានការ​ប្រមាថ​ហួសហេតុ​ដល់​ពូជសាសន៍​ខ្មែរ ​។

ដោយសារ​តែ​វី​ដេ​អូ​នោះ ​ចំប៉ី​ខ្មៅ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៥​ មករា ​ក្រោម​ការ​ចោទប្រកាន់​អំពី​ការ​ញុះ​ញង់​នាំ​អោយ​មានការ​រើសអើង​ ។ បើសិនជា​គាត់​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា ​មានទោស​នោះ គាត់​អាច ជាប់​ព​ន្ធ​​នាគារ​រយ​:​ពេល​ពី​មួយ​ឆ្នាំ​ដល់​បី​ឆ្នាំ ​។

ចំប៉ី​ខ្មៅ​បាន​ចុះ​ផ្សាយ​វី​ដេ​អូ​នោះ ពីព្រោះ​តែ​កំហឹង​ដែល​គាត់​មាន​ចំពោះ​មនុស្ស​បី​នាក់ផ្សេង​ទៀត​ ដែល​បាន​ខោក​ក្បាល​របស់​គាត់​ ។ ចំប៉ី​ខ្មៅ​ដែល​ក្តៅចិត្ត​ខ្លាំង​ក៏​ថត​វី​ដេ​អូ​នៅ​មុខ​ព្រះ​បរមរាជវាំង ដៀល​ដល់មនុស្ស​ទាំង​បី​នាក់​នោះ​ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ គឺ​គាត់​បាន​ជ្រុល​រហូត​ដល់​ប្រមាថ​ពូជសាសន៍​ខ្មែរ​ទាំងមូល​ ដែល​ធ្វើ​អោយ​មនុស្ស​ម្ នា​នៅ​ក្នុង​បណ្តាញ​សង្គម​មាន​ប្រតិកម្ម​ខ្លាំង ​ហើយ​រដ្ឋាភិបាល​ទ្រាំ​មិន​បាន​ក៏​ចាត់ការ​គាត់​តាម​​ផ្លូវ​ច្បាស់​ ។

តាម​ដំណើររឿង​នេះ ចំប៉ី​ខ្មៅ​ប្រហែលជា​នឹង​មិន​មាន​វាសនា​បែប​នេះ​ឡើយ បើសិន​គាត់​មិន​ត្រូវ​បាន គេ​ខោក​ក្បាល ​ហើយ​គាត់​ផ្ទុះ​ចេញ​ជា​កំហឹង​ហួសហេតុ​នៅ​លើ​បណ្តាញ​សង្គម​ ។

ខណ​:​ដែល​រឿងរ៉ាវ​ចំប៉ី​ខ្មៅ​នឹង​ត្រូវ​ទុក​អោយ​តុលាការ​សម្រេច​ជោគវាសនា​របស់​គាត់​នោះ វា​ជា ហេតុ​ការណ៍​មួយ ​ដែល​មាន​តម្លៃនឹង​យក​មក​វិភាគ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម ផល​ប្រយោជន៍ ផល​ប៉ះពាល់​ឬ​បញ្ហា ដែល​ចេញពី​ការ​ប្រើប្រាស់ បណ្តាញ​សង្គម និង​អ្វី​ដែល​អ្នក​ប្រើប្រាស់ បណ្តាញ​សង្គម​ពិសេស​ហ្វេ​ស​ប៊ុ​ក​ ត្រូវ​យល់​ដឹង​ដើម្បី​ចៀសវាង​ពី​បញ្ហា ​ដែល​កើត​ចេញពីការ​ប្រើប្រាស់ បណ្តាញ​សង្គម នេះ​ដូច​ជា​អ្វី​ដែល​កើត​មាន​ចំពោះ​បុរស​ភេទ​ទី​បី​គឺ​ចំប៉ី​ខ្មៅ​ ។

ហ្វេ​ស​ប៊ុ​ក ​គឺជា​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​ជាងគេ​ ហើយ​មាន​ឥ​ទ្ធិ​​ពល​នៅ​ក្នុង​នយោបាយ​ និង​សង្គម​ខ្មែរ​ដោយ​សារ​តែ​ប្រជាជន​ខ្មែរ​​ពេញវ័យ​យ៉ាងច្រើន​លើសលុប​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​ ។ ដូច្នេះ​ ហ្វេ​ស​ប៊ុ​ក ក៏​​ក្លាយជា​ច្រក​ដ៏​សំខាន់​មួយ ​ដើម្បី​ការ​បញ្ចេញមតិ​និង​ដំណើរការ​ល​ទ្ធិ​​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ។

ហ្វេ​ស​ប៊ុ​ក​​អាច​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​ មាន​អំណាច​ប្រៀប​ដូច​ជា​អ្នក​សារព័ត៌មាន​មួយ​រូប​ តាម​រយ​:​សំ​ណេរ រូបភាព​ និង​វី​ដេ​អូ​ ដែល​បាន​បង្កើត​និង​ដាក់​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ​។ អ្នកខ្លះ​បាន​ប្រើប្រាស់​វា ​ដើម្បី​បញ្ចេញមតិ​របស់​ខ្លួន ​អំពី​បញ្ហា​សង្គម ​និង​ធ្វើការ​ស្នើ​យោបល់​ដល់​នាយក​រដ្ឋមន្ត្រី និងរដ្ឋាភិបាល​ដើម្បី​អោយ​ជួយ ដោះស្រាយ​បញ្ហា​របស់​ពួក​គេ​ផ្ទាល់ បញ្ហា​នៅ​មូលដ្ឋាន​របស់​ពួក​គេ​ក៏​ដូច​ជា​បញ្ហា​ដែល កំពុង​ញាំញី សង្គម​ទាំងមូល​។ អ្នកខ្លះ​ទៀត​ក៏​បាន​ប្រើប្រាស់​វា​ដើម្បី​កសាង​បណ្តាញ ទំនាក់ទំនង​របស់​ខ្លួន អោយ កាន់តែ​ទូលំទូលាយ​ដើម្បី​ជា​ប្រយោជន៍​មិត្តភាព ការងារ​និង​មុខ​ជំនួញ​របស់​ពួក​គេ​ ។

ដើម្បី​ជា​ប្រយោជន៍​នោះ អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​គប្បី​ប្រើប្រាស់​វា​នៅ​ក្នុង គោលដៅ​ជា​ប្រយោជន៍ ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ។ ប៉ុន្តែ​អ្វី​ដែល​ប្រជាជន​ខ្មែរ​ឬ​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ត្រូវ​យល់​ដឹង​នោះ សេរីភាព​ត្រូវ​បាន​ចង​ភ្ជាប់​ជាមួយនឹងច្បាប់​ និង​គោលការណ៍​ក្រមសីលធម៌​មួយ​ចំនួន​ដែល​មាន​តម្លៃ​ជា​សាកល​។ ការ​យល់​ដឹង​អំពី​ច្បាប់​និង េ​គាល​ការណ៍​សីលធម៌​ទាំងនោះ​នឹង​ធ្វើ​អោយ​មនុស្ស​គ្រប់​គ្នា​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​យ៉ាង​មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង​និង​សង្គម​ជាតិ​ទាំងមូល​ហើយ​រួច​ផុត​ពី​ទុក្ខ​
ភ័យ​។

ចេញពី​គោលការណ៍​ច្បាប់​នៃ​ប្រទេស​កម្ពុជា អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ត្រូវ​យល់ថា ​ពួក​គេ​មានការ​ទ​ទួ​ូ​ល ខុស​​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ចំពោះ​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា ​ដែល​អាច​នាំ​អោយ​ប៉ះពាល់​ដល់​ព្រះ​មហា​ក្ស​និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ច្បាប់​ក៏​បាន​ហាមឃាត់​ផង​ដែរ​ចំពោះ​រាល់​ការ​ផ្សព្វផ្សាយ​ដែល​នាំ អោយ​មាន​អំពើ​ហិង្សា​ជម្លោះ​ឬ​ការ​រើសអើង​ពូជសាសន៍​និង​សាសនា​។ ដូច្នេះ វា​ចាំបាច់​ណាស់ ដែល​អ្នក ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ត្រូវ​ប្រាកដ​ក្នុង​ខ្លួន​ថា​សំ​ណេ​រ រូបថត​ឬ​វី​ដេ​អូ​ដែល​ពួក​គេ​ដាក់​ផ្សាយ នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ត្រូវ​ចៀសវាង​ការ​បង្ក​ជា​បញ្ហា​ដូច​បាន​រៀបរាប់​នេះ​ដើម្បី​ចៀសវាង​ទំនាស់​ផ្នែក​ច្បាប់​ដែល​អាច​មាន​ជា​ការ​ផាកពិន័យ​ជា​លុយកាក់​និង​ការ​ផ្តន្ទាទោស​ជាប់​ព​ន្ឋ​នាគារ​។

ចំប៉ី​ខ្មៅ​ប្រហែលជា​នឹង​មិន​ធ្វើការ​ផ្សព្វផ្សាយ​វី​ដេ​អូ​របស់​គាត់​ដែល​ត្រូវ​គេ​យល់​ថា​មាន​ខ្លឹមសារ​ប្រមាថ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់់​ឡើយ បើសិនជា​គាត់​បាន​យល់​ដឹង​ផ្នែក​ច្បាប់​ដែល​បាន​រៀបរាប់​ខាងលើ​។ នៅ​ពេល ដែល​ចំប៉ី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​រង់ចាំ​ការ​ជំនុំ​ជម្រះក្តី ហេ​ត​ការណ៍​កើត មាន​ចំពោះ​ចំប៉ី​ខ្មៅ នេះ​ប្រាប់ អោយ​យើង​គ្រប់​គ្នា​ប្រុង​ប្រយ័ត្ន​ជាង​មុន​នៅ​ក្នុង​ការ​បញ្ចេញមតិ​តាម​ហ្វេ​ស​ប៊ុ​ក​និង​បណ្តាញ​សង្គម​នានា​ដើម្បី​ចៀសវាង​បញ្ហា​ដែល​កើត​មាន​ដូច​ចំប៉ី​ខ្មៅ​និង​បញ្ហា​សម្រាប់​សង្គម​ជាតិ​ផង​ដែរ​។

ក្រៅពី​នេះ​ទៀត អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​ក៏​មិន​ត្រូវ​ផ្សព្វផ្សាយ អ្វី​ដែល​នាំ​អោយ​ប៉ះពាល់​សិ​ទ្ឋិ ឯកជន សេចក្តី​ថ្លៃថ្នូរ​និង​កិត្តិយស​របស់​បុគ្គល​ផ្សេង​ឡើយ​។ សំខាន់​ដូច​គ្នា​នេះ រាល់​សំ​ណេ​រ រូបភាព និង វី​ដេ​អូ​ដែល​ប្រឡាក់​ដោយ​ឈាម​យ៉ាង​សាហាវ​ហួសហេតុ (​ដូច​ជា​រូបភាព​ជន​រង គ្រោះ​ស្រោចស្រព ដោយ ឈាម​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់​តាម​ដងផ្លូវ​) ឬ​ក៏​សំ​ណេ​រ រូបភាព និង វី​ដេ​អូ​ដែល​អាសអាភាស ក៏​មិន ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ក៏​ដូច​ជា​សារព័ត៌មាន​ផង​ដែរ​។

ការ​យល់​ដឹង​អំពី​អ្វី​ដែល​គួរ​ធ្វើ​និង​អ្វី​មិន​គួរ​ធ្វើ​នៅ​លើ​បណ្តាញ​សង្គម​ពិសេស​ហ្វេ​ស​ប៊ុ​ក​នឹង​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​ទាំងអស់​កាន់តែ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​កាន់តែ​មាន​ប្រយោជន៍​ហើយ​ចៀសវាង​ការ​ប្រើប្រាស់​ខុស​នៃ​សេរីភាព​របស់​ខ្លួន​ដែល​នាំ​ដល់​ទុក្ខទោស​សម្រាប់​ខ្លួន​៕

អត្ថបទសរសេរ ដោយ