ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដីធ្លី​នៅ​សង្កាត់​ថ្មី​ចំនួន​4​ក្នុង​ក្រុង​តា​ខ្មៅ​មិន​ទាន់​ប្រែប្រួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្កាត់​ចំនួន​៤​ដែល​រាជរដ្ឋាភិបាល​ទើប​កាត់​បញ្ចូល​ក្នុង​ដែន​រដ្ឋបាល​ក្រុង​តា​ខ្មៅ​កាលពីដើម​ខែមករា​ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ តម្លៃ​ដីធ្លី​នៅ​មិន​ទាន់​មាន​សញ្ញា​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ ។ បើ​តាម​ប្រធាន​ការិយាល័យ​បច្ចេកទេស​សុរិយោដី និង​ភូមិសាស្ត្រ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម…

រាជធានី​ភ្នំពេញ ៖ សង្កាត់​ចំនួន​៤​ដែល​រាជរដ្ឋាភិបាល​ទើប​កាត់​បញ្ចូល​ក្នុង​ដែន​រដ្ឋបាល​ក្រុង​តា​ខ្មៅ​កាលពីដើម​ខែមករា​ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ តម្លៃ​ដីធ្លី​នៅ​មិន​ទាន់​មាន​សញ្ញា​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នៅឡើយ ។

បើ​តាម​ប្រធាន​ការិយាល័យ​បច្ចេកទេស​សុរិយោដី និង​ភូមិសាស្ត្រ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្ដាល លោក ប៉ោះ បូ​ណា បាន​មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​តម្លៃ​ដីធ្លី​នៅ​ក្នុង​សង្កាត់​ទាំង​៤ មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ទេ ហើយ​សកម្មភាព​អភិវឌ្ឍន៍​ក៏​ពុំ​ទាន់​មាន​គម្រោង​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ដែរ ។ លោក​លើក​ឡើង​ថា ៖« តម្លៃ​ដីធ្លី​នៅ​ឃុំ​ទាំង​៤​នេះ​កាលពីមុន វា​ខុស​គ្នា​ទៅ​តាម​ទីតាំង និង​ទំហំ ។ ជាក់ស្ដែង​ដី​ជាប់​ផ្លូវ ក្នុង​១​ម៉ែត្រការ៉េ​ថ្លៃ​ប្រមាណ​៩០​ដុល្លារ និង​ឆ្ងាយ​ពី​ផ្លូវ​តម្លៃ​ចន្លោះ​ពី​១០​ទៅ​២០​ដុល្លារ តាម​ទីតាំង​ជាក់ស្តែង ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ប្រែប្រួល​នៅឡើយ »​។
លោក សៀ មុ​យ​ខួច អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី គ​រូបី​យ​កម្ម សំណង់ និង​សុរិយោដី ខេត្តកណ្តាល បាន​មាន​ប្រសាសន៍​ដែរ​ថា ឃុំ​ទាំង​៤​ដែល​កាត់​បញ្ចូល​ទៅ​ជា​សង្កាត់​ក្រុង​តា​ខ្មៅ​នោះ មាន​ឃុំ​ស្វាយ​រលំ ,​ឃុំ​សិ​ត្បូ , ឃុំ​រកា​ខ្ពស់​និង​ឃុំ​កោះអន្លង់ចិន ។

លោក​បន្ដ​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​ទាំង​៤​នេះ​វា​បាន​ប្រែប្រួល​ម្តង​រួច​មក​ហើយ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ពី​គម្រោង​ស្ថាបនា​ផ្លូវ​៦០​ម៉ែត្រ និង​គម្រោង​ផ្សេង​ៗ​ទៀត ។ ដូច្នេះ​បើ​ទោះជា​ត្រូវ​បាន​កាត់​បញ្ចូល​មក​ជា​សង្កាត់​នៃ​ក្រុង​តា​ខ្មៅ​ក្ដី ក៏​វា​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ដែរ ។ ទោះជា​យ៉ាងណា នៅ​ថ្ងៃ​អនាគត វិស័យ​ដីធ្លី​ក្នុង​សង្កាត់​ទាំង​៤​នេះ​នឹង​ប្រសើរ​ឡើង ។ លោក​ថា ៖« ខ្ញុំ​គិត​ថា ដី​នឹង​មានការ​ប្រែប្រួល​តម្លៃបន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ »​។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យ​ដឹង​ថា ឆ្នាំ​២០១៨ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្ដាល បាន​ពិនិត្យ​និង​ផ្តល់​យោបល់​លើ​សំណើសុំ​លិខិតអនុញ្ញាត​សាងសង់​១០២​ច្បាប់ បើក​ការដ្ឋាន​សាងសង់​ចំនួន​២៧​ច្បាប់​, បិទ​ការដ្ឋាន​ចំនួន​១១​ច្បាប់​, បន្ត​សុពលភាព​ប្រកប​អាជីវកម្ម​ក្រុម​ជាង​ចំនួន​១​ច្បាប់ និង​ប្រកប​អាជីវកម្ម​ក្រុម​ជាង​ចំនួន​២​ច្បាប់​។ របាយការណ៍​បញ្ជាក់​ថា ឆ្នាំ​២០១៨​កន្លង​មកនេះ មន្ទីរ​បាន​ប្រមូល​ចំណូល​ពី​វិស័យ​ដីធ្លី​និង​សំណង់​សរុប​មាន​ប្រមាណ​ជាង​៥៨​ម៉ឺនដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ