ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​យុវជន​ប្រព្រឹត្តមិន​សមរម្យ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​វិធានការ​៤​ចំណុច​ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ទី​១៤ កុម្ភៈ…

រាជធានី​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ចេញ​វិធានការ​៤​ចំណុច​ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ទី​១៤ កុម្ភៈ បន្ទាប់​ពី​កន្លង​មក​បណ្តា​យុវជន​មួយ​ចំនួន​បាន​ប្រើប្រាស់​ទិវា​មួយ​នេះ​ប្រព្រឹត្ត​មិន​សមរម្យ ។

យោង​តាម​សេចក្តីណែនាំ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​មាន​ខ្លឹមសារ​ថា «​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយ​ចំនួន​យល់​ច្រឡំ​ថា ជា​ថ្ងៃ​នៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ។ ទិវា​នេះ ពុំ​មែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​ទេ ហើយ​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​កាន់តែ​មាន​ឥទ្ធិពល ធំ​ឡើង​ៗ ធ្វើ​ឱ្យ​យុវជន​ភ្លើតភ្លើន ភ្លេច​ការ​សិក្សា​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុម​គ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀត​ផង ។ ដើម្បី​ទប់​ស្តា​ត់​នូវ​បញ្ហា​ខាងលើ​នេះ ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​ដើម្បី​អនុវត្ត​ដូច​តទៅ​៖

១.​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូច​ជាតា​មរយៈ​ការ​ប្រជុំ​នៅ​ពេល​គោរព​ទង់ជាតិ កុំឱ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ។

២.​ត្រូវ​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​ពិសេស​លើ​ការ​គ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជា​ប្រចាំ​។

៣.​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព «​មិត្ត​អប់រំ​មិត្ត​»​។

៤.​ត្រូវធ្វើ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​មាតាបិតា អ្នក​អាណាព្យាបាល​សិស្ស សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី​ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការ​គ្នា​អប់រំ​ណែនាំ​កែ​លម្អ​សិស្សានុសិស្ស​បាន​ទាន់​ពេលវេលា ។

ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ចំ​ថ្ងៃ​ទី​១៤​កុម្ភ​: ។ បុណ្យ​នេះ​គឺជា​ថ្ងៃ​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់ ជា​ទូទៅ ដោយ​មិន​ចាំបាច់​សម្រាប់​តែ​គូស្នេហ៍​ទេ ។

សេចក្ដី​ស្រឡាញ់ មាន​លក្ខណៈ​ទូលំទូលាយ ប៉ុន្ដែ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​ត្រូវ​បាន​យល់​ច្រ​លំដោយ​គិត​ថា​ថ្ងៃ​បុណ្យ​នេះ​សម្រាប់​តែ​គូស្នេហ៍ ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ ក្មេង​ៗ​ទើប​បានជា​ពួក​គេ​ហៅ​ថ្ងៃ​បុណ្យ​នេះ​ថា «​ថ្ងៃ​បុណ្យ​សង្សារ​» ។ នៅ​ថ្ងៃ​បុណ្យ​នេះ​គេ​និយម​ជូន​ផ្កា​កុលាប សូកូឡា ឬ​កាត​ជូនពរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ និមិត្តសញ្ញា​នៃ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ គឺ​រូប​បេះដូង ផ្កា​កុលាប និង​រូប​កូន​ទេវតា​ស្នេហា ដែល​មាន​កាន់​ព្រួញ និង​បេះដូង ។

ទាក់ទង​នឹង​ការ​ប្រារព្ធ​ទិវា​នេះ មានរឿង​តំណាល​ថា នា​អំឡុង​ពេល​កលិយុគ (​សង្គ្រាម​) នៅ​ក្នុង​ទីក្រុង​រ៉ូ​ម រដ្ឋាភិបាល​អ៊ី​តា​លី មានការ​លំបាក​ក្នុង​ការ​កេណ្ឌ​ពលរដ្ឋ​ធ្វើ​កងទ័ព ដោយសារ​ពួក បុរស​ៗ​មិន​ចង់​ចាក​ចេញពី​អ្នក​ដែល​ខ្លួន​ស្រឡាញ់ និង​គ្រួសារ​របស់​ពួក​គេ​។ ដូច្នេះ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​រំសាយ​ចោល​នូវ​ការ​រៀប​ការ និង​ពិធី​ភ្ជាប់ពាក្យ​ទាំងអស់​នៅ​ក្នុង​ទីក្រុង​រ៉ូ​ម ។ នា​គ្រឹ​ស្ត​សករាជ​២៦៩ មាន​ព្រះសង្ឃ​គ្រឹ​ស្ត​សាសនា​មួយ​អង្គ​ព្រះ​នាម Saint Valentine បាន​សហការ​ជាមួយ​មិត្ត​របស់​គាត់ Saint Marius បន្ត​ជួយ​រៀប​អាពាហ៍ពិពាហ៍​ដល់​គូស្នេហ៍​វ័យក្មេង​ជា​សម្ងាត់ ។

ប៉ុន្តែ​អំពើ​ទាំងនេះ​ត្រូវ​បាន​គេ​រក​ឃើញ ហើយ​លោក Valentine ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ធ្វើ​ទារុណ​កម្ម​យ៉ាង​ធ្ងន់ និង​ត្រូវ​គេ​ប្រកាស​ប្រហារជីវិត​ដោយ​កាត់​ក​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ។ នៅ​ក្នុង​ពន្ធនាគារ លោក Valentine បាន​លួច​ស្រឡាញ់​នារី​វ័យក្មេង​ម្នាក់ ដែល​គេ​ជឿ​ថា ជា​កូនស្រី​របស់​ឆ្មាំ​គុក ដោយសារ​នាង​ឧស្សាហ៍​ចេញចូល សួរសុខទុក្ខ និង​គាំទ្រ​គាត់ ។ មុន​ពេល​គេ​នាំ​គាត់​ទៅ​ប្រហារជីវិត​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ លោក Valentine បាន​សរសេរ​សំបុត្រ​យ៉ាង​ខ្លី​មួយ​ផ្ញើ​ទៅ​នាង​ដើម្បី​បញ្ជាក់​ពី​មិត្តភាព និង​ភាព​ស្មោះ​ត្រង់​របស់​គាត់​ចំពោះ​នាង​ដោយ​មាន​ចុះហត្ថលេខា​ថា «​ពី Valentine របស់​អ្នក​» ។

ចាប់តាំងពី​ពេល​នោះ​មក នៅ​រៀងរាល់ថ្ងៃ​ទី​១៤ កុម្ភៈ គេ​ឃើញ​មានការ​រៀបចំ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​វត្ថុ​អនុស្សាវរីយ៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក មាន​ផ្កា​កុលាប និង​ស្ករ​គ្រាប់​ជាដើម​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ស្រឡាញ់​រាប់អាន និង​ដឹងគុណ​ដល់​លោក Valentine៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ