ប្រទេសថៃ ៖ យោងតាមភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃអាទិត្យ កន្លងមកបានឲ្យដឹងថា បញ្ហាកង្វក់ខ្យល់អាកាសកំពុងតែជំរុញដល់មនុស្សជាច្រើនដែលរួមទាំងរដ្ឋាភិបាលផងដែរឲ្យសង្ឃឹមលើបណ្តាញរថភ្លើងអគ្គិសនីដើម្បីជំរុញដល់អ្នកបើកបរឲ្យប្រើមធ្យោបាយធ្វើដំណើរសាធារណៈវិញ ។
អាជ្ញាធរមានគម្រោងក្នុងការធ្វើឲ្យទីក្រុងបាងកកក្លាយជាទីក្រុងស្រដៀងទៅនឹងទីក្រុងនាំមុខដូចជាទីក្រុងឡុងដ៍ ញូវយ៉ក តូក្យូ សៀងហៃ និងបេកាំងជាដើមក្នុងរយៈពេល១០ឆ្នាំខាមុខ ។
ដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលកំពុងតែអនុវត្តគម្រោងអភិវឌ្ឍន៍ជាច្រើនដើម្បីជំរុញដល់សក្តានុពលលូតលាស់របស់រាជធានីនេះរួមទាំងចង់តភ្ជាប់គ្រប់តំបន់ក្នុងទីក្រុងដោយខ្សែរថភ្លើងចម្ងាយ ៤៣៤.៣គីឡូម៉ែត្រមួយនៅឆ្នាំ ២០២៥ ។ ប៉ុន្តែតើការមានរថភ្លើងនេះអាចធ្វើឲ្យប្រជាជនបោះបង់រថយន្ត និងប្រើរថភ្លើងសាធារណៈឬទេ?
អ្នករិះគន់បាននិយាយថា គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺមិនគ្រប់គ្រាន់ឡើយក្នុងការសម្រេចបានគោលដៅខាងលើ ។
អនុសាស្ត្រាចារ្យ Rattpoohm Parichatpreecha ដែលជាប្រធានគណៈកម្មាធិការវិស្វកម្មប្រព័ន្ធខ្សែរថភ្លើងក្រោមវិទ្យាស្ថានវិស្វកម្មប្រទេសថៃគិតថា រដ្ឋាភិបាលត្រូវផ្តល់ការគាំទ្របន្ថែមទៀតដើម្បីជំរុញឲ្យប្រជាជនប្រើមធ្យោបាយធ្វើដំណើរសាធារណៈ ។
លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែចេញវិធានការគាំទ្របន្ថែមដូចជាការសាងសង់ស្ពានឆ្លងផ្លូវ ផ្លូវសម្រាប់កង់ និងរថភ្លើងសាធារណៈដែលមិនប៉ះពាល់ដល់បរិស្ថានជាដើមដែលតភ្ជាប់ទៅនឹងបណ្តាញរថភ្លើងអាកាស និងក្រោមដី ។
លោកបានបន្តទៀតថា ថ្លៃក៏ត្រូវតែសមរម្យដែរ ព្រោះតម្លៃសម្រាប់ការធ្វើដំណើរលើរថភ្លើងអាកាស និងក្រោមដីមិនសមរម្យសម្រាប់មនុស្សគ្រប់គ្នាឡើយ ។
លោកបាននិយាយទៀតថា «ដើម្បីបង្កើតការផ្លាស់ប្តូរនេះ ប្រទេសថៃត្រូវតែបង្កើតក្រសួងថ្មីមួយដែលគ្រប់គ្រងមធ្យោបាយធ្វើដំណើរសាធារណៈ ។ បច្ចុប្បន្នគម្រោងដឹកជញ្ជូនមួយចំនួនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងដឹកជញ្ជូមន ខណៈដែលរថភ្លើងក្នុងទីក្រុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលមាតុធានីទៅវិញ» ៕
ចែករំលែកព័តមាននេះ