ព្រះ​រៀម​ព្រះមហាក្សត្រ​ និង​ប្រមុខ​យោធា​ថៃ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី

Sponsored

ប្រទេស​ថៃ ៖ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា ព្រះ​រៀម​របស់​ព្រះមហាក្សត្រ​ថៃ នឹង​ជា​បេក្ខជន​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​បោះ​ឆ្នោត​នា​ខែមីនា​ខាង​មុខ​នេះ ដែល​នោះ​ជា​ព្យុះ​នយោបាយ​មួយ ជម្រុញ​ប្រមុខ​របប​យោធា​ដែល​កំពុង​កាន់​អំណាច​ឲ្យ​ឈរឈ្មោះ​ដែរ​។

ការ​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ការ​ឈរឈ្មោះ​នេះ​របស់​ម្ចាស់​ក្ស​ត្រី​អង្គ​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៨​កុម្ភៈ ដែល​ជា​ការ​ប្រកួតប្រជែង​គ្នា​ជាមួយ​ប្រមុខ​យោធា​ថៃ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។

ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា​ព្រះ​ជន្ម​៦៧​ព្រះ​វស្សា នឹង​ប្រជែង​យក​តំណែង​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ស៊ី​វិល ដែល​នឹង​បង្កើត​ក្រោយ​ការ​បោះ​ឆ្នោត​សភា​ថៃ​នា​ថ្ងៃ​ទី​២៤​មីនា ក្រោម​ឈ្មោះ​គណបក្ស​មួយ​ដែល​ស្និទ្ធ​នឹង​លោក​ថា​ក់ស៊ី​ន​ស៊ី​ណា​វ៉ា​ត្រា អតីត​នាយក​រដ្ឋមន្ត្រី​កំពុង​រស់នៅ​និរទេស​ដើម្បី​គេច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​។

លោក​ស៊ី​ណា​វ៉ា​ត្រា​ជា​អ្នក​កែទម្រង់​និយម​នៅ​តែ​ត្រូវ​ក្រុម​អាមាត្យ​និង​ពួក​យោធា ចាត់ទុកជា​ការ​គំរាម​កំហែង​មួយ ចំពោះ​ព្រះ​រាជ្យ​ប​ល្ល​ង្ក ដែល​ការ​គំរាមកំហែង​នោះ ជា​ប្រភព​នៃ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០០៦ និង​ឆ្នាំ​២០១៤​ប្រឆាំង​រដ្ឋាភិបាល​របស់​ត្រកូល​ស៊ីណា​វ៉ា​ត្រា​។ ប៉ុន្តែ​ចាប់តាំងពី​ពួក​យោធា​កាន់​អំណាច​មក ព្រះមហាក្សត្រ​ភូមី​បុល​អា​ឌុ​ល​យ៉ា​ដេ​ត បាន​ចូល​ព្រះ​ទិវង្គត ហើយ​ព្រះ​បុត្រា​ព្រះ​អង្គ​មហា​វិ​ជ្ជី​រ៉ា​ឡុ​ង​កន​បាន​ឡើង​ស្នងរាជ្យ​ប​ល្ល​ង្ក​។

យោង​តាម​ពួ​ួ​ក​អ្នកវិភាគ​ថា ការ​ឈរឈ្មោះ​របស់​ព្រះ​រៀម​ព្រះមហាក្សត្រ ពុំ​អាច​សម្រេច​ដោយ​គ្មាន​ការ​ព្រមព្រៀង​របស់​ព្រះ​បរមរាជវាំង​ឡើយ ដូច្នេះ​វា​ជា​សញ្ញា​មួយ​នៃ​ការ​បែកបាក់​ពុំ​ធ្លាប់​មាន​ពី​មុន​មក ជាមួយ​ពួក​អាមាត្យ​នៃ​សម័យកាល​ព្រះ​ចៅ​ភូមី​បុល​។ ម្ចាស់​ក្ស​ត្រី​អង្គ​នោះ​ឈរឈ្មោះ​តាម​ការ​ជ្រើសរើស​របស់​គណ​បក្ស​ថៃ​រក្សា​ជាតិ​(THAI RAKSA CHART) ជា​គណបក្ស​ស្និទ្ធ​ស៊ី​ណា​វ៉ា​ត្រា​។ មេដឹកនាំ​គណបក្ស​នេះ លោក​PREECHAPOL PONGPANICH​អះអាង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ច្រើន​នាក់ ដែល​មក​ចោមរោម ការ​ចុះ​ឈ្មោះ​បេក្ខជន​ថា ការ​ជ្រើសរើស​នេះ​ពិតជា​សម​ស្រប​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​លេច​ពាក្យ​ចចាមអារ៉ាម​ពី​ការ​ឈរឈ្មោះ​របស់​ម្ចាស់​ក្ស​ត្រី​អង្គ​នោះ​។ ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា​ពុំ​បង្ហាញ​មុខជា​សាធារណៈ​ឡើយ​កាលពី​ថ្ងៃ​ទី​៨​កុម្ភៈ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​តាម​INSTAGRAM គេ​ឃើញ​ទ្រង់មាន​ព្រះ​ភ័​ត្ត្រ​ញញឹម​ពព្រាយ កាន់​ផ្កា​ពណ៌​ក្រហម​ជា​ពណ៌​របស់​ពួក​អ្នកគាំទ្រ​លោក​ស៊ី​ណា​វ៉ា​ត្រា នៅ​ឯ​ឈៀង​ម៉ៃ​នា​ភាគ​ខាងជើង​ប្រទេស​។ ពុំ​មាន​សែ​រាជវង្ស​ណា​ម្នាក់​ឈរឈ្មោះ​ដណ្ដើម​តំណែង​នាយក​រដ្ឋមន្ត្រី​ឡើយ ចាប់តាំងពី​មាន​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ពី​ឆ្នាំ​១៩៣២​មក​។

ចំណែក​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ប្រមុខ​របប​យោធា​គូស​បញ្ចា​ក់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា លោក​ទទួល​យក​ការ​ស្នើ​របស់​គណបក្ស​ផា​ឡា​ង​ប្រជា​រ៉ាត​(PHALANG PRACHARAT)​ស្និទ្ធ​យោធា ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី ក្នុង​ករណី​ដែល​គណបក្ស​នោះ​ជាប់​ឆ្នោត​សភា​។

ដូច្នេះ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​និង​ម្ចាស់​ក្ស​ត្រី​អ៊ូ​បុល​រតនា នឹង​ជា​អ្នក​ប្រជែង​គ្នា​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​។ ចលនា​ថៃ​រក្សា​ជាតិ​បង្កើត​ឡើង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដោយ​ពួក​អ្នក​ដែល​នៅ​តែ​ស្មោះត្រង់​នឹង​លោក​ថា​ក់ស៊ី​ន​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ