ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ប្រទះ​ឃើញ​កុលាលភាជន៍​សម័យ​​អង្គរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ហៃ ហ៊​ត និង កញ្ញា​ឆេ​ង វុ​ច​នា ជា​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​យក​កុលាលភាជន៍​បុរាណ​ចំនួន​មួយ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​មុន​នឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ​រក្សា​ទុក…

ខេត្តសៀមរាប ៖ លោក​ហៃ ហ៊​ត និង កញ្ញា​ឆេ​ង វុ​ច​នា ជា​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​យក​កុលាលភាជន៍​បុរាណ​ចំនួន​មួយ​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​មុន​នឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ​រក្សា​ទុក កាល​ពី​រសៀល​ថ្ងៃ​ទី​០៦ ខែកុម្ភៈ​ឆ្នាំ​២០១៩ ។

លោក​ហៃ ហ៊​ត បានឱ្យ​ដឹង​ថា កុលាលភាជន៍​នេះ​ប្រទះ​ឃើញ​នៅ​បរិវេណ​ស្ថានីយ​បណ្តុះ​កូន​ឈើ​ប្រាសាទតាកែវ ពេល​ក្រុមការងារ​ជីកដី​ក្នុង​ជម្រៅ​២​តឹក​ដើម្បី​យក​អាចមន៍​ដី​ទៅ​បណ្តុះ​កូន​ឈើ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ។ កុលាលភាជន៍​នៅ​មាន​រូបរាង​ល្អ​នៅឡើយ លើកលែងតែ​ផ្នែក​មាត់​ខាងលើ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែចប​ពេល​ជីកដី ។

ដោយសារ​លោក​ជា​បុគ្គលិក​បម្រើ​ការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បានដឹង​ព័ត៌មាន ខ្លះ​ៗ​នៃ​ការ​គ្រប់គ្រង​បុរាណ​វត្ថុ លោក​ក៏​ពិភាក្សា​ជាមួយ​ក្រុមការងារ និង​បាន​ឯកភាព​ប្រគល់​ភាជន៍​នេះ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា។

ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​មួយ​រូប លោក ហ៊​ត បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ដែល​បាន​ប្រទះ​ឃើញ​រាល់​បុរាណវត្ថុ​នៅ​ទីណា​ក៏​ដោយ សូម​ជួយ​គ្នា​ថែរក្សា និង​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សា​ទុក​ដែល​អាច​ធានា​បាន​នូវ​សុវត្ថិភាព និង​សម្រាប់​ដាក់​តាំងនៅ​សារមន្ទីរ​ជូន​ដល់​ប្រជាជន​ខ្មែរ​ក៏​ដូច​ជា​សាធារណៈជន​បាន​ស្គាល់​នូវ​ស្នាដៃ​បុព្វបុរស​ខ្មែរ​ពី​សម័យ​មុន ។

អ្នកស្រី​សឹង ស្រី​ទូច បុគ្គលិក​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ ជំនាញ​ផ្នែក​កុលាល​ភាជន៍ បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នៃ​វត្ថុ​បុរាណ​ថា ជា​កុលាលភាជន៍​ខ្មែរ កម្ពស់​១៥​សង្ទីម៉ែត្រ ទំហំ​១៦​សង្ទីម៉ែត្រ លម្អ​ដោយ​ក្បាច់​ឆ្នូត គូ​ៗ មាន​ស្រទាប់​រលោង​ពណ៌​ត្នោត មក​ពី​ឡ​ទ័ព​ជ័យ ផលិត​នៅ​ចន្លោះ​ស​.​វ​ទី​១១​ដល់ទី​១៣​ក្នុង​សម័យ​អង្គ ។ ក្រោយ​ពី​ទទួល​កុលាលភាជន៍ អ្នកជំនាញ​នឹង​យក​ទៅ​លាង​សម្អាត ដក​ជាតិ​អំបិល និង​ជួសជុល​វា​ឱ្យ​បាន​ល្អ មុន​នឹង​ប្រគល់​ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ដើម្បី​តាំង​ពិព័រណ៍ ។

លោកស្រី​សឹង ស្រី​ទូច បាន​បន្ថែម​ថា មួយ​រយៈ​ចុង​ក្រោយ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​អំពី​តម្លៃ​នៃ​កេរ​មរតក​ដូនតា​ដែល​គាត់​រក​ឃើញ​ដោយ​ចៃដន្យ ហើយ​តែង​យក​វត្ថុ​បុរាណ​ទាំងនោះ​មក​ប្រគល់​ជូន​អាជ្ញា​ធរ​ជាតិ​អប្សរា​ដើម្បី​អភិរក្ស​និង​រក្សា​ទុក ។ លោកស្រី​ក៏​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​លះបង់​របស់​លោក ហៃ ហ៊​ត ក្នុង​ការ​ចូលរួម​ចំណែក​ថែរក្សា​វត្ថុ​បុរាណ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ