ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះប្រល័យ​​២នាក់​ប្តីប្រពន្ធ​ ​កូន​តូចៗ​២​នាក់​លេង​ក្បែរ​នោះ​​មើល​សព​ឪពុក​­-​ម្តាយ​​ដោយ​ងឿង​ឆ្ងល់

15 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ភ្លៀង​​មួយ​មេ​​​ធំ​បាន​បង្ក​ជា​ផ្លេក​បន្ទោរ និង​រន្ទះ​គួរ​ឱ្យ​ភ័យ​ខ្លាច​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី ថ្ងៃ​ទី​១៥ មីនា ​ហើយ​បាន​​បង្ក​ឱ្យ​មាន​​សោក​នាដ​កម្ម​​​​កើត​ឡើង ដោយ​សារ​រន្ទះ​បាញ់​​បាន​ឆក់​យក​ជីវិត​២នាក់​​ប្តី​ប្រពន្ធ​​ស្លាប់​ចោល​កូន​ប្រុស​​ស្រី​២​នាក់ តែ​ក្នុង​១​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​នៅភូមិ​​​ទួលទ្រា​ ឃុំ​ត្រពាំង​សាវ ​ស្រុក​អន្លង់វែង​ ។ ជន​រង​គ្រោះ​ជា​​ប្តី​ឈ្មោះ​​ហាប់​ ហុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​និង​​ប្រពន្ធ​ឈ្មោះ​ទ្រី ស្រី​ណា អាយុ​​២១​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ​​ចំការ​មាន​កូន​២​នាក់ ​ដែល​កូន​​ច្បង​ប្រុស​​អាយុ​​៣​ឆ្នាំ និង​កូនស្រី​​ប្អូន​អាយុ​១​ឆ្នាំ។ 

ស្ត្រី​ឈ្មោះ​ឆិប សារី អាយុ​៤៥​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ​ចំការ​រស់​នៅ​​ភូមិ​-ឃុំ​​កើ​តហេតុ​ខាង​លើ និង​ត្រូវ​ជា​ម្តាយ​របស់​ជន​រង​គ្រោះ​ជា​ប្តី​​បាន​រៀប​រាប់​ឱ្យ​​កោះ​សន្តិ​ភាព​ដឹងថា ​មុន​ពេល​កើត​ហេតុ​កូន​ប្រុស​របស់​គាត់​ឈ្មោះ​​ហាប់ ហុន ​​បាន​លាង​ពាង​​​នៅ​ចំហៀង​​ផ្ទះ ព្រោះ​ដឹង​ថា ​មេឃ​ជិត​ធ្លាក់​ភ្លៀង​ហើយ​ បន្ទាប់​​មក​​ប្រពន្ធ​ឈ្មោះ​ទ្រី ស្រី​ណា​ ត្រូវ​ជា​​កូន​ប្រសា​​បាន​ឡើង​ទៅ​លើ​ផ្ទះ​ដើម្បី​យក​អង្ករ​​មក​ដាំ​បាយ​ ខណៈ​ពេល​ដើរ​ពី​​ក្រោម​ផ្ទះ​ទៅ​ដល់​កាំជណ្តើរ​ ស្រាប់​តែ​​​ភ្លៀង​​បាន​ចាប់​ផ្តើម​​ធ្លាក់​ខ្លាំងៗ​​លាយ​លំ​​នឹង​ផ្លេក​​បន្ទោរ និង​មាន​រន្ទះ​​​បន្លឺ​សំឡេង​​​គ្រាំង​ៗគួរ​ឱ្យ​​រន្ធត់​ ​លុះ​ក្រឡេក​ទៅ​មើល​​កូន​​របស់​គាត់​ដេក​ដួល​ទាំង​ពីរ​នាក់​ប្តី​-ប្រពន្ធ​​នៅ​ចម្ងាយ​ពី​គ្នា​​ប្រមាណ​៦​ម៉ែត្រ​ ចំណែក​កូន​​តូចៗ​​ទាំង​ពីរ​នាក់​​នៅ​លេង​ក្រោម​ផ្ទះ​ពុំ​​ទទួលរង​​គ្រោះ​ថ្នាក់​អ្វី​ទេ ។

ស្រ្តី​ចំណាស់​ជា​ម្តាយ​បាន​រៀប​រាប់​ទៀត​ថា ​ប​ន្ទាប់​ពី​កើត​ហេតុ​ការណ៍​រួច​មក​រូប​គាត់​បាន​ទៅ​ពិនិត្យ​មើល​​សព​កូន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​​ឃើញ​មាន​ស្នាម​ជាំ​ខ្លោច​នៅ​​លើ​ដើ​ម​ទ្រូង​ ចំណែ​ក​ផ្ទះ ឃើញ​មាន​ស្នាម​ប្រេះ​​នៅ​សសរ​​កណ្តាល​ និង​មាន​ស្នាម​បុក​​ឆ្នឹម​ផ្ទះ​រយះ​​ឈើ និង​​ដំបូល​ផ្ទះ​ធ្លុះ​ធ្លាយ​​ក្បឿង​​ទំហំ​៧​តឹក ៕