ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ស្រីខួច បង្ហាញទំនុកចិត្តថា នូវ ស្រីពៅ ​អាចឈ្នះការប្រកួតលើកដំបូងនៅសង្វៀន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ ស​ប្ដា​ហ៍​ក្រោយ​នេះ លោក​អ្នក​នឹង​ឃើញ​កីឡាករ កីឡាការិនី​កម្ពុជា​២​រូប​មក​ពី​ក្លិប​Cambodian Top Team…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍ ទី​១៦ ខែកុម្ភៈ ស​ប្ដា​ហ៍​ក្រោយ​នេះ លោក​អ្នក​នឹង​ឃើញ​កីឡាករ កីឡាការិនី​កម្ពុជា​២​រូប​មក​ពី​ក្លិប​Cambodian Top Team គឺ​ឡៅ ចិ​ត្រា និង​នៅ ស្រី​ពៅ បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​សង្វៀន​ដ៏​ធំ លំដាប់​ពិភពលោក ONE Championship ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​ONE: CLASH OF LEGENDS ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ នៅ ស្រី​ពៅ ដែល​ជា​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ Kun Khmer World Champion ត្រូវ​បាន​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​តារា​ប្រដាល់​ស្រី​ថៃ​ដ៏​មាន​ប្រជាប្រិយ Rika Ishige ក្នុង​ប្រភេទ​ទម្ងន់ ៥២​គីឡូក្រាម ។ បើសិនជា​នាង​មាន​សមត្ថភាព​យកឈ្នះ​ជើង​ខ្លាំង​ថៃ​រូប​នេះ​បាន​មែន នោះ​អាជីព​ជា​អ្នក​ប្រដាល់​របស់​នាង​នឹង​ឡើង​ខ្ពស់កប់ពពក​មិន​ខាន ។

បន្ទាប់​ពី​ទទួល​បាន​ពានរង្វាន់​ជា «​អ្នក​ប្រដាល់​​ស្រី​ប្រចាំឆ្នាំ​»​ពី​ការ​ប្រកួត World Lethwei Championship នៅ ស្រី​ពៅ កំពុង​ខិតខំ​ហ្វឹក​ហាត់​សម្បើម​ណាស់​ជាមួយ​កីឡាករ កីឡាការិនី​ល្បី​ៗ​នៅ​កម្ពុជា​ជា​ច្រើន​រូប ដើម្បី​កសាង​កំណត់​ត្រា​ក្នុង​អាជីព​បន្ថែម​ទៀត ។

ក្នុង​នោះ​គេ​ឃើញ វី ស្រី​ខួច ដែល​ជា​មិត្ត​ជិត​ស្និទ្ធ និង​ជា​រាមច្បង​ក្នុង​អាជីព​មួយ​នេះ​ជា​ច្រើន​ឆ្នាំ​ក៏​បាន​ចូលរួម​ជួយ​ហ្វឹកហាត់​បន្ថែម​ផង​ដែរ​។ លើស​ពី​នេះ នាង​បាន​បង្ហើប​ប្រាប់​ថា ការ​ហ្វឹកហាត់​ជាមួយ​សិស្ស​ប្អូន​នៅ ស្រី​ពៅ ដំណើរ​ការ​ទៅ​យ៉ាង​ល្អ ។ នាង​សរសើរ​ស្រី​ពៅ​ថា​៖«​ខ្ញុំ​សរសើរ​ស្រី​ពៅ ត្រង់​គាត់​ឆាប់​ចាប់​បាន​ណាស់ ហើយ​គាត់​ខំ​ទាល់តែ​ចេះ​តែ​ម្តង ។

បើ​ឲ្យ​ប្រៀប​ជាមួយ​ខ្ញុំ​វិញ គាត់​រហ័ស​ជាង​ខ្ញុំ​ឆ្ងាយ មក​ពី​គាត់​មាឌតូច​ជាង តែបើ​និយាយ​ទៅ គាត់​រហ័ស​អីចឹង​តែ​ម្តង​!» ទំនាក់ទំនង​មិត្តភាព​របស់​កីឡាការិនី​ជើងខ្លាំង​ទាំង​ពីរ​រូប​នេះ គឺ​ចាប់ផ្តើម​ពី​ឆន្ទៈ​ស្រឡាញ់​ក្បាច់គុន​ដូច​គ្នា រហូត​មក​ដល់​សព្វថ្ងៃ​ពួក​គេ​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បងប្អូន​បង្កើត ។ ស្រី​ខួច រៀបរាប់ ៖«ពេលទំនេរ​ពី​ហាត់ យើង​ទៅ​ក្រៅ​ដើរ​លេង​ជាមួយ​គ្នា ពេល​ខ្លះ​អង្គុយ​បង្អាប់​គ្នា​ចុះឡើង​។ តែ​តាម​ពិត​ទៅ ស្រី​ពៅ ហើយនឹង​ខ្ញុំ​ខុស​គ្នា​បន្តិច ។

គាត់​តែងតែ​លើកទឹកចិត្ត​ខ្ញុំ​រហូត ឯខ្ញុំ​វិញ​មិនសូវ​ចេះ​ទេ​! ខ្ញុំ​និយាយ​តាម​ត្រង់ ខ្ញុំ​អរគុណ​គាត់​ខ្លាំង​ណាស់ ពេល​ខ្ញុំ​ត្រូវការ​អ្វី​ក៏​គាត់​ជួយ​ខ្ញុំ​ដែរ ។ ពេល​ខ្លះ​យើង​អត់​មាន​លុយ​ចាយ​អី យើង​ដឹង​តែ​ចេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ចេះ​ជួយ​ឲ្យ​កម្លាំងចិត្ត​គ្នា​ជា​និច្ច ។ ម្នាក់​ៗ​ចង់​ឃើញ​គ្នា​បាន​ជោគជ័យ​ដូច​គ្នា​។​»

ប្រហែល​បី​ឆ្នាំ​មុន ស្រី​ខួច បាន​ឈ្នះ​ការ​ប្រកួត គុន​ចម្រុះ​នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: KINGDOM
OF WONDER ដែល​ធ្វើ​នៅ​រាជាណាចក្រ​កម្ពុជា ។ ចាប់តាំងពី​នោះ​មក ស្រី​ខួច មិនសូវ​បាន​ប្រកួត​គុន​ចម្រុះ​ទេ ប៉ុន្តែ​នាង​នៅ​តែ​ខិតខំ​ហ្វឹកហាត់​ជាប់លាប់ ហើយ​ក៏​បាន​ចូលរួម​ប្រកួត​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​​សាកល​ខ្លះ​ៗ​ដែរ​។

ដោយសារ នៅ ស្រី​ពៅ ត្រូវ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ឆាប់​ៗ​នេះ ស្រី​ខួច ក៏​បាន​មក​ហាត់​ជាមួយ​គ្នា​នៅ​ក្លិប Cambodian Top Team ដែរ ។ មក​ហាត់​ទីនោះ​ដោយសារ ស្រី​ខួច ជា​រាមច្បង​នៅ ONE Championship និង​មានបទពិសោធន៍​ជា​ច្រើន​ដ៏​មាន​តម្លៃ​សម្រាប់​ចែករំលែក​ដល់​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​ផង​ដែរ​។

ក្រៅពី​ជួយ​ដាស់តឿន​ផ្នែក​ស្មារតី ស្រី​ខួច ក៏​បាន​ជួយ​សិក្សា​ស្នៀត​របស់ Rika គូប្រកួត​របស់​ស្រី​ពៅ​តាម​រយៈ​វី​ដេ​អូ​ផង​ដែរ ។ ប៉ុន្តែ​នាង​ជឿជាក់​ថា ស្រី​ពៅ មាន​ប្រៀប​ច្រើន​លើ​ស្នៀត​មួយ​ចំនួន​ដែរ ។ ស្រី​ខួច​ថា គូប្រកួត​របស់​ស្រី​ពៅ ពូកែ​ចាប់​ក្រោម​ខ្លាំង អ៊ីចឹង​នាង​បាន​ប្រាប់​ស្រី​ពៅ​ឲ្យ​ប្រើ​ចំណុចខ្លាំង​របស់​គាត់ ជា​ពិសេស​ប្រើ​ដៃ​វាយ ហើយ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​គេ​ចូលចាប់​បាន ។

ប្រសិនបើ ស្រី​ពៅ អាច​ការពារ​ខ្លួន​ពី​ការ​ចូលចាប់​ក្រោម​បាន​មែន ស្រី​ខួច មាន​ជំនឿ​ចិត្ត​ថា មិត្តភក្តិ​នាង​នឹង​ទទួល​ជោគជ័យ​មិន​ខាន​។ បើ​និយាយ​ពី​ខាង​ដាល់ ខាង​ទាត់​ជើង ឬ​ប្រដាល់​តែ​ម្តង នាង​គិត​ថា Rika មិន​អាច​ប្រៀប​ជាមួយ ស្រី​ពៅ បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ